អាមេរិក និងកម្ពុជាបើកយុទ្ធនាការស្តីពីគ្រោះថ្នាក់នៃឱសថខូចគុណភាព និងក្លែងក្លាយ
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងក្រសួងសុខាភិបាល របស់រដ្ឋាភិបាលកម្ពុជា បានប្រកាសរួមគ្នា បើកយុទ្ធនាការលើកកំពស់ការយល់ដឹង ស្តីពី គ្រោះថ្នាក់នៃឱសថខូចគុណភាព និងឱសថក្លែងក្លាយ។ ពិធីកាលពីព្រឹក ថ្ងៃច័ន្ទ ទី២៧កុម្ភៈ នៅក្នុងស្ថានទូតអាមេរិក ក៏មានបង្ហាញផ្ទាំងរូបភាព ដែលត្រូវបានរៀបចំជាពិសេស ដែលបង្ហាញពីពាក្យស្លោកឈ្នះពីការប្រលងទូទាំងប្រទេស។ ផ្ទាំងរូបភាព ប្រឆាំងឱសថខូចគុណភាព និងឱកាសក្លែងក្លាយ ដែលបានទាក់ទាញការចូលរួមរបស់មនុស្សជាង ២.០០០ នាក់ នឹងត្រូវបានដាក់តាំងនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។
យុទ្ធនាការលើកកំពស់ការយល់ដឹង ស្តីពី គ្រោះថ្នាក់នៃឱសថខូចគុណភាព និងឱសថក្លែងក្លាយ ជាផ្នែកមួយនៃយុទ្ធនាការក្នុងតំបន់ ក្រោមគម្រោងគំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម ដែលជាគម្រោងនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក កម្ពុជា ឡាវ វៀតណាម និងថៃ។ នៅកម្ពុជា បានបង្កើតនូវស្លាកសញ្ញាសាធារណៈជាពិសេសមួយ ជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលត្រូវដាក់តាំងបង្ហាញនូវពាក្យស្លោកមួយ ជ្រើសរើសចេញពីការប្រកួតប្រជែង ដែលមានការចូលរួមរហូតដល់ ២.០០០ ពាក្យស្លោក។ នោះគឺ “ឱសថក្លែងក្លាយ អន្តរាយជីវិត ឱសថពិតជីវិតរស់រាន”។ ពាក្យស្លោកនេះ ត្រូវដាក់តាំងនៅបណ្តាឱសថស្ថានទូទាំងប្រទេស។
អនុប្រធានបេសកកម្មស្តីទីស្ថានទូតអាមេរិក លោក ដេវីដ រីឈែលសុស ( David Richelsoph ) បានបញ្ជាក់ថា ការក្លែងឱសថ បានធ្វើអោយអ្នកប្រើប្រាស់បាត់បង់ជំនឿទុកចិត្ត។ ម្យ៉ាងទៀត ការបន្លំផលិតផលឱសថ ឬការលួចផលិតឱសថក្លែងបន្លំ ដើម្បីចែកចាយនៅលើទីផ្សារងងឹត គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះសុខភាពសាធារណៈ។
តំណាងស្ថានទូតអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការលើកកំពស់សុវត្ថិភាពនៃការផ្គត់ផ្គង់ឱសថនៅកម្ពុជា ក៏ដូចជាសុខភាពប្រជាជនកម្ពុជាទាំងមូល។ យុទ្ធនាការជាសាធារណៈនេះ នឹងចូលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងជាសមូហភាព ដើម្បីឈានទៅលុបបំបាត់ឱសថដែលមានគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព ព្រមទាំងធ្វើអោយប្រសើរនូវគុណភាព និងភាពស័ក្តិសិទ្ធិ
នៃគ្រប់ផលិតផលឱសថទាំងឡាយ ដែលនឹងត្រូវប្រើប្រាស់ដោយមិត្តភ័ក្តិគ្រួសារ និងអ្នកជិតខាង។
ចំណែកលោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ឱសថក្លែងក្លាយ ជាបញ្ហាមួយដ៏ធំ ដែលជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេស នៅក្នុងតំបន់ និងប្រទេសទូទាំងពិភពលោកដែរ។ ប៉ុន្តែការលុបបំបាត់ឱសថក្លែងក្លាយ ជាកិច្ចការមួយដ៏លំបាក។
លោករដ្ឋលេខាធិការ បានលើកឡើងថា នៅកម្ពុជា សព្វថ្ងៃ មិនមានផ្ទះលក់ឱសថក្លែងក្លាយ ទៀតទេ។ រីឯកន្លែងបើកពិនិត្យព្យាបាលជំងឺ ក៏មានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ