អានតួអត្ថបទ
ស៊ីរី

អាមេរិក​ដក​ឯកអគ្គរដ្ឋទូត​របស់ខ្លួន​ចេញ​ពី​ទីក្រុង​ដាម៉ាស

ទំនាក់ទំនង​ការទូត​អាមេរិក និង​ស៊ីរី​បាន​ឡើងតឹង​មួយ​កម្រិតទៀត នៅពេល​ក្រសួង​ការបរទេស​អាមេរិក​បាន​ហៅ​ឯកអគ្គរដ្ឋទូត របស់ខ្លួន ឲ្យ​ចាកចេញ​ពី​ប្រទេស​ស៊ីរី។ លោក Robert Ford ដែល​ធ្លាប់​រិះគន់​ខ្លាំងៗ ដាក់​រដ្ឋាភិបាល​លោក​Bachar Al assad បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី កាលពី​ថ្ងៃ​អាទិត្យមុននេះ ក្នុងមូលហេតុ ដើម្បី សន្តិសុខ​ផ្ទាល់ខ្លួន។ ប្រតិកម្ម​តបវិញ រដ្ឋាភិបាល​ស៊ីរី​វិញ​ទើប​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ប្រចាំ​អាមេរិក ឲ្យ​ត្រលប់​ចូល​ប្រទេសវិញ នៅ​ថ្ងៃចន្ទ​ទី ២៤ តុលា ២០១១។

លោកRobert Ford​​ចូលជួប​ប្រធានាធិបតី​ស៊ីរី លោក​Bachard Al Assad​នៅ​ពេល​ចូលកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ស៊ីរី
លោកRobert Ford​​ចូលជួប​ប្រធានាធិបតី​ស៊ីរី លោក​Bachard Al Assad​នៅ​ពេល​ចូលកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ស៊ីរី ©Reuters
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ទូរទស្សន៍​រដ្ឋ​ស៊ីរី ទីក្រុង​ដាម៉ាស​បាន​ហៅ​ឯកអគ្គរដ្ឋទូត​របស់ខ្លួន​ឲ្យ​ត្រលប់​ចូល​ប្រទេស​វិញ ដើម្បី​ពិភាក្សា​បន្ទាន់ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល។ ការប្រកាស​មាន​យ៉ាងខ្លី មិន​លម្អិត។ នៅភាគី​អាមេរិក មន្រ្តីស្ថានទូត​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​បាន​និយាយ​ថា ឯក​អគ្គរដ្ឋទូត​​អាមេរិក​លោក​Robert Ford ចាកចេញ​ពី​ស៊ីរី​ជារៀងរហូត គឺ​មិន​ត្រលប់​មក​ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​ស៊ីរី​ទៀត​ទេ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​វិញ​បាន​ប្រាប់​អ្នកកាសែតថា គេ​មិន​ទាន់​ដឹងទេ​ថា តើពេលណា​លោក​ Robert Ford អាច​ត្រលប់​ទៅ ប្រទេស​ស៊ីរី​វិញ។

លោក​ Robert Ford​បាន​ចាកចេញពី​ស៊ីរី ដោយសារ​តែ​មាន​ការគំរាមកំហែង​ដ៏​គួរ​ឲ្យជឿជាក់​មួយ​ទៅ​លើ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់គាត់។ ដូច្នេះ លោក Robert Ford​អាច​ត្រលប់​ទៅ​ស៊ីរី នៅពេល​ណាដែល​អាមេរិក​វាយតម្លៃ​ឃើញថា មិន​មាន​ការគំរាម​សន្តិសុខ​ដល់​លោក​ Robert Ford​តទៅទៀត។

លោក​ Robert Ford ទើប​តែ​ទៅធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ស៊ីរី កាលពី​ខែ​មករា​ដើមឆ្នាំនេះ។ ចាប់តាំង​ពី​មាន​ចលនា​ទាមទារ នៅក្នុង​ប្រទេស​ស៊ីរី លោក Robert Ford ដែល​និយាយ​ភាសា​អារ៉ាប់​យ៉ាង​ស្ទាត់ជំនាញ បាន​ប្រជែង​បញ្ហា​ជាមួយ​រដ្ឋាភិបាល​របស់លោក​Bachar Al assad ជាញយដង ដោយ​លោក​បាន​បង្ហាញមុខ​ក្នុង​ចលនា​តវ៉ា​របស់​ក្រុមប្រឆាំង​ស៊ីរី។ លោកធ្លាប់​ចុះ​ទៅ​មើល​ប្រជាជន​ក្នុង​ទីក្រុង​ដែល​រង​ការវាយបង្រ្កាប​ខ្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី។ សកម្មភាព​គាំទ្រ​ពួកក្រុមប្រឆាំង​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ស៊ីរី និង​ពួកនិកាយ​និយម គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​មិន​ពេញចិត្តទេ។

កាលពី​ខែ​កញ្ញាមុន​នេះ លោក​ធ្លាប់​រង​ការគប់ពងមាន់ និង​ប៉េងប៉ោះ​ពី​សំណាក់​ក្រុមគាំទ្រ​រដ្ឋាភិបាល​ស៊ីរី នៅពេល​លោក​ចូល​ជួប​អ្នកតំណាង​ក្រុមប្រឆាំង។ បន្ទាប់មក គាត់ និង​មន្រ្តីទូត​អាមេរិក​ផ្សេងទៀត ត្រូវ​ជាប់គាំង មិន​អាច​ចេញពីស្ថានទូត​បាន ដោយសារ​តែ​ពួកក្រុម​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​បាន​ឡោមព័ទ្ធ​សា្ថនទូត​អាមេរិក ក្នុង​ទីក្រុង​ដាម៉ាស។

នៅក្រោយ​ឧប្បត្តិហេតុ​ទាំងអស់នេះ ប្រមុខការទូត​អាមេរិក លោកស្រី​ហ៊ីឡារី គ្លីនតុន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ការពារ​សុវត្ថិភាព​មន្រ្តីទូត​អាមេរិកាំង។ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា អាមេរិក​សង្ឃឹមទីក្រុង​ដាម៉ាស​នឹង​ឈប់​ញុះញង់​ឲ្យ​គេ​ស្អប់​លោក​ Robert Ford​តទៅទៀត។

កន្លងមក ដើម្បី​ដាក់​គំនាប​រដ្ឋាភិបាល​ស៊ីរី ឲ្យ​បញ្ឈប់​ការបង្រ្កាប​ហិង្សា​ទៅ​លើ​ប្រជាជន អាមេរិក​បាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​មេដឹកនាំ​ស៊ីរី។ នៅពេលនេះ ទំនាក់ទំនង​ការបរទេស​រវាង​អាមេរិក និង​ស៊ីរី​ក៏​កាន់តែ​ល្អក់​កករ​ទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​មិន​ទាន់​បង្ហាញ​ពី​ជម្រើស ប្រើអន្តរាគមន៍​យោធា​នៅ​ស៊ីរី ដូច​ដែល​គេ​បាន​ធ្វើ​ទៅ​ក្នុង​ប្រទេស​លីប៊ី​កន្លងមកទេ។ រហូតមកដល់​ពេលនេះ គណបក្ស​ប្រឆាំង​ស៊ីរី​នៅតែ​ចង់​ តវ៉ា​តាម​ផ្លូវ​សន្តិភាព​ដើម្បីទាមទារ ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ