អាមេរិកផ្តល់ជំនួយជាង ៣៥លានដុល្លារ សម្រាប់វិស័យសុខភាព និងអប់រំនៅកម្ពុជា

អាមេរិកបានផ្ដល់ជំនួយសរុបជាង ៣៥ លានដុល្លារ ដើម្បីជួយដល់វិស័យអប់រំ និងវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនោះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៥តុលានេះ។ ចាប់តាំងពីឆ្នាំ២០០៣ សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់វិស័យអប់រំ និងសុខាភិបាល សរុបចំនួនជាង ៣៣០ លានដុល្លារ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរបស់អាមេរិក តម្លៃជាង ៣៥ លានដុល្លារ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល នៅកម្ពុជា បានធ្វើឡើងដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ជាមួយលោក Flynn Fuller នាយកបេសកកម្ម នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ USAID ដោយមានលោក Jeff Daigle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅកម្ពុជា ចូលរួម ក្នុងនាមជាសាក្សី កាលពីរសៀលថ្ងៃទី២៥តុលា ឆ្នាំ២០១១។
លោក ហោ ណាំហុង បានចាត់ទុកជំនួយរបស់សហរដ្ឋអាមេរិក ថាសំខាន់ណាស់លើវិស័យសុខាភិបាល និងអប់រំ ពិសេសនៅជនបទ ហើយចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលជាទិសដៅ និងដែលជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ចំណែកលោក Jeff Daigle ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ជំនួយរបស់សហរដ្ឋអាមេរិកភាគច្រើន ផ្តោតលើវិស័យអប់រំ ដែលជាវិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យនេះ នឹងជួយផ្តល់ធនធានមនុស្ស សម្រាប់ប្រទេសកម្ពុជា។
ជំនួយរបស់អាមេរិក ដែលបានចុះកិច្ចព្រមព្រៀង នៅថ្ងៃនេះ ជាការចុះហត្ថលេខាលើកទី១០ ដែលសហរដ្ឋអាមេរិក បានជួយដល់កម្ពុជាលើវិស័យអប់រំ និងវិស័យសុខាភិបាល។ ចាប់តាំងពីឆ្នាំ២០០៣ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាង ៣៣០ លាន ដើម្បីជួយដល់កម្ពុជាលើវិស័យសុខាភិបាល និងអប់រំ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា ជំនួយជាង ៣០ លានដុល្លារ សម្រាប់វិស័យសុខាភិបាលនៅកម្ពុជា ត្រូវប្រើសំរាប់កាត់បន្ថយអត្រាឆ្លង និងផលប៉ះពាល់នៃជម្ងឺអេដស៍ ជម្ងឺរបេង ធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពរបស់មាតា និងទារក និងសុខភាពបន្ដពូជ ជាដើម។ ចំណែកជំនួយលើវិស័យអប់រំ ដែលអាមេរិកផ្ដល់ថវិកាចំនួនជាង ១,៥៥ លានដុល្លារ នឹងត្រូវប្រើសំរាប់គាំទ្រដល់កម្មវិធីផ្នែកអប់រំ ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការបង្រៀន និងពង្រីកលទ្ធភាពចូលសាលារៀន រួមទាំងជួយដល់ជនជាតិភាគតិច អ្នកបាត់បង់លទ្ធភាពពលកម្ម។ល។
បន្ថែមទៅលើសកម្មភាពក្នុងវិស័យសុខាភិបាល និងអប់រំ ស្ថានទូតអាមេរិក បានប្រកាសថា ទីភ្នាក់ងារ USAID ថែមទាំងជួយដល់កម្មវិធីជាច្រើនទៀត សំរាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាកម្មវិធីសិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ចល្អ និងវិមជ្ឍការ ការគ្រប់គ្រងធនធានធម្មជាតិ កំណើនសេដ្ឋកិច្ច និងការប្រឆាំងការជួញដូរមនុស្ស ជាដើម។
ទីភ្នាក់ងារ USAID រំពឹងថា នៅឆ្នាំ២០១១ អាមេរិកនឹងផ្ដល់ថវិកាសរុបចំនួន ៦៤,៨៧ លានដុល្លារសហរដ្ឋ ដល់ប្រទេសកម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ