អាមេរិកបន្តដាក់ទណ្ឌកម្មលើការនាំចូលមកពីភូមា

រដ្ឋាភិបាលស៊ីវិលភូមា បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ គួរឱ្យស្ងើចសរសើរ រហូតដល់មានការបន្ធូរបន្ថយទណ្ឌកម្មខ្លះ ពីសំណាក់សហគមន៍អន្តរជាតិ ប៉ុន្តែមិនទាន់គ្រប់គ្រាន់សមចិត្តអាមេរិកនៅឡើយទេ។ នៅល្ងាចមិញ សភាអាមេរិកទើបបានសម្រេច ដាក់ទណ្ឌកម្មមិនឱ្យមានការនាំចូលផលិតផលពីភូមា ជាបន្តទៀត។
តំណាងសភាអាមេរិកសុទ្ធតែបានទទួលស្គាល់ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលស៊ីវិល និង ស្វាគមន៍លើកទឹកចិត្តការប្តូរផ្លាស់នៅភូមា ប៉ុន្តែអាមេរិកចង់រក្សាគំនាបលើប្រទេសនេះ ឱ្យខិតខំធ្វើកំណែទម្រង់បន្ថែមទៀត តាមរយៈការអនុម័តច្បាប់ បន្តដាក់ទណ្ឌកម្មមិនឱ្យមានការនាំចូលពីភូមា មកសហរដ្ឋអាមេរិក។ ដូច្នេះការបន្តដាក់ទណ្ឌកម្មនេះ គឺជាសញ្ញាដ៏ច្បាស់លាស់មួយ ដែលអាមេរិកចង់ប្រាប់ទៅភូមា ថាក្រុងវ៉ាស៊ីនតោនទាមទារនិងចង់បានជានិច្ច ការដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការ ជាបន្ទាន់ និងទាំងស្រុង បញ្ឈប់អំពើហិង្សាជាមួយជនជាតិភាគតិច និងប្រកាន់យកការធ្វើកំណែទម្រង់ប្រជាធិបតេយ្យពិតៗ។
ជាការពិតណាស់ ដែលថា តាំងពីខែមីនា ២០១១មក រដ្ឋាភិបាលស៊ីវិលភូមា ដែលដឹកនាំដោយអតីតឧត្តមសេនីយ បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ និងបានដោះលែងអ្នកទោសនយោបាយមួយចំនួនរួមទាំងលោកស្រី អ៊ុងសានស៊ូជី ឱ្យបានចូលប្រលូកនយោបាយជាថ្មី។ ជាការឆ្លើយតប លោកប្រធានាធិបតីអាមេរិក បានផ្តល់កម្លាំងចិត្តដល់ភូមា ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកចូលធ្វើវិនិយោគប្រេង និងឧស្ម័នជាមួយក្រុមហ៊ុនរដ្ឋភូមា។
ប៉ុន្តែទោះមានការធ្វើកំណែទម្រង់ និងមានបញ្ជាពីប្រធានាធិបតីថេន សេន ក្តី ក៏អំពីហិង្សាជាមួយជនជាតិភាគតិចនៅតែមានជាបន្ត។ នៅភាគខាងជើងប្រទេស យោធារដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមជនជាតិកាឈិន ឯនៅខាងនិរតីជនជាតិ រ៉ូហ៊ីងយ៉ា (Rohingya) ជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម មិនទទួលស្គាល់ដោយរដ្ឋាភិបាល តែងទទួលរងការវាយប្រហារជារឿយៗពីសំណាក់ហ្វូងមហាជន ដែលភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ។ តំណាងអាមេរិកប្រចាំសហគមន៍អ៊ីស្លាម ដែលបានទៅធ្វើទស្សនកិច្ចនៅភូមា ពីថ្ងៃអាទិត្យ ដល់ថ្ងៃពុធម្សិលម្ង៉ៃ បានជួបជាមួយក្រុម រ៉ូហ៊ីងយ៉ា ជនជាតិភាគតិចផ្សេង ដើម្បីនិយាយអំពីប្រធានបទអប់រំ និងសិទ្ធិទទួលបានផលប្រយោជន៍សេដ្ឋកិច្ច៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ