អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

អសប​ជ្រើសរើស​​ជ័យ​លាភី​ណូបែល​ឲ្យ​ទទួល​បន្ទុក​កែ​លម្អ​​បេសកកម្ម​របស់​ក្រុម​មួកខៀវ

ដោយសារ​តែ​ការវាយប្រហារ​មាន​កាន់តែច្រើន ទៅលើ​ក្រុមមួក​ខៀវ នៅក្នុង​ពេល​ពួកគេ​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព នៅក្នុង​ប្រទេស​ជួប​សង្រ្គាម​ស៊ីវិល អង្គការ​សហប្រជាជាតិ​បាន​សម្រេចចិត្ត​ជ្រើសរើស​ជ័យលាភី​ណូបែល​សន្តិភាព​ម្នាក់ សម្រាប់​យក​មក​ធ្វើ​ជា​មេគំនិត ចាត់ចែង​កម្មវិធី​ថ្មី​មួយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បុគ្គលិក​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បាន​សុវត្ថិភាព នៅក្នុង​បេសកកម្ម​របស់​ពួកគេ។

ក្រុមមួកខៀវ ឈរជើង​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក
ក្រុមមួកខៀវ ឈរជើង​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក AFP/ASHRAF SHAZLY
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោកបាន គីមូន បាន​ផ្តល់​ការងារ​ដ៏​សំខាន់​មួយ​ទៅ​ឲ្យ​ជ័យលាភី​ណូបែល​សន្តិភាព លោក​José Ramos Horta។ អតីត​ប្រធានាធិបតី​ទីម័រ​ខាងកើត រូបនេះ មាន​តួនាទី ត្រួត​ពិនិត្យ និង​រៀបចំ​កែ លម្អ បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅលើ​ភពផែនដី។

 
លោក​បាន គីមូន​ស្វែងរក​ជំនួយ ពី​ជ័យលាភី​ណូបែល​សន្តិភាព បន្ទាប់ពី​ក្រុម​មួយខៀវ​របស់​អង្គការ​សហប្រជាជាតិ បាន​រង​ការវាយប្រហារ​កាន់​តែ​ច្រើន នៅក្នុង​ពេល​ពួកគេ​កំពុង​ធ្វើ​បេសកកម្ម​រក្សា​សន្តិភាព នៅក្នុង​ប្រទេស​ដែល​ជួប​ជម្លោះ សង្រ្គាម​ស៊ីវិល។ ជាក់ស្តែង ចាប់តាំង​ពី​មាន​វត្តមាន​នៅ​ប្រទេស​ម៉ាលី ឆ្នាំ ២០១៣ កងទ័ព​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ៣១​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ ចំណែក​ក្រុមមួកខៀវ ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​បាន​ក្រុមជីហាត​ចាប់ជំរិត​នៅក្នុង​ប្រទេស​ស៊ីរី។

នៅឆ្នាំនេះ ដោយសារ​បញ្ហា​អសន្តិសុខ ​នៅ​ប្រទេស​ស៊ីរី ប្រទេស​ហ្វីលីពីន​បាន​សម្រេច​ដកកងទ័ព​របស់ខ្លួន​ពី​ក្រុមមួកខៀវ ដែល​មាន​បេសកកម្ម តាមដាន​មើល​បទឈប់​បាញ់​នៅ​តំបន់​Golan ដែល​ស្ថិតនៅ​តាមព្រំដែន​ស៊ីរី និង​អ៊ីស្រាអែល។ ដោយសារ​តែ​ការកើនឡើង​នៃ​អំពើ​ហិង្សា និង​ការផ្លាស់ប្តូរ​របប​នយោបាយ​ដោយសារ​ការងើប​បះបោរ​របស់​ប្រជាជន ស្ទើរ​នៅគ្រប់​ជ្រុង​នៃ​ពិភពលោក បេសកកម្ម​របស់​ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រែប្រួល​មុខមាត់ ពីការ​រក្សា​សន្តិភាព ឬ​ការតាមដាន​មើល​បទឈប់បាញ់ ទៅ​ជា​ការចូលរួម​ប្រយុទ្ធ​ដោយផ្ទាល់ នៅក្នុង​សមរភូមិ ដើម្បី​រក្សា​សន្តិភាព។ ការចូលរួម​ប្រលូក​ក្នុង​សមរភូមិ​ដ៏​គ្រោះថ្នាក់ បាន​ធ្វើ​ឲ្យ​ក្រុមប្រទេស​បញ្ជូន​ក្រុមមួកខៀវ​ជាច្រើន​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ជនជាតិ​របស់ពួកគេ។

លោក​ José Ramos Horta​មាន​ភារកិច្ច ផងដែរ ផ្តល់​សន្ទុះ​ដល់​ការចូលរួម​របស់​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ។ José Ramos Horta​ដែល​បាន​ចូល​ធ្វើការងារ​តាំងពី​ដើម​សប្តាហ៍​នេះ នៅទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក បាន​និយាយ​រួច​ហើយ​ថា លោក​នឹង​ស្វែងរក​ជំនួយ គាំទ្រ​ទាំង​ផ្នែក​ថវិកា និង​កងទ័ព ពី​សំណាក់​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ដូចជា ចិន ឥណ្ឌា និង​ប្រេស៊ីល​ជាដើម ពោល​គឺ​ធ្វើយ៉ាងណា​រក្សា​សមភាព​នៃ​ការចូលរួម រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ នៅក្នងុ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ។ គេ​ត្រូវ​ស្វែងរក​ម្ចាស់ជំនួយ​ថ្មី ដើម្បី​បន្ធូរបន្ថយ​បន្ទុក​របស់​ប្រទេស​អ្នកមាន​ដែល​ជាអ្នក​បរិច្ចាគ​ច្រើន​ទៅក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​រហូតមក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ