កូរ៉េ​ខាង​ជើង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 13 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 13 សីហា 2012

អ.ស.ប.​បារម្ភ​អំពី​គ្រោះ​អត់ឃ្លាន​នៅ​កូរ៉េ​ខាង​ជើង​ក្រោយពី​មាន​គ្រោះ​ទឹកជំនន់

លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប. កំពុង​បំពេញ​ទស្សនកិច្ច ៤ថ្ងៃ នៅ​កូរ៉េ​ខាង​ត្បូង
លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប. កំពុង​បំពេញ​ទស្សនកិច្ច ៤ថ្ងៃ នៅ​កូរ៉េ​ខាង​ត្បូង
REUTERS/Kim Hong-Ji

ដោយ សេង ឌីណា

លោ​កបាន គីមូន អគ្គលេខាធិការ​អ.ស.ប. បាន​ថ្លែង​នៅថ្ងៃ​ចន្ទ​នេះ​ថា លោក​​កំពុង​មាន​ការ​បារម្ភ​ខ្លាំង​បំផុត​ ចំពោះ​វិបត្តិ​មនុស្សធម៌​នៅ​កូរ៉េ​ខាងជើង។ វិបត្តិ​នេះ​កំពុង​តែ​ចោទ​ជា​បញ្ហា​កាន់តែ​ខ្លាំង នៅក្រោយ​ពី​មាន​គ្រោះ​ទឹកជំនន់ និង​ការ​បាក់​ដី ដោយ​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង កាល​ពី​ខែ​កក្កដា​កន្លងទៅថ្មីៗ​នេះ។ លោក​បាន គីមូន ​បាន​សន្យា​​​ថា អ.ស.ប.​នឹង​បង្កើន​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ទៅ​កូរ៉េ​ខាង​ជើង ហើយ​លោក​​ក៏​កំពុង​តែ​ព្យាយាម​រក​វិធី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​កូរ៉េ​ទាំងពីរ​ផងដែរ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

13/08/2012

សេចក្តីថ្លែងការណ៍​របស់​លោក​បាន គីមូន ជុំវិញ​វិបត្តិ​មនុស្សធម៌​នៅ​កូរ៉េ​ខាងជើង​នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច នៅ​កូរ៉េ​ខាង​ត្បូង។ លោក​បាន​ គីមូន បាន​ថ្លែង​ថា អ.ស.ប. មាន​ការ​បារម្ភ​ជាពិសេស ចំពោះ​សុខភាពរបស់​កុមារ និង​គ្រោះអត់ឃ្លាន ដែល​បង្ក​ឡើង​ដោយ​គ្រោះ​រាំងស្ងួតផង និង​ដោយ​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ​ផង។
 
បើ​យោងតាម​ទិន្នន័យ​​ផ្តល់​ដោយ​បណ្តាញ​សារព័ត៌មាន​កូរ៉េ​ខាងជើង ទឹកជំនន់​កាល​ពី​ខែ​កក្កដា​កន្លងទៅនេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៦៩នាក់ បាត់ខ្លួន ៤០០​នាក់ និង​ជាង ២០ម៉ឺននាក់ ត្រូវ​បង្ខំ​ចិត្ត​ភៀសខ្លួន​ចេញ​ពី​ភូមិ​ទៅ​រក​ទីទួល។ ដី​ដាំដំណាំ​ចំនួន ៦៥០​គីឡូម៉ែត្រ​ក្រឡា​ត្រូវ​ទឹកជន់លិច​។
 
មន្រ្តី​អ.ស.ប. និង​មន្រ្តី​កាកបាទ​ក្រហម​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ បាន​ធ្វើការ​វាយតម្លៃ​ថា ប្រជាជន​នៅ​តំបន់​នោះ​ត្រូវការ​ជា​បន្ទាន់​នូវ​ទឹក​ស្អាត ចំណីអាហារ និង​ថ្នាំពេទ្យ។
 
លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​ឲ្យដឹង​ថា រហូតមកទល់ពេលនេះ ទីភ្នាក់ងារ​របស់​អ.ស.ប.​បាន​ផ្តល់​ជំនួយ​​​​ចាំបាច់ និង​បន្ទាន់​​មួយ​ចំនួន​ទៅ​កូរ៉េ​ខាងជើង​រួចហើយៗ គ្រោង​នឹង​បង្កើន​ជំនួយ​នេះ​បន្ថែម​ទៀត។
 
គួរ​បញ្ជាក់ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១​កន្លងទៅនេះ អ.ស.ប.​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា ក្នុង​ចំណោម​ប្រជាជន​កូរ៉េ​ខាងជើង​ទាំង ២៤លាន​នាក់ មាន​ប្រមាណ​ជា ៣លាន​នាក់ កំពុង​​ខ្វះខាត​ចំណីអាហារ។ គេ​សង្កេតឃើញ​ថា ប្រជាជន​កូរ៉េ​ខាងជើង​តែងតែ​ជួប​នឹង​គ្រោះអត់ឃ្លាន ដែល​បង្កឡើង​ដោយ​គ្រោះ​ធម្មជាតិ​ផង ដោយ​ការ​កាប់បំផ្លាញ​ព្រៃឈើ​អនាធិបតេយ្យ​ផង និង​ដោយ​នយោបាយ​របស់​របបដឹកនាំ​ក្រុង​ព្យុងយ៉ាងផង ដែល​បង្វែរ​ធនធាន​ប្រទេស​ ទៅ​បំប៉ន​តែ​ខាង​វិស័យ​កងទ័ព។ ក្រៅពីនេះ កូរ៉េ​ខាងជើង​ក៏​កំពុង​ទទួលរង​នូវ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ផងដែរ។
 
កាល​ពី​ខែ​កុម្ភៈ​កន្លងទៅនេះ សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​សន្យា​ផ្តល់​ជំនួយ​ជា​​ចំណីអាហារ​ចំនួន ២៤ម៉ឺន​តោន ដល់​កូរ៉េ​ខាងជើង​ ជា​ថ្នូរ​នឹង​ការ​ផ្អាក​​ជា​បណ្តោះ​អាសន្ន​ នូវ​កម្មវិធី​ផលិតមីស៊ីល និង​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ អាមេរិក​បាន​បញ្ឈប់​ជំនួយនេះ​វិញ ក្រោយ​ពី​កូរ៉េ​ខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល ក្នុង​រូបភាព​ជា​ការ​បាញ់សាកល្បង​ផ្កាយរណប កាល​ពី​ខែ​មេសា។
 
លោក​បាន គីមូន ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​ដែរ​នោះ បានឲ្យដឹង​ ​នៅថ្ងៃ​ចន្ទ​នេះ​ថា នៅពេលនេះ លោក​​ក៏​កំពុង​តែ​ព្យាយាម​​រិះរក​វិធី ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​កូរ៉េ​​ខាងជើង និង​កូរ៉េ​ខាង​ត្បូង​ដែរ៕

tags: កូរ៉េ​ខាង​ជើង
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close