អានតួអត្ថបទ
លីប៊ី

អង្គការ​សហប្រជាជាតិ​ចោទ​ក្រុមបះបោរ​លីប៊ី​ក្នុង​​បទឧក្រិដ្ឋកម្ម​សង្រ្គាម

ប្រសិន​បើ​ទាហាន​ស្ម័គ្រស្មោះ​លោក​កាដាហ្វី ទទួល​ខុសត្រូវ​លើ​ការសម្លាប់​រង្គាល និង​ទារុណកម្ម​លើ​ក្រុមប្រឆាំង​នឹង​ខ្លួន ពួកក្រុម​បះបោរ​លីប៊ី​ឯណោះវិញ ដែល​ពេលនេះ​កំពុង​គ្រប់គ្រង​លីប៊ី ក្រោយ​ជ័យជំនះ​លើ​មេផ្តាច់ការ​កាដាហ្វី ក៏​បាន​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​មិន​តិចដែរ។ គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បាន​ទម្លាក់​កំហុស​ទៅលើ​ទាហាន​បដិវត្តន៍​លីប៊ី​ក្នុង​រឿងប្រហារជីវិត​​ក្រៅ​ផ្លូវច្បាប់ ការធ្វើ​ទារុណកម្ម ការបាត់ខ្លួន​ដោយបង្ខំ និង​ការលួចឆក់ប្លន់ នៅពេល​ពួកទាហាន​បះបោរ​វាយសម្រុក​ចូល​រដ្ឋធានី ទ្រីប៉ូលី។

រដ្ឋាភិបាល​លីប៊ី​ថ្មី​ចូល​ប្រជុំ​នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​និយាយ​ពី​ស្ថានភាព​នៅលីប៊ី។
រដ្ឋាភិបាល​លីប៊ី​ថ្មី​ចូល​ប្រជុំ​នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​និយាយ​ពី​ស្ថានភាព​នៅលីប៊ី។ © REUTERS
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ផ្តួលរំលំ​មេផ្តាច់ការ​លីប៊ី​បាន​បញ្ចប់ ក្រុមឧទ្ទាម​លីប៊ី​ទទួល​បាន​ជ័យជំនះ និង​បាន​អំណាច​គ្រប់គ្រង​លីប៊ី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ជ័យជំនះ​មិនអាច​បិទបាំង​បទឧក្រិដ្ឋ​របស់ពួកគេ​បានទេ។ របាយការណ៍​កម្រាស់​២២០​ទំព័រ​ដែល​សរសេរ​ដោយ​អ្នកច្បាប់​អន្តរជាតិ​បីនាក់ បាន​លើកឡើង​ពី​ការវាយប្រហារ​យ៉ាងសាហាវ​របស់​ក្រុមបះបោរ​លីប៊ី លើទីក្រុង​Syrte ដែល​ជា​ជម្រក​ចុងក្រោយ​របស់​មេផ្តាច់ការ​កាដាហ្វី។ កងទ័ព​បដិវត្តន៍ ដែល​ចេញ​ពីក្រុមបះបោរ​លីប៊ី​បាន​បាញ់ប្រហារ​មិន​ដកដៃ​ទៅលើ​ទីក្រុង ដោយ​មិន​ខ្វល់​ពី ជីវិត​ប្រជាជន​ស៊ីវិល​ដែល​រស់នៅក្នុង​ទីក្រុងនោះ។

អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​រកឃើញ​ករណី​ប្រហាជីវិត​ជាច្រើន ទៅលើ​ទាហាន​ស្ម័គ្រ​លោក​កាដាហ្វី។ ពោលគឺ​ច្បាប់​សង្រ្គាម​មិន​ត្រូវ​បាន​គេ​គោរពឡើយ នៅក្នុង​ការប្រយុទ្ធគ្នា​នៅលីប៊ី។ រហូត​មក​ដល់​ថ្ងៃនេះ ក្រុមបះបោរ​នៅ​បន្ត​ធ្វើ​សង្រ្គាម​សងសឹក​ទៅលើ​ក្រុមមនុស្ស​ដែល​ធ្លាប់​គាំទ្រ​របប​ចាស់ និង​ក្រុមជនជាតិ​ភាគតិច​ស្បែកខ្មៅ។

ប្រធានអង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watchs បាននិយាយ​របៀប​បញ្ឆិតបញ្ឆៀងថា ប្រទេស​លោកខាងលិច​ដែល​បាន​ចងសម្ព័ន្ធ​គ្នា​បើក​ប្រតិបត្តិការយោធា​នៅលីប៊ី បាន​ស្រែកបរិហារ​ខ្លាំង​លើ​បទឧក្រិដ្ឋ​របស់​ក្រុមមេផ្តាច់ការ​កាដាហ្វី។ ប៉ុន្តែ នៅពេល​គេ​និយាយ​ពី​សកម្មភាព​ឧក្រិដ្ឋ​សង្រ្គាម​របស់​ក្រុមបះបោរ​លីប៊ី និង​រដ្ឋាភិបាល​លីប៊ី​បច្ចុប្បន្នវិញ ប្រទេស​ដែល​ធ្លាប់​អន្តរាគម​នៅលីប៊ី នៅស្ងៀម មិន​បញ្ចេញ​យោបល់​អ្វីច្រើន។

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​សោកស្តាយ​ផងដែរ ពី​កង្វះសហការ​ពី​ខាង​អាជ្ញាធរ​លីប៊ី​បច្ចុប្បន្ន។ រដ្ឋាភិបាល​លីប៊ី​បាន​បដិសេធ មិន​​ផ្តល់​របាយការណ៍​ស្តីពី​កោសល្យ​វិច័យ​លើ​សាកសព​លោក​កាដាហ្វី និង​កូនប្រុស។ កង្វះឯកសារ​ធ្វើ​ឲ្យ​អ្នកជំនាញ​មិន​អាច​វាយតម្លៃ​ថា ​លោក​កាដាហ្វី និង​កូនប្រុស​ត្រូវ​គេសម្លាប់​ដោយ​ខុសច្បាប់ ព្រោះថា ក្នុង​រូបភាព​វីដេអូ គេ​បាន​ឃើញ​លោក​កាដាហ្វី​គ្រាន់តែ​ត្រូវ​របួស ដូច្នេះ លោក​​អាច​ត្រូវ​ពួក​ទាហាន​បះបោរ​បាញ់សម្លាប់ ក្នុង​ពេល​ចាប់ខ្លួន។

ម្យ៉ាងទៀត របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ក៏​បន្ទោស​ផងដែរ​ទៅលើ​ការធ្វេសប្រហែល​ក្នុង​ការងារ​របស់​អង្គការ​អូតង់​ដែល​បាន​ទទួល​បន្ទុក​វាយប្រហារ​ផ្លូវអាកាស​នៅលីប៊ី។ គេ​បាន​បន្ទោស​អូតង់​ដែល​បាន​ទម្លាក់​គ្រាប់បែក​​ទៅលើ​ក្រុមស៊ីវីល រហូត​ធ្វើ​ឲ្យយ​ប្រជាជន​ស្លាប់ ៦០នាក់ និង​របួស ៥៥​នាក់។ នេះ​ជា​លើកទីមួយ​ដែល​បេសកកម្ម​យោធា​របស់​អូតង់ ត្រូវ​គេ​លើកយក​មក​រិះគន់ នៅក្នុង​របាយការណ៍​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ