ជប៉ុន-ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 19 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 19 សីហា 2012

ជប៉ុន​ផ្គើន​ចិន​នៅ​ប្រជុំ​កោះ​សេនកាគូ

អ្នក​ជាតិ​និយម​ជប៉ុន ដោត​ទង់ជាតិ​នៅ​លើ​កូន​កោះ Uotsuri នៃ​ប្រជុំ​កោះ​សេនកាគូ
អ្នក​ជាតិ​និយម​ជប៉ុន ដោត​ទង់ជាតិ​នៅ​លើ​កូន​កោះ Uotsuri នៃ​ប្រជុំ​កោះ​សេនកាគូ
REUTERS/Kyodo

ដោយ អៀង សុខម៉ិញ

នៅ​ព្រហាម​ថ្ងៃ​អាទិត្យ​ទី ១៩ សីហា ឆ្នាំ​២០១២នេះ សកម្មជនជាតិនិយម​ជប៉ុន​ ជាង​ដប់​នាក់​បាន​ចូល​ជាន់​ដែន​កោះ​ ទាវយូ (បើ​ហៅ​តាម​ភាសាចិន) ឬ​សេនកាគូ​ ​ឈ្មោះ​ជា​ភាសាជប៉ុន។ ប្រជុំ​កោះ​នេះ ដែល​ស្ថិត​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​កើត​ កំពុង​តែ​ក្លាយ​ទៅ​ជា​ចំណី​នៃ​ជម្លោះ​ដណ្តើម​ទឹក​ដី​រវាង​​​ប៉េកាំងនិងតូក្យូ ក្រោម​ក្រសែ​ភ្នែក​ព្រួយ​បារម្ភ​របស់​អន្តរជាតិ។
សកម្មជាតិ​និយម​ជប៉ុន​នាំ​គ្នា​ទៅកោះ​សេនកាគូ បាន​ជំរុញ​ភ្លាម​ឱ្យ​មាន​ប្រតិកម្ម​ពី​​​ខាង​ភាគី​ចិន​វិញ បាតុកម្ម​ប្រឆាំង​ជប៉ុន​ជា​ច្រើន​បាន​រៀប​ចំឡើង​ ក្នុង​ក្រុង​យ៉ាង​ហោចណាស់​៦ នៅ​ទូទាំង​ប្រទេសចិន មាន​ជាអាទិ៍ក្រុង​ ស្ហេនហ្សេន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ហុងកុង។
 

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ
 

19/08/2012

អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ ដែល​ស្ថិត​នៅ​ទីក្រុង​តូក្យូ​ កំពុង​តាម​ដាន​ស្ថានការណ៍​ឡើង​កម្តៅ​បណ្តាល​មកពី​ជម្លោះដណ្តើម​​ដែន​ដី រវាង​ចិន​និង​ជប៉ុន ដោយ​កៀក​កិត និង​ព្រួយ​បារម្ភ​បំផុត។ ក្រៅ​ពី​បាតុកម្ម​ប្រឆាំង​ជប៉ុន នៅ​តាម​ក្រុង​ធំៗ​របស់​ចិន ​តៃវ៉ាន់ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ប្រមាណ​តែ​២០០​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​មាន​ជម្លោះ​ ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ដោយ​បាន​កោះ​ហៅ​តំណាង​ការទូត​ជប៉ុន​ប្រចាំ​ក្រុង​តៃប៉ិ​ចូល​ជួប​ភ្លាម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ថា​តៃ​វ៉ាន់​មិនពេញ​ចិត្ត​នឹង​ទង្វើ​របស់​ក្រុម​សកម្មជន​ជប៉ុន​ឡើយ។

 
ដ្បិត​នៅ​ថ្ងៃ​អាទិត្យ​នេះ សកម្មជន​ជាតិ​និយម​ជប៉ុន​ជាង​ដប់​នាក់ ក្នុង​នោះ​ម្នាក់​ជា​សមាជិក​សភា​ក្រុង​តូក្យូ​ផង​ បាន​ហែល​ឆ្លង និង​ឡើង​ជាន់​ដី​ប្រជុំ​កោះ​សេនកាគូ ដើម្បី​ដោត​ទង់ជាតិ​ជប៉ុន​ ជា​ច្រើន​ឱ្យ​បក់​រវិច​ៗ ក្នុង​អត្ថន័យ​បញ្ជាក់ជា​ថ្មី​ថា​ ដែន​កោះ​នេះ​ជា​របស់​ជប៉ុន​ដោយ​មិន​អាច​ប្រកែក​បាន។
 
កាលពី​ថ្ងៃ​ពុធ​ សកម្មជន​ជាតិ​និយម​ចិន ១៤​នាក់ បាន​ដោត​ទង់​ជាតិ​ចិន​ដែរ​លើ​ប្រជុំ​ដដែល​នេះ​ ​ មុន​នឹង​ត្រូវ​ក្រុម​ឆ្មាំ​​សមុទ្ទ​ជប៉ុន​ចាប់​ខ្លួន បន្ទាប់​មក​បណ្តេញ​ចេញ​ពី​ជប៉ុន​ ទៅ​កាន់​ហុងកុង។
 
ថ្ងៃ​នេះ​ក្រុម​ឆ្មាំ​សមុទ្ទ​ជប៉ុន កំពុង​ផ្ចង់​ការងារ​តាមដាន​សកម្មភាព​របស់​ក្រុម​អ្នក​ជាតិ​និយម​ជប៉ុន​ម្តង។ សកម្មជន​ជាតិ​និយម​ជប៉ុន ដែល​​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រជុំ​កោះ​សេនកាគូ​តាំង​ពី​ព្រលឹម​អុល មាន​គ្នា​សរុប​ដល់​ទៅ​ជាង​១៥០​នាក់ ជិះ​កប៉ាល​ប្រមាណជាង​២០​គ្រឿង​។ ប៉ុន្តែមាន​តែ​ជាង​​១០​នាក់ប៉ុណ្ណោះ​​បាន​ឡើង​លើ​កោះ។ ប្រធាន​សមាគមជាតិ​និយម​ជប៉ុន Gambari Nippon បាន​លោត​ពី​កប៉ាល់​ ចុះ​ទឹក​ ហែល​សំដៅ​ដី​កោះ ជាមួយ​នឹង​សម្រែក​ជ័យឃោស “ជប៉ុន​ទៅ​មុខ”។
 
រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​ហាម​ឃាត់​មុន​មក​ មិន​ឱ្យ​ក្រុម​សកម្មជន​ជាតិ​និយម​ទាំង​អស់​នៅ​ ចុះជាន់​ដែន​ដី​ប្រជុំ​កោះ​ជាប់​ជម្លោះ​ជាមួយ​ចិន​ទេ​ ព្រោះ​មិន​ចង់​បង្ហាញ​សាច់​ដុំ​​​ដាក់​​ចិន ដែល​ងាយ​នឹង​អាច​រាល​ដាល​បាន​គ្រប់​ពេលវេលា​ទៅ​ជា​ការ​ប្រឈម​មុខ​យោធា។
 
ចំណែក​សហរដ្ឋ​អាមេរិក ដែល​អាច​ចាត់​ទុក​ថា​សម្ព័ន្ធ​មិត្ត​របស់​ជប៉ុន​ម្នាក់​ដ៏​សំខាន់​នោះ អាមេរិក​បដិសេធ​មិន​គាំទ្រ​ជប៉ុន​ក្នុង​ជម្លោះ​ដែន​ដី​ដ៏​សាំញ៉ាំ​នេះ​ទេ។ អាមេរិក​ទទួល​ស្គាល់​ថា ប្រជុំ​កោះ​សេនកាគូ ពិត​ជា​ស្ថិត​ក្រោម​រដ្ឋបាល​ជប៉ុន ប៉ុន្តែ​អាមេរិក​រក្សា​សិទ្ធិ​មិន​និយាយ​ថា​ប្រជុំ​កោះ​នោះ​ជា​បូរណភាព​ដែនដី​ជប៉ុន​ទេ៕

 

tags: ចិន - ជប៉ុន - ជម្លោះព្រំដែន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close