អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិន​និង​កោះតៃវ៉ាន់​នឹង​ឈាន​ទៅ​ធ្វើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា?

ប្រធានាធិបតី​តៃវ៉ាន់ លោក​Ma Ying Jeou​បាន​លើកឡើង នៅថ្ងៃ​ចន្ទ ទី ១៧ តុលា ថា កោះតៃវ៉ាន់​នឹង​អាច​ពិចារណា​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ចិន​ដីគោក ប៉ុន្តែ ក្នុង​លក្ខខណ្ឌ ដែល​ចិន​យល់ព្រម​ដក​គ្រាប់មីស្ស៊ីល ដែលពេលនេះ​កំពុង បែរតម្រង់​ទិស​ទៅ​រក​កោះ​តៃវ៉ាន់។ នេះ​ជា​លើកទីមួយ​ដែល​គេ​លឺ​តៃវ៉ាន់​និយាយ​ពី​សន្ធិសញ្ញា​សន្តិភាព ជាមួយចិន ប៉ុន្តែ តៃវ៉ាន់ នៅតែ​បដិសេធ​មិន​ធ្វើការរួបរួម​ជាមួយ​ចិន​តែមួយទេ។

លោក​ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou
លោក​ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ចាប់តាំងពី​លោក​ Ma Ying Jeou​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់ នៅឆ្នាំ២០០៨ ចិន និង​តៃវ៉ាន់ លែងសូវ​ប្រឈមមុខ​ដាក់គ្នាខ្លាំង ដូចមុន។ ចិន និង​តៃវ៉ាន់​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ហើយ​កាន់តែ​ប្រសើរ​ឡើង ដោយមកពី​ប្រធានាធិបតី​តៃវ៉ាន់ បច្ចុប្បន្ន​បាន​ដើរយុទ្ធសាស្រ្ត​នយោបាយ​ទន់ភ្លន់ គឺ​តៃវ៉ាន់ មិន​ប្រកាស​ឯករាជ្យ និងមិន​ប្រើប្រាស់​កម្លាំង​អាវុធ​ដើម្បី​ប្រឆាំង​នឹង​ចិន។ ជាមួយ​ចិន តៃវ៉ាន់​និយាយ​តែ​ពីការ​វិនិយោគ ដែលមាន​តម្លៃ ១០០ពាន់​លាន​ដុល្លារ និង​ការដោះដូរ​សេដ្ឋកិច្ច​កោះតៃវ៉ាន់​មាន​កាន់តែច្រើន​ជាមួយ​ចិន​ដីគោក។

ប៉ុន្តែ កាលពី​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​Ma បានលើកឡើង​ពី​លទ្ធភាព​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ចិន។ សន្ធិសញ្ញា​សន្តិភាព​មិន​មែន​មាន​ន័យថា តៃវ៉ាន់​រួបរួម​ចូល​ជាមួយ​ចិនដីគោកទេ តែវា ជាការធានាឲ្យ​មាន​សន្តិភាព​ជារៀងរហូត​ជាមួយ​ប្រទេសចិន។ លោក​ម៉ា​ត្រូវ​ធានា​ប្រជាជន​តៃវ៉ាន់​ឲ្យ​កក់ក្តៅ​ក្នុង​ចិត្តឡើងវិញ ព្រោះថា កន្លងមក គណបក្ស​ប្រឆាំង និង​ប្រជាជន​តៃវ៉ាន់​មួយ​ចំនួន​បាន​រិះគន់ថា រដ្ឋាភិបាល​តៃវ៉ាន់​បច្ចុប្បន្ន​កំពុង​ដើរ​នយោបាយ​លក់​កោះតៃវ៉ាន់​ឲ្យ​ប្រទេស​ចិន។ ការលើកឡើង​របស់​លោក​ប្រធានាធិបតី​ម៉ា បាន​ធ្វើ​ឡើង នៅពេល​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ខិត​ចូលមក​ដល់ នៅ​ខែ​មករា ឆ្នាំ ២០១២​ខាងមុខនេះ ហើយ​លោក​ម៉ា​ដែលជា​បេក្ខជន​ប្រធានាធិបតី នៅចង់​បាន​សំឡេងឆ្នោត​ពី​ប្រជាជន​ដើម្បី​អាច​ដឹកនាំ​តៃវ៉ាន់ មួយ​អាណត្តិទៀត។

ប្រធានាធិបតី​តៃវ៉ាន់​បាន​បញ្ជាក់​ច្បាស់​ថា តៃវ៉ាន់​នឹង​មិនធ្វើ​នយោបាយ​បង្រួបបង្រួម​ជាមួយ​ចិន។ លោក​ប្រធានាធិបតី​Ma ចង់​និយាយ​ទៅ​ដល់​ការលើកឡើង​របស់​ប្រធានាធិបតី​ចិន លោក​ហ៊ូ ជិនតាវ ដែល បាន​ថ្លែង នៅក្នុង​ឳកាស​ថ្ងៃបុណ្យ​ជាតិ រំលឹក​ខួប​១០០​ឆ្នាំ​នៃការដួលរំលំ​របប​រាជានិយម និង​ការបង្កើត​របប​សាធារណរដ្ឋចិន ថា ចិន ចង់ឲ្យ​តៃវ៉ាន់​រួបរួមគ្នា​ចិន​តែមួយ តាមផ្លូវ​សន្តិភាព ហើយ​ចិន​ត្រូវ​ពង្រឹង​ការប្រឆាំង​របស់​ខ្លួន កុំ​ឲ្យ​កោះតៃវ៉ាន់ ប្រកាស​ឯករាជ្យ។

កិច្ចព្រមព្រៀង សន្តិភាព​រវាង​ចិន​ទាំងពីរ​ដែល​លើកឡើង​ដោយ​ប្រធានាធិបតី​តៃវ៉ាន់ តែម្ខាង នឹង​មិន​អាច​ចេញទៅរួច ទេ​ដរាបណា​ជំហរនយោបាយ​ផ្ទុយគ្នា​នៅតែមាន។ ទីមួយ​កោះតៃវ៉ាន់​មិន​ចង់​បង្រួបបង្រួម​ចូល​ជាមួយ​ចិន ប៉ុន្តែ ចិន​បាន​បញ្ជាក់​តាំង​ពីណា ពីណីហើយ ថា យូរ និង​ឆាប់ នឹងធ្វើ​ឲ្យ​កោះតៃវ៉ាន់ មក​រួបរួម ចូលជាមួយ​ចិន ឲ្យ​ខាន​តែបាន បើទោះបីជា​ត្រូវប្រើកម្លាំងយោធា​ក៏ដោយ។

ម្យ៉ាងទៀត តៃវ៉ាន់​សន្យា​មិន​ប្រកាស​ឯករាជ្យ ប៉ុន្តែ ក៏​មិន​រួបរួម​ជាមួយ​ចិន។ តៃវ៉ាន់​ចង់ចុះ​ហត្ថលេខា​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ចិន ដើម្បី​បាន​សន្តិសុខ​ខ្លួនឯង និង​ចេញផុត​ពីការគំរាម​កំហែង​ផ្នែកអាវុធ​ពី​មហាអំណាចចិន ព្រោះថា រហូតមកដល់​ពេលនេះ តៃវ៉ាន់​រាប់ឃើញ​គ្រាប់មីស្ស៊ីល​ជាង ១៦០០​គ្រាប់​ដែល​គេ​តាំងបែរ​តម្រង់​ទៅ​រក​កោះតៃវ៉ាន់។

ការផ្តួចផ្តើម​របស់​តៃវ៉ាន់ មិន​ងាយ​នឹង​ចេញ​រួច ព្រោះថា តើ​អ្នកណា​ដែល​នឹង​ចុះ​ហត្ថលេខា​សន្ធិសញ្ញា​​សន្តិភាព? សម្រាប់ចិន ដែល​នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ដែនកោះ​របស់ខ្លួន តាំងពី​ដើមមក សន្ធិសញ្ញា​សន្តិភាព ធ្វើ​ឡើង​រវាង​គណបក្ស​ពីរ​របស់​ចិន ប៉ុណ្ណោះ ប៉ុន្តែ មិនមែន​ក្នុង​នាម​ប្រទេស​ពីរ​ទេ ព្រោះថា បើ​ចិន​ចុះ​ហត្ថលេខា ជាមួយ​តៃវ៉ាន់ ក្នុង​នាម​ជា​រដ្ឋមួយ នោះ​មាន​ន័យ​ដូចជា ចិន​ហ្នឹង​ទទួលស្គាល់​អធិបតេយ្យ​ភាពកោះតៃវ៉ាន់។ ចិន​ដែល​ចង់​អភិវឌ្ឍន៍សេដ្ឋកិច្ច ចង់​រក្សា​ស្ថិរភាព​នយោបាយ​ក្នុង​តំបន់ បាន​រក្សា​Statu Quoជាមួយ​តៃវ៉ាន់។ ប៉ុន្តែ បើ​ឲ្យ​ចិន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ដែល​ធ្វើ​ឲ្យ​ចិន​បាត់បង់​ទឹកដីកោះតៃវ៉ាន់ នោះចិន ប្រាកដ​ជាមិនព្រមទេ។
 

ជារួម​គេឃើញថា ចិន និង​តៃវ៉ាន់​ត្រូវគ្នា​តែពេលណា ដែល​គេ​និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច ប៉ុន្តែ បើតៃវ៉ាន់​ហ៊ាន​កម្រើក​និយាយ​ពីនយោបាយ នោះចិន​ពិត​ជាមិនអត់ឳន​ឲ្យទេ ហើយ​ការប្រឈម​ដាក់​គ្នា នៅតែ មាន​តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ