ស៊ីរី-អ.ស.ប. - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 សីហា 2012

សេចក្តី​សម្រេច​ចិត្ត​​នៃ​​មហា​សន្និបាត​​អ.ស.ប.​​ក្រោយពី​​ការលា​ឈប់​​ដោយ​​លោកកូហ្វី​​អាណាន​​

លោក​ Kofi Annan បេសកជន​ពិសេស​នៃ​អ.ស.ប.
លោក​ Kofi Annan បេសកជន​ពិសេស​នៃ​អ.ស.ប.
REUTERS/Valentin Flauraud

ដោយ សៀក សារិន

មហាសន្និបាត​នៃ​អ.ស.ប.​ត្រូវ​​បោះឆ្នោត​គាំទ្រ​នៅថ្ងៃសុក្រ​ទី៣​សីហានេះ​ សេចក្តី​សម្រេចចិត្ត​ដែល​ស្នើដោយ​ក្រុមប្រទេស​អារ៉ាប់​ ​ ដែលបាន​បរិហារ​ពី​ការទម្លាក់​គ្រាប់បែក​ដោយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ទៅលើ​ទីក្រុង​បះបោរ​ ​ ហើយ​ទាមទារ​ឲ្យ​មាន​នយោបាយ​អន្តរកាល​មួយ​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ស៊ីរី។

សេចក្តីរាយការណ៍របស់សៀក សារិន
 

03/08/2012 by សៀក សារិន

គំនិត​ផ្តួចផ្តើម​របស់​ក្រុមប្រទេស​អារ៉ាប់នេះ​គឺពិតជា​មាន​តម្លៃ​ជា​និមិត្តរូប​តែ​ប៉ុណ្ណោះ​ ​ ដោយហេតុថា​មហាសន្និបាត​មានសិទ្ធិ​ត្រឹមតែ​ឲ្យ​អនុសាសន៍​ ​ ដែល​ខុសផ្ទុយពី​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​អាច​ចេញ​សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម។​ ក៏​ប៉ុន្តែ​ យ៉ាងហោចណាស់​ក៏​សេចក្តី​សម្រេចចិត្ត​មហាសន្និបាត​នៃ​អ.ស.ប.​ បាន​បង្កើន​សម្ពាធ​ដាក់​ទៅលើ​ទីក្រុង​ដាម៉ាសដែរ​ ​ បើប្រសិនជា​សមាជិក​១៩៣​ប្រទេស​នាំគ្នា​បោះឆ្នោត​គាំទ្រ​អត្ថបទ​យ៉ាងច្រើន​លើសលុប​ ​ ដោយ​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​គ្មាន​លទ្ធភាព​ប្រើសិទ្ធិ​វេតូ​របស់ខ្លួន​នៅក្នុង​មហាសន្និបាត។​ គួរបញ្ជាក់ថា​ ​ សេចក្តី​សម្រេចចិត្ត​មហាសន្និបាត​នៃ​អ.ស.ប.​កាលពី​លើកមុន​នៅថ្ងៃទី​១៦កុម្ភៈ​កន្លងទៅ​ ​ ទទួល​បាន​ការគាំទ្រ​១៣៧សំឡេង។

 
ខុសពី​សេចក្តី​សម្រេចចិត្ត​លើកមុន​ ​ គម្រោង​សេចក្តី​សម្រេចចិត្ត​លើកនេះ​ ​ ពុំបាន​ទាមទារ​ដោយចំៗ​ ឲ្យ​ប្រធានាធិបតី​បាស្ហារ​អាស-អាស្សាដ​ចាកចេញ​ពី​មុខ​តំណែង​ ​ ឬ​ឲ្យ​ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ទីក្រុង​ដាម៉ាស​ ដូចការ​ទាមទារ​របស់​ក្រុមប្រទេស​សម្ព័ន្ធ​អារ៉ាប់​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១១​ឡើយ។
 
អត្ថបទ​នៃ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុម​ប្រទេស​អារ៉ាប់​បាន​គូស​បញ្ជាក់​ឲ្យដឹង​ពី​ក្តី​បារម្ភ​របស់​គេ​ ពាក់ព័ន្ធនឹង​អាវុធ​គីមី​របស់​បាស្ហារ​អាល-អាស្សាដ​ ​ ដោយ​ធ្វើការ​ទាមទារ​កុំឲ្យ​ទីក្រុង​ដាម៉ាស​ប្រើ​អាវុធ​គីមីនេះ​ ​ ព្រមទាំង​ឲ្យ​យកទៅ​ស្តុកទុក​នៅ​ទីកន្លែង​ប្រកប​ដោយ​សន្តិសុខ​គ្រប់គ្រាន់។​ ហើយ​ក្រុម​ប្រទេស​អារ៉ាប់​ក៏បាន​ទាមទារ​ផងទៀត​ ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​យល់ព្រម​ឲ្យ​អង្គការ​មនុស្សធម៌​អាច​ចូលជួប​ប្រជាជន​ដោយ​ងាយស្រួល។
 
ចំណែកឯ​ប្រទេស​បារាំង​ដែលជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​នៅខែសីហា​នេះ​ បាន​ផ្តល់​ការគាំទ្រ​យ៉ាងមុតមាំ​ដល់​គំនិត​ផ្តួចផ្តើម​របស់​ក្រុមប្រទេស​អារ៉ាប់។​ នេះ​បើយោងតាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ លោក​ឡូរ៉ង់​ហ្វាប៊ីយូស។
 
គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​មហាសន្និបាត​នៃ​អ.ស.ប.​ដែល​តាក់តែង​ដោយ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​និង​ប្រទេស​អារ៉ាប់​ដទៃទៀត​ ​ បាន​សម្តែង​ឲ្យ​ឃើញ​នូវ​​ការសោកស្តាយ​របស់​ពួកគេ​នៅ​ចំពោះមុខ​ “អសមត្ថភាព​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ក្នុងការ​អនុវត្តន៍​សេចក្តី​សម្រេចចិត្ត​របស់ខ្លួន”។​ ហើយ​ក្រុម​ប្រទេស​អារ៉ាប់​បាន​បរិហារ​ពី​ការប្រើ​កាំភ្លើងធំ​ ​ និង​ការ​បាញ់​ទម្លាក់​គ្រាប់បែក​ទាំងងងឹត​ងងុល​ដោយ​រថក្រោះ​និង​ទាហាន​បាស្ហារ​អាល-អាស្សាដ​ទៅលើ​ប្រជាជន​និង​ទៅលើ​ទីក្រុង​បះបោរ។​ ពួកគេ​បាន​ប្រកាស​ទាមទារ​ឲ្យ​ទីក្រុង​ដាម៉ាស​គោរព​ពាក្យសន្យា​របស់ខ្លួន​ដោយ​ត្រូវយក​ទាហាន​និង​កាំភ្លើងធំ​ទៅដាក់ទុក​ក្នុង​បន្ទាយ។
 
សេចក្តី​សម្រេចចិត្ត​របស់​មហាសន្និបាត​នៃ​អ.ស.ប.​បាន​ទាមទារ​ផងទៀត​ ចាត់តាំង​ឲ្យ​មានឡើង​នូវ​ “ស្ថាប័ន​បណ្តោះ​អាសន្ន​មួយ​តំណាង​រដ្ឋាភិបាល​រួបរួមជាតិ”​ ​ ដែលទាំងនេះ​អាចមាន​ន័យថា​ ​ បាស្ហារ​អាល-អាស្សាដ​ត្រូវចាកចេញ​ពី​មុខតំណែង​ ​ ហើយ​គេត្រូវ​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​សេរី​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

tags: ដើមបូព៌ា - ទំនាក់ទំនងអន្តរជាតិ - នយោបាយ - សម្ព័ន្ធអារ៉ាប់ - សហភាពអឺរ៉ុប - សហរដ្ឋអាមេរិក - ស៊ីរី - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close