លទ្ធផលស្តួចស្តើងនៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអសប
នៅទីក្រុង New York សម័យប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាសន្តិសុខអសបនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្តីពីវិបត្តិមនុស្សធម៌នៅប្រទេសស៊ីរី បានបិទបញ្ចប់នៅព្រឹកមិញនេះ ដោយពុំមានសេចក្តីសម្រេចចិត្តណាមួយឡើយ។ ប្រទេសទួរគីដែលកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីការហូរចូលនៃជនភៀសខ្លួនស៊ីរីនៅលើទឹកដីខ្លួនយ៉ាងសំបើមនោះ បានស្នើសុំដល់ក្រុមប្រឹក្សាសន្តិសុខអសប ឲ្យបង្កើតតំបន់ទ្រនាប់ នៅស៊ីរី សំរាប់ទទួលជនភៀសខ្លួន។ ក៏ប៉ុន្តែគំនិតរបស់ទួរគីនេះ ត្រូវបានប្រមុខការទូតនានា ជាពិសេសបារាំងនិងអង់គ្លេស យល់ឃើញថា ពិបាកនៅក្នុងការអនុវត្តន៍។នៅលើសមរភូមិ មនុស្សស្លាប់យ៉ាងតិច៧៧នាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ-នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី៕
សម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអសបនេះ ដែលស្ថិតនៅក្រោមអធិបតីភាពរបស់ប្រទេសបារាំង បានផ្តោតជាពិសេសទៅលើវិបត្តិមនុស្សធម៌នៅប្រទេសស៊ីរីដែលបានប៉ះពាល់ប្រជាជនស៊ីវិលជាច្រើនលាននាក់។ មកទល់ពេលនេះ ប្រជាជនស៊ីរី ជាង២២ម៉ឺននាក់ បានភៀសខ្លួនចូលទៅជ្រកកោននៅប្រទេសជិតខាងដើម្បីគេចពីសង្គ្រាមស៊ីវិល។
លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងដោយផ្ទាល់ទៅកាន់ឯកអគ្គរដ្ឋទូតស៊ីរី ដើម្បីរំលឹកជាថ្មីអំពី កាតព្វកិច្ចរបស់ស៊ីរីក្នុងការបើកច្រកមនុស្សធម៌មួយ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងសារមួយជូនចំពោះពលរដ្ឋស៊ីរីថា “របបលោក Bachar នឹងត្រូវដួលរលំ ប៉ុន្តែយើងនឹងមិនបោះបង់ចោលអ្នកឡើយ”។
ចំណែកតុល្យាការជាក់ស្តែងនៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអសបនេះវិញ មានតិចតួច។ ប្រទេសបារាំងនិងអង់គ្លេស បានសន្យាថានឹងបង្កើនជំនួយមនុស្សធម៌របស់គេជាបន្ថែមទៀតឲ្យដល់ស៊ីរី។ គឺ ៤លាន៥សែនដុល្លារខាងអង់គ្លេស និងជាង៦លានដុល្លារខាងបារាំង។
ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសទួរគីវិញ បានស្នើសុំបង្កើតជំរំជនភៀសខ្លួននៅក្នុងទឹកដីស៊ីរី ខណៈពេលដែលប្រជាជនស៊ីរីប្រមាណ៤០០០នាក់ភៀសខ្លួនចូលក្នុងព្រំដែនទួរគី ជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ សំណើរនេះ ត្រូវបានអ្នកទទួលខុសត្រូវរបស់អសបសម្តែងការប្រុងប្រយ័ត្នដ៏ខ្ពស់បំផុត ពីព្រោះ”ការបង្កើតតំបន់ទ្រនាប់”វាតម្រូវឲ្យមានការកេណ្ឌកម្លាំងយោធាដើម្បីការពារសន្តិសុខប្រជាជនស៊ីវិល។
ទាំងប្រទេសបារាំងនិងទាំងប្រទេសអង់គ្លេស យល់ឃើញដូចគ្នា ថា”ការបង្កើតតំបន់ទ្រនាប់” គឺជាបញ្ហាមួយដ៏សែនពិបាកក្នុងការអនុវត្តន៍។
គួរកត់សម្គាល់ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton ពុំមានវត្តមាននៅក្នុងសម័យប្រជុំអសបនេះទេ។ អវត្តមាន ដែលហាក់ដូចជាមានន័យដែរថា នៅក្នុងវិបត្តិស៊ីរីនេះសហរដ្ឋអាមេរិក លែងមានក្តីរំពឹងអ្វីទៀតឡើយលើ អសប នៅក្នុងដំណោះស្រាយវិបត្តិស៊ីរី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ