អានតួអត្ថបទ
ស៊ីរី

បាតុករ​​​ស្លាប់​​​៣​​​នាក់​​ និង​​រង​​របួស​​១៣ ​នាក់​ទៀត​​នៅ​ប៉ែកខាងត្បូងប្រទេស​

វិបត្តិ​​ស៊ីរី​​​នៅ​តែ​ ជា​បច្ចុប្បន្ន​ភាព​​ដ៏​​ក្តៅ​​គគុគ។​នៅ​​​ប្រទេស​​ស៊ីរី​ អាជ្ញាធរ​នៅ​តែ​បន្ត​ការ​វាយ​បង្ក្រាប​ទៅ​លើ​​ចលនា​ប្រឆាំង​ជានិច្ច។​ តុល្យាការ​នៃ​ចំនួន​​អ្នក​រង​គ្រោះ​​កាន់​តែ​កើន​ឡើង​​ជា​លំដាប់​ ជា​អាទិ៍​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​​ស្រ្តី​មា្នក់​ប្រហែល​ជា​ត្រូវ​​កង​កម្លាំង​ស៊ីរី​បាញ់​ស្លាប់ ​ចំណែក​​អ្នក​​គូរ​​រូប​​ថ្លុក​​ដ៏​​ល្បី​​មា្នក់​ ក៏​ត្រូវ​ទទួល​រង​ការ​ឈ្លានពាន​​ធ្វើ​​បាប​ដោយ​វាយដំ​យ៉ាង​ដំណំដែរ។ ​គ្រាន់​តែ​​​ថ្ងៃ​ពុធ​​ម្សិល​ម្ងៃ​ ប្រជាជនស៊ីវិល មាន​ស្លាប់​រហូត​ដល់​ចំនួន​១១​នាក់។ ដោយហេតុ​​ស្ថានការណ៍​​​​​ស៊ីរី​​ ​​ចុះ​ដុនដាបពេក នៅក្រុមប្រឹក្សាសន្តិសុខ បណ្តាលលោកខាងលិច បាន​ត្រៀម​​ខ្លួន​​ជា​​ស្រេច​​​ដើម្បី​​ឲ្យអសប​អនុម័ត​សេចក្តី​សម្រេចចិត្ត​មួយ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​របបលោក​ ​Bachar al Assad។

ក្រុមអ្នក​ប្រឆាំងស៊ីរី​ដែល​រស់​នៅ​ប្រទេស​ទួរគី​​លើក​​គ្រវី​​ទង់ជាតិ​​របស់​​ខ្លួន​​នា​ឱកាស​បាតុកម្ម​ប្រឆាំង​​​របប​​លោក​​ Bashar al-Assad​​នៅ​ពីក្រៅ​ស្ថានកុងស៊ុល​នៅ​ទីក្រុង​ អ៊ីស្តំប៊ូល​ ថ្ងៃ​សុក្រ​ទី​២៦​សីហា​២០១១។​
ក្រុមអ្នក​ប្រឆាំងស៊ីរី​ដែល​រស់​នៅ​ប្រទេស​ទួរគី​​លើក​​គ្រវី​​ទង់ជាតិ​​របស់​​ខ្លួន​​នា​ឱកាស​បាតុកម្ម​ប្រឆាំង​​​របប​​លោក​​ Bashar al-Assad​​នៅ​ពីក្រៅ​ស្ថានកុងស៊ុល​នៅ​ទីក្រុង​ អ៊ីស្តំប៊ូល​ ថ្ងៃ​សុក្រ​ទី​២៦​សីហា​២០១១។​ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ដោយ​សារតែ​ស្ថានការណ៍​ក្នុងប្រទេសស៊ីរី​នៅ​តែ​​ក្តៅ​គគុគ នៅ​​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​​អ.ស.ប.  បណ្តាប្រទេសលោកខាងលិច ​ប៉ុនប៉ង បញ្ចប់​ឲ្យអស់​​ការវាយបង្ក្រាប​ដ៏​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ​​ដែលកាន់តែធ្លាក់ចុះដុនដាប។ សហគមណ៍អន្តរជាតិ​ ត្រៀមជា​ស្រេច​​ដើម្បី​បង្កើន​ការ​​​ដាក់​ទណ្ឌកម្ម​​ ប្រឆាំង​នឹង​របប​លោក Bachar al Assad  ដោយ​បោះឆ្នោត​អនុម័ត​លើសេចក្តី​សំរេចចិត្ត​​មួយ​ហាម​មិន​ឲ្យ​ស៊ីរីនាំ​ប្រេងកាត​ចេញមកក្រៅប្រទេស។  ប៉ុន្តែ​នៅ​យប់​ម្សិល​មិញ​ រុស្ស៊ី និង​ចិន បាន​ធ្វើពិហិការមិនព្រម​ចូល​រូម​ក្នុង​កិច្ច​ពិភាក្សា​​ស្តីពី​វិបត្តិ ស៊ីរីនេះ។

នៅ​ក្នុង​ប្រទេស​ស៊ីរី​វិញ កង​កម្លាំង​​របប​លោក Bachar al Assad នៅតែ​បន្ត ​វាយបង្រ្កាប​ និង​​តាម​ចាប់ខ្លួន ក្រុម​អ្នក​ប្រឆាំង​​។ ​នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​ លោក Ali Ferzat ​អាយុ ៦០ឆ្នាំ ដែល​ជា​អ្នក​គូរ​រូប​ត្លុក​ល្បី​ឈ្មោះ​ម្នាក់នៅក្នុងប្រទេស​ត្រូវ បាន​ពួក​ឈ្លានពាន​៤នាក់ ​ចាប់ខ្លួន​ និង​យកទៅវាយដំ​ធ្វើបាបយ៉ាង​ធ្ងន់ធ្ងរ​​ រហូត​ដល់​បាក់ម្រាម​ដៃ​ខាង​ឆ្វេង​ពីរ បាក់ស្មា​ស្តាំ​​ និង ត្រូវ​របួស​ត្រង់​ភ្នែកឆ្វេងទៀត។ នេះបើយោង​តាម ទីភ្នាក់ងារព័ត៌មាន​ផ្លូវ​ការ​​ស៊ីរី ឈ្មោះ « Sana »​នៅថ្ងៃសុក្រនេះ ។ គួរ​បញ្ចាក់​ថា​លោក Ali Ferzat ​ត្រូវ​បាន​គេ​ស្គាល់​ ដោយសារ​តែ​រូបគំនូរ​​ របស់​គាត់​បរិហារ​ជានិច្ច ​អំពី​​​ការគាបសង្កត់ និងភាព​អយុត្តិធម៌​នៅក្នុងពិភពអារ៉ាប។​ ការវាយ​ប្រហារនេះ ក៏​ត្រូវបានរដ្ឋការអាមេរិកាំង ចាត់ទុកថា ជា​អំពើ​ថោកទាប​និងគួរឲ្យស្អប់ខ្ពើម។

អាជ្ញាធរស៊ីរី ​ កំពុងតែ ស្វែងរកតាមចាប់ខ្លួនពួកឈ្លានពានលើរូបលោក Ali Ferzat​ ដើម្បី​យក​​ទៅកាត់ទោសនៅមុខតុលាការ។ ក៏ប៉ុន្តែ ចលនាប្រឆាំងស៊ីរី ​បានចោទប្រកាន់​ទៅលើ​ សមាជិក​នៃ​ក្រសួងសន្តិសុខដែលលាក់មុខ និង ពួក​កងទ័ពជំនួយស៊ីរី​​ ថាជាអ្នក​ទទួល​ខុស​ត្រូវ​លើ​អំពើ​ឈ្លានពាន​នេះ។   
 ​
នៅឯ រដ្ឋធានីវិញ   អ្នកប្រឆាំង​ចំនួន​​១៥០ នាក់ ត្រូវ​បាន​កង​កម្លាំង​របស់​​លោក Bachar al Assad ចាប់​ខ្លួន​នៅម្សិលម្ងៃ។ ក៏បន្តែទោះបី​ជា មានការវាយបង្ក្រាប យ៉ាងណាក្តី ក៏ចលនា​ប្រឆាំង​​​​នឹង​របបលោក អាសាដ កាន់តែ​​រីក​រាល​ដាល​ធំ​ឡើងៗ​នៅ​ក្នុង​​ប្រទេស។​ ឥឡូវនេះ ​កង​​រថ​ក្រោះ​​ស៊ីរី ​បាន​វាយ​ ​ចូល​​ទៅ​ដល់​​ទី​ក្រុង​ Chouhaïl  ​ដែលស្ថិតនៅប៉ែកខាង​កើត​ប្រទេស​។

ដោយឡែក​ សកម្មជនស៊ីរី  បាន​ប្រមូលផ្តុំគ្នាជាច្រើន សិបពាន់នាក់ ដង្ហែរបាតុកម្ម​នៅ​ថ្ងៃ​សុក្រ​២៦​សីហា​នេះ ក្រោយ​ពេលសូត្រធម៌ បញ្ចប់​ថ្ងៃ​បុណ្យ​តមអាហារ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ប៉ែកខាងកើតនិង​ខាងត្បូង​ជាយទីក្រុង ដាម៉ាស ។  ពួកបាតុករចំនួន ៣ នាក់​ត្រូវ​ស្លាប់ និង ១៣ នាក់​ផ្សេងទៀត​ត្រូវរងរបួស​ នៅក្នុងការវាយប្រហារ​របស់​កងស្វ័យត្រាន​គាំទ្រ យោធា​ស៊ីរី​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ