ប្រទេសមហាឧស្សាហកម្មជួបគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ចពិភពលោក

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រមទាំងទេសាភិបាលធនាគារកណ្តាល នៃបណ្តាប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ ដែលហៅកាត់ថា ហ្សេ៧ ត្រូវជួបប្រជុំគ្នា ចាប់ពីថ្ងៃសុក្រនេះ សម្រាប់រយៈពេលពីរថ្ងៃ នៅទីក្រុងម៉ារសី (Marseille) ភាគខាងត្បូងប្រទេសបារាំង។
ផ្តល់សន្ទុះដល់សេដ្ឋកិច្ច ដោយមិនប៉ះពាល់វិបត្តិបំណុលជាតិ ជាប្រធានបទដ៏សំខាន់ ដែលនឹងត្រូវលើកមកពិភាក្សា ចាប់ពីរសៀលនេះទៅ។ ជំនួបប្រជុំមិនទាន់ទាំងចាប់ផ្តើមផង លោកប្រធានាធិបតីអាមេរិកបានដាក់គំនាបរួចជាសេ្រច ឲ្យអឺរ៉ុបបញ្ចេញសកម្មភាពប្រកបដោយថាមពល។
ក្រៅពីខិតខំរកមធ្យោបាយ បញ្ចៀសវិបត្តិសេដ្ឋកិច្ចកុំឲ្យដើរថយក្រោយ និងជួយស្រោចស្រង់សេដ្ឋកិច្ចពិភពលោក កុំឲ្យធ្លាក់ក្នុងវិបត្តិជាថ្មី ដែលក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ត្រូវជំនះឲ្យបាន ក្នុងជំនួបប្រជុំពីរថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃបណ្តាប្រទេស បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក ក៏ត្រូវពិភាក្សាដោះស្រាយអំពីវិបត្តិបំណុលជាតិ នៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូផងដែរ។ នៅថ្ងៃស្អែក កិច្ចប្រជុំនឹងឧទ្ទិស ទៅលើផែនការជួយបណ្តាប្រទេសដែលបានឆ្លងកាត់បដិវត្តអារ៉ាប់។
ជំនួបប្រជុំថ្ងៃនេះ ស្ថិតក្រោមការតាមដានយ៉ាងកៀកកិតជាពិសេស ពីសំណាក់ទីផ្សារហិរញ្ញវត្ថុ ព្រោះក្តីព្រួយបារម្ភ ជុំវិញការធ្លាក់ចុះជាថ្មីនៃសេដ្ឋកិច្ចពិភពលោកកំពុងរីកធំធាត់ ជាលំដាប់។
បើតាមអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេសហ្សេ៧ មានការថយចុះជាងការគ្រោងទុក។ សេដ្ឋកិច្ចពិភពលោក ពេលនេះ កំពុងឆ្លងកាត់ឧបសគ្គ ដូច្នេះគេត្រូវនាំគ្នាផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ច ភ្លាមតែម្តង និងដោយក្តីក្លាហាន ! នេះជាសំណើរបស់លោកស្រីអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ Christine Lagarde។
ផែនការត្បិតត្បៀត សម្រាប់កាត់បន្ថយបំណុលសាធារណៈ ត្រូវតែដើរទន្ទឹមគ្នានឹងការផ្តល់សន្ទុះសេដ្ឋកិច្ច ប៉ុន្តែបើផែនការត្បិតត្បៀតមានលក្ខណៈតឹងរ៉ឹងខ្លាំងពេក វាក៏អាចជាហ្វាំងទប់សកម្មភាពសេដ្ឋកិច្ចដែរ។ នេះជាសារមួយទៀត ដែលគេចង់ដាស់តឿនសហរដ្ឋអាមេរិក និងអាល្លឺម៉ង់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










