អានតួអត្ថបទ
ចិន-សហរដ្ឋ​អាមេរិក

ទំនាក់ទំនង​សាំញ៉ាំ​រវាង​អាមេរិក និង​ចិន

លោក ហ៊ូជិនតាវ (Hu Jintao) ប្រធានាធិបតី​ចិន បាន​ចាក​ចេញ​ពី​ទីក្រុង​ប៉េកាំង​ហើយ កាលពី​ប៉ុន្មាន​ម៉ោង​នេះ ដើម្បី​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅសហរដ្ឋ​អាមេរិក រយៈ​ពេល​បួន​ថ្ងៃ។ នៅ​ថ្ងៃ​ស្អែក លោក​ ហ៊ូ ជិនតាវ នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ នៅ​សេតវិមាន ស្តី​អំពី​ប្រធានបទ​ដ៏​រសើប​មួយ​ចំនួន មាន​ជា​អាទិ៍​បញ្ហា​ប្រាក់​យ័ន យោធា សិទ្ធិមនុស្ស​ និង​នុយក្លេអ៊ែរកូរ៉េខាង​ជើង​។ល។ និង។ល។ ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​-អាមេរិក គ្រោតគ្រាត​អស់​ពេញ​មួយ​ឆ្នាំ ២០១០។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ ថ្ងៃ​ទី ១១ វិច្ឆិកា ២០១០
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ ថ្ងៃ​ទី ១១ វិច្ឆិកា ២០១០ REUTERS/Jim Young
ផ្សាយពាណិជ្ជកម្ម
05:43

បទអន្តរាគមន៍​របស់ អៀង សុខម៉ិញ

ទស្សនកិច្ច​របស់​លោក​ ហ៊ូ ជិនតាវ នៅ​សហរដ្ឋ​អាមេរិកជា​ទស្សនកិច្ច​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​បំផុត និង​ប្រុង​ប្រៀប​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ក្រៃលែង ដើម្បី​​​សាកល្បង​រឹត​​​ចំណង​​ទំនាក់ទំនង​ទ្វេភាគី​ ចិន-អាមេរិក​ ដែល​ជួប​នឹង​ភាព​អាប់​អួ​​ក្នុង​ឆ្នាំ​២០១០ ឲ្យ​ប្រសើរ​ឡើង​វិញ។

​ភាព​ចម្រូង​ចម្រាស និង​គំនិត​ខ្វែង​គ្នា​ លើ​បញ្ហា​រសើបៗ​មួយ​ចំនួន ដែល​មាន​ជាអាទិ៍​ បញ្ហា​ប្រាក់​យ័ន​ដែល​ចិន​ចង់​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ប្រាក់​អន្តរជាតិ​ដូច​ដុល្លារ បញ្ហា​កូរ៉េ​ខាង​ជើង និង​នុយក្លេអ៊ែរ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​មុន​នឹង​លោក​ ហ៊ូ ជិនតាវ ​អញ្ជើញ​ទៅ​ដល់​ក្រុង​វ៉ាស៊ីនតោន។

បើ​តាម​អ្នក​វិភាគ ទស្សនកិច្ច​នេះ ទំនង​ជា​មាន​ទម្រង់​ដូច​ជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​ចិន កាលពី​ឆ្នាំ​ ២០០៩ គឺ​មាន​ន័យ​ថា មានតែ​សេចក្តី​ថ្លែងការណ៍​ល្អៗ​ជា​លក្ខណៈ​​ទូទៅ មាន​ការ​ប្រកាស​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ប៉ុន្តែ​ទំនង​ជា​នឹង​គ្មាន​ការ​រីក​ចម្រើន​ទៅ​មុខ​លើ​ចំណុច​ធំខ្វែង​គ្នា​​ទេ។

ចំណុច​ខ្វែង​គ្នា​មិន​អាច​ដោះ​ស្រាយ​បាន​ ព្រោះ​បើ​តាម​សហរដ្ឋ​អាមេរិក គឺ​បណ្តាល​មក​ពី ភាគី​ចិន គ្មាន​ចេតនា​ពិត​ប្រាកដ និង​បង្ហាញ​កាយវិការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នាតិច​តួច​ពេក ទោះ​​​​មាន​ការ​​រិះគន់​​ជា​បន្ត​បន្ទាប់ក៏​ដោយ។

ក្នុង​ខណៈ​នេះ លោក​ ហ៊ូ ជិនតាវ មិន​អាច​ធ្វើ​សម្បទាន​អ្វី​បាន​ឡើយ ដ្បិត​នេះ​ជា​នយោបាយ​របស់​ប្រទេស​ និង​ម្យ៉ាង​ទៀត ពេល​នេះ​ជា​​អន្តរកាល។ លោក​ហ៊ូ ជិន​តាវ នឹង​បញ្ចប់​អាណត្តិ​​របស់​លោក​ នៅ​ក្នុង​ឆ្នាំ​២០១២ ដូច្នេះ​សំណុំ​រឿង​​ធំៗ និង​រសើបៗ​នឹង​ត្រូវ​ទុក​ឲ្យ​ប្រធានាធិបតី​ក្រោយ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ