លទ្ធផលស្ទង់មតិរបស់ IRI ៖ អំពើពុករលួយនៅកម្ពុជា មានកម្រិតខ្ពស់

លទ្ធផលនៃការស្ទង់មតិសាធារណជនខ្មែរ ដែលធ្វើឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI របស់សហរដ្ឋអាមេរិក បានបង្ហាញថា ក្នុងចំណោមអ្នកផ្តល់សម្ភាសន៍ ២.០០០ នាក់ គឺមាន ៦៥% បានផ្តល់ចម្លើយថា បានឃើញ ឬជួបប្រទះនូវការប្រព្រឹត្តអំពើពុករលួយ ឬការស៊ីសំណូករបស់ប៉ូលិស។ ចំណែក ៤៣% បានឆ្លើយថា ឃើញផ្ទាល់ភ្នែកនូវការប្រព្រឹត្តអំពើពុករលួយរបស់អ្នកនយោបាយ ឬមន្ត្រីរាជការ។ របាយការណ៍ដដែល បានលើកឡើងថា មានអ្នកឆ្លើយ ក្នុងកម្រិតភាគរយខ្ពស់ អះអាងថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការចាត់វិធានការបំបាត់អំពើពុករលួយ និងការស៊ីសំណូក។
លទ្ធផលស្ទង់មតិរបស់ IRI ដែលបានប្រកាស កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ បានបង្ហាញថា អ្នកផ្តល់សម្ភាសន៍ ៤៣% បានឆ្លើយថា ឃើញផ្ទាល់ការប្រព្រឹត្តអំពើពុករលួយរបស់អ្នកនយោបាយ ឬមន្ត្រីរាជការ។ ចំណែក ៦៥% ក្នុងចំណោមអ្នកផ្តល់សម្ភាសន៍ ២.០០០ នាក់ បានផ្តល់ចម្លើយថា បានឃើញ ឬជួបប្រទះនូវការប្រព្រឹត្តអំពើពុករលួយ ឬការស៊ីសំណូក របស់ប៉ូលិស។
ក៏ប៉ុន្តែរបាយការណ៍ស្ទង់មតិ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការចាត់វិធានការបំបាត់អំពើពុករលួយ និងការស៊ីសំណូក មានភាគរយខ្ពស់ ដោយអ្នកផ្តល់សម្ភាសន៍ចំនួន ៤៥% បានឆ្លើយថា រដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ណាស់ ប្រឆាំងអំពើពុករលួយ។ រីឯ ៤២% បានឆ្លើយថា រដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់គួរសមដែរ ក្នុងការប្រឆាំងអំពើពុករលួយ។
អ្នកផ្តល់សម្ភាសន៍ភាគច្រើនក៏យល់ថា អំពើពុករលួយ និងការស៊ីសំណូក រីករាលដាលកម្រិត ក្នុងរដ្ឋអំណាចថ្នាក់ឃុំស្រុកខេត្ត និងនៅរដ្ឋអំណាចថ្នាក់ជាតិ។
វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI បានធ្វើការស្ទង់មតិសាធារណជនខ្មែរ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១ ដោយសម្ភាសន៍លើពលរដ្ឋកម្ពុជា ចំនួន ២.០០០ នាក់ អាយុចាប់ពី ១៨ ឆ្នាំឡើង នៅទូទាំង ២៤ ខេត្តរាជធានី។
ការស្ទង់មតិរបស់ IRI ផ្តោតសំខាន់លើបរិយាកាសទូទៅ ទិសដៅរបស់ប្រទេស បញ្ហាពុករលួយ បញ្ហាកង្វះម្ហូបអាហារ បញ្ហានយោបាយ សាលាក្តីខ្មែរក្រហម បញ្ហាបទល្មើសក្នុងភូមិឃុំ/សង្កាត់ ដំណោះស្រាយចំពោះបទល្មើស បញ្ហាថវិកាឃុំសង្កាត់ និងការចុះឈ្មោះបោះឆ្នោត។
អំពីបញ្ហានយោបាយ IRI បានស្ទាបស្ទង់មតិ ដោយរកឃើញថា អ្នកមានអារម្មណ៍ថា ជាទូទៅថា កម្ពុជាកំពុងឆ្ពោះទៅមុខ ក្នុងទិសដៅត្រូវ មានចំនួន ៨១%។ រីឯ ៦១% បានឆ្លើយថា មិនដែលខ្វះអង្ករហូបទេ។ ចំណែក ៥៥% បានឆ្លើយថា មិនបានរងផលប៉ះពាល់អ្វីទេ នឹងទឹកជំនន់ ក្នុងអំឡុងពេលទឹកជំនន់ឆ្នាំ២០១១។
ចំណែកអ្នកផ្តល់សម្ភាសន៍ ៨៤% ក្នុងចំណោម ២.០០០ នាក់ បានឆ្លើយថា គេទំនងជាបានទៅបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។ អ្នកឆ្លើយសំណួរ ៨៩% បានអះអាងថា មិនមានការគំរាមកំហែងនយោបាយនៅភូមិឃុំសង្កាត់ទេ។
ចំពោះសាលាក្តីខ្មែរក្រហមវិញ IRI បានបង្ហាញការស្ទង់មតិថា ៧៧% នៃអ្នកផ្តល់សម្ភាសន៍ បានដឹងថា មេដឹកនាំខ្មែរក្រហមមួយចំនួន ត្រូវបានគេកំពុងកាត់ទោសពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្នុងរបបប៉ុលពត។ អ្នកយល់ថា ដំណើរការកាត់ទោស លោក ឌុច ស៊ីពេលអស់ជាង ២ ឆ្នាំ ជារយៈពេលកាត់ក្តី សមល្មម មានចំនួន ៤៩%។ រីឯ ៤៥% យល់ថា រយៈពេលកាត់ក្តី ឌុច វែងពេក៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ (5)
ម្នាក់ៗបានដឹងហើយថា
ម្នាក់ៗបានដឹងហើយថា អំពើសូកប៉ាន់អាចកើតឡើងបានដោយមានពីរភាគីចូលរួម គឺភាគីអ្នកសូក និងអ្នកទទួលសំណូក នេះជាមូលហេតុឈានទៅបង្ករូបភាពច្បាស់នៃការប្រព្រឹត្តអំពើពុករលួយ។ ហេតុនេះយើងគួររួមដៃគ្នាចូលរួមលុបបំបាត់អំពើពុករលួយតាមរយៈ បន្តការអប់រំកុំឲ្យមានវប្បធម៌សំណូក និងរាយការអំពីអំពើពុករលួយជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ http://www.acu.gov.kh/index.php?acu*@@@@*@@@*ac000=1000000018 ជាដើម។
ឮ
របាយការណ៍របស់IRI មិនអាចទុកចិត្តបាន
ការពឹងលើមតិភាគច្រើនរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចយកជាការបានទេ។ ប្រជាពលរដ្ឋដល់ទៅជាង២០%មិនចេះអានអក្សរ ប្រជាពលរដ្ឋភាគច្រើនលើសលុបមិនដែលខ្វល់ខ្វាយ
រឿងសង្គម មិនចេះទាំងបែងចែកផងថាគេជួយខ្លួនឬបោកខ្លួន យល់ថានុយជាអំណោយ យល់លាមក
ថាជាផ្កា។ អ្នកឆ្លើយថាមិនដែលឃើញអំពើពុករលួយនោះ តាមពិតទៅមិនមែនមិនដែលឃើញនោះទេគឺ
គ្រាន់តែគេមិនអាចយល់ដឹងបានថានោះជាអំពើពុករលួយ។ គេមិនអាចបែងចែកបានថាសម្ដីណាជាសម្ដី
ពិតឬបោកប្រាស់តាមរយៈការពិចារណាទេ គេគ្រាន់តែលឺអ្នកធំស្រែកថានឹងលុបបំបាត់អំពើពុករលួយ
នោះគេយល់ថាគេបានប្ដេជ្ញាចិត្តបំបាត់មែនទែនហើយ គេមិនបានពិនិត្យលទ្ធផលយ៉ាងម៉េចទេគឺតាមតែ
គេបង្វិលLA TÊTE។ គោលនយោបាយធំៗដែលរដ្ឋដាក់ទៅមិនដែលឃើញបានសម្រចទេ មុនដាក់
យ់ាងម៉េចក្រោយដាក់នៅតែដដែល រាប់ដប់ក៏បានដែរ កាប់ព្រៃឈើ ដកឡូនេសាទពីបឹងទន្លេសាប
ចែកមុងនៅតំបន់គ្រុនចាញ់ រឿងបូមខ្សាច់លក់ ឥលូវដល់ការមើលពីដីសម្បទានវិញម្ដង មុខជាខ្យល់ទៀតហើយ.......។ រយៈពេលមិនដល់ពីរខែផងរដ្ឋាភិបាលចេញវិធានការអោយ
សស្រាក់ ដូចជារឿងបឹងទន្លេសាបកាលពីខែមេសា ឥលូវរឿងដីសម្បទាននៅខែឩសភាទៀតព្រោះជិតដល់ពេលបោះឆ្នោតរើសតំណាងបក្សនៅឃុំទៀតហើយ។ ដរាបណារាស្ដ្រខ្មែរល្ងង់ហើយអាត្មានិយមបែបនេះ ដរាបនោះខ្មែរត្រូវគេបោកប្រាស់ដល់ថ្ងែ
ស្លាប់គ្រប់ៗគ្នា អត់កន្លែងនៅផងក៏មិនដឹង!
ដោយសារអំពើពុករលួយបានក្លាយជាវប
ដោយសារអំពើពុករលួយបានក្លាយជាវប្បធម៌មួយទោហើយ មនុស្សខ្មែរភាគច្រើននាសម័យនេះ មិនអាចកំណត់បានច្បាស់លាស់ទេអំពីនិយមន័យនៃអំពើពុករលួយនោះទេ។ កូនសិស្សខ្លះមិនបាន គិតថា ការបង់លុយ៥០០រៀលក្នុងសិស្សម្នាក់ ក្នុងមួយថ្ងៃឱ្យលោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋម សិក្សានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ការរៀនគួដើម្បីទទួលបានវិញ្ញាសារនៅពេល ប្រឡងឆមាស និងការផ្ដល់លាភសក្ការៈខ្លះទៀតដើម្បីទទួលបានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នក គ្រូ ថាជាអំពើពុករលួយនោះទេ។ នៅតាមស្ថាប័នរដ្ឋ ការជូនសាគុណក្រោយពីទទួលបានការចុះ ហត្ថលេខាលើឯកសារផ្សេងៗគឺជារឿងធម្មតា ពីព្រោះតែគេខិតខំធ្វើឱ្យយើង (sic)...និងរឿងជាច្រើនទៀតដែលមិនអាចបរិយាយឱ្យខ្លីបាន... នេះបានចុះជារាជាណាចក្រអច្ឆរិយៈមែន។
IRI ធ្វើការយ៉ាប់ហើយ
តាមពិតទៅសកម្មភាពពុករលួយនៅសុ្រកខ្មែរចេះពុករលួយតាំងពីអាយុ ៦ ឆ្នាំម្លេះ។ បើមិនជឿទេទៅសួរក្មេងៗសិស្សសាលានៅភ្នំពេញមើលទៅ។ បើនិយាយអោយចំទៅយុវជនខ្មែរទូទាំងប្រទេសសុទ្ធតែចេះពុករលួយទាំងអស់។ វាគ្រាន់តែពួកគេមិនយល់ថាយ៉ាងណាទើបហៅថាពុករលួយប៉ុណ្ណោះ ព្រោះភាគច្រើនពួកគេចាត់ទុកថាវាជាទម្លាប់។
ចុំ
ប្រជាជនពិតជាមានចំណេះទាប និងទទួលបានព័ត៌មានតិចតួចបំផុត
ប្រតិកម្មជុំវិញអត្ថបទនេះ