អានតួអត្ថបទ
កម្ពុជា

សៀមរាប​គឺ​ជា​ទីក្រុង​ល្អ​ប្រពៃ​ទី៧​ក្នុង​ចំណោម​ទីក្រុងល្អ​ចំនួន​១០ក្នុង​ពិភពលោក

ក្នុងចំណោម​ទីក្រុង​ទាំង​១០​ដែល​ល្អ​ប្រពៃ​ជាងគេ​ក្នុង​ពិភពលោក ទីក្រុង​បាងកក​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​មួយ។ ទីក្រុង​សៀមរាប​ស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់​ទី៧ ​និង​ទីក្រុង​ប៉ារីស​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​១០។

ប្រាសាទអង្គរវត្តនៅក្នុងក្រុងសៀមរាប
ប្រាសាទអង្គរវត្តនៅក្នុងក្រុងសៀមរាប
ផ្សាយពាណិជ្ជកម្ម

 

ទីក្រុង​សៀមរាប​ដែល​មាន​វត្តមាន​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​នោះ​ត្រូវ​បាន​ទស្សនាវដី្ត​អាមេរិកកាំង​ឈ្មោះ Travel Leisure ផ្តល់​ចំណាត់​ថ្នាក់​លេខ​៧​ក្នុងចំណោម​ទីក្រុង​ទាំង​១០​របស់​ពិភពលោក​ដែល​ល្អ​ប្រពៃ​ជាងគេ។ ចំណាត់​ថ្នាក់​នេះ​ត្រូវ​បាន​គេ​ផ្តល់​អោយ​តាមរយៈ​ការ​បោះឆ្នោត​ពី​សំណាក់​អ្នក​ចូលចិត្ត​ដើរ​កំសាន្ត​ជា​ច្រើន​ពាន់​នាក់​តាមរយៈ​ទស្សនាវដី្ត​ទេសចរណ៍​ដ៏​ល្បី​មួយ​នេះ។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ស្ទង់មតិ​នេះ​គឺ​ថា ទីក្រុង​បាងកក​ត្រូវ​បាន​គេ​អោយ​ពិន្ទុ​ជា​ទីក្រុង​ដែល​ល្អ​ប្រពៃ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ ទីក្រុង​ញ៉ូវយក​ជាប់​ចំណាត់​ថ្នាក់​លេខ​៤។ ទីក្រុង​សៀមរាប​ជាប់​ចំណាត់​ថ្នាក់​លេខ​៧​នៅ​ពីមុខ​ទីក្រុង​ប៉ារីស​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១០​ក្នុង​ចំណោម​ទីក្រុង​ឆ្នើម​ចំនួន​១០​នៅ​ក្នុង​ពិភពលោក។

លក្ខណវិនិច្ឆ័យ​សម្រាប់​ជ្រើសរើស​ទីក្រុង​ល្អ​ប្រពៃ​នេះ​ត្រូវ​បាន​គេ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ចំណុច​មួយ​ចំនួន។ ចំណុច​ទាំង​នោះ​ជា​រួម​ ៖ វប្បធម៌ សិល្បៈ ទេសភាព​ទូទៅ ប្រជាជន ភោជនីយដ្ឋាន ម្ហូបអាហារ​និង​ហាង​លក់​ទំនិញ​ជាដើម។ សម្រាប់​ទីក្រុង​សៀមរាប ចំណុច​ពិសេស​ដែល​អាច​ទទួល​បាន​ចំណាត់​លេខ​ល្អ​នេះ​គឺ​ដោយសារ​ទីក្រុង​វ័យ​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក។

លោក អាំង គីមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ទីក្រុង​ល្អ​នៅ​ក្នុង​ពិភព​លោក​នេះ​ទេ​ប៉ុន្តែ​លោក​សម្ដែង​សាទរ​ចំពោះ​ដំណឹង​នេះ។ អ្នកជំនាញ​ទេសចរណ៍​រូប​នេះ​បញ្ជាក់​ថា នេះ​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល។

សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​ទីក្រុង​សៀមរាប​ត្រូវ​បាន​ទស្សនាវដ្ដី​អាមេរិកាំង​ផ្តល់​ចំណាត់​ថ្នាក់​លេខ​៧​ក្នុងចំណោម​ទីក្រុង​ទាំង​១០​នៅ​ក្នុង​បញ្ជី​នោះ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នឹង​ប្រារព្ធ​ពិធី​ចូល​ជា​សមាជិក​នៃ​ក្លឹប​ប្រទេស​ដែល​មាន​ឆ្នេរ​សមុទ្រ​ស្អាត​និង​ល្អ​ជាង​គេ​នៅ​ក្នុង​ពិភពលោក​​នៅ​ក្នុង​ខេត្ត​កំពង់សោម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ