កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 03 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 03 តុលា 2012

លោក គង់ គាំ នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី

វីដេអូ​ខុនហ្វេរិន​គណបក្ស​សង្គ្រោះជាតិ
វីដេអូ​ខុនហ្វេរិន​គណបក្ស​សង្គ្រោះជាតិ
© RFI-​លុច

ដោយ លាង ដឺលុច

លោកសម រង្ស៊ី​បាន​សម្រេចលាលែង​ពី​គណបក្ស​សមរង្ស៊ី​ហើយ​ ដើម្បី​ទៅដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​យល់​ព្រមហើយ។ នៅ​ឯគណបក្ស​សមរង្ស៊ី​ឯណោះវិញ លោក គង់ គាំ ​នឹង​ឈឈ្មោះជា​បេក្ខភាព​ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោកស្រី​ជូឡុង សូមួរ៉ា​ ជាបេក្ខភាព​អនុប្រធាន​គណបក្ស។

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ
 

03/10/2012

 

លោក​សម រង្ស៊ី​បាន​ផ្ញើ​លិខិត​មួយ​មក​លោក​គង់ គាំ​កាល​ពី​ថ្ងៃ​ទី​២​តុលា​ម្សិលមិញ ដោយ​បញ្ជាក់​ថា លោក​សុំលាលែង​ពី​គណបក្ស​សម រង្ស៊ី។ ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​ចំថ្ងៃ​តែមួយ ដែល​ក្រសួង​មហាផ្ទៃ​បាន​ជូនដំណឹង​ជាផ្លូវការ​មក​គណបក្ស​សង្គ្រោះជាតិ​ ដែល​លោកសម រង្ស៊ី​ធ្វើ​ជាប្រធាននោះ ថាគណបក្សនេះត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ហើយ។
 
លោកគង់ គាំ​ បច្ចុប្បន្ន​ប្រធាន​ស្តី​ទី​គណបក្ស​សម រង្ស៊ី​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធនេះថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មការនាយក​របស់​គណបក្ស​សម រង្ស៊ី​បាន​ជួប​ប្រជុំ​គ្នា​រួចហើយ​ដែរ​ក្នុង​រយៈពេល​២ថ្ងៃ​កន្លងមកនេះជ្រើសរើស​បេក្ខភាព​ប្រធាន​គណបក្ស​បន្ត​ពី​លោក​សម រង្ស៊ី​នោះ។ លោកគង់ គាំ​បានបញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សម រង្ស៊ី​បាន​សម្រេច​អោយ​លោកឈ​ឈ្មោះតែ​ម្នាក់ឯង​ធ្វើ​ជា​បេក្ខជន​ប្រធាន​គណបក្ស និង​លោកស្រី ជូឡុង សូមួរ៉ា​ធ្វើជា​បេក្ខជន​អនុប្រធានគណបក្ស​សម រង្ស៊ី។ ហើយ​ថា​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​សមាជ​វិសាមញ្ញ​មួយដែលត្រូវបាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​ខាងមុខនេះ។
 
បើទោះជា​លោកសម រង្ស៊ី​អស់​សមាជិកភាព​ពី​គណបក្ស​ដែលប្រើឈ្មោះ​របស់លោក ហើយដែលលោកគឺជា​ស្ថាបនិក​មួយរូប​នោះ គណបក្ស​សម រង្ស៊ី​នៅ​មិនទាន់​សម្រេច​ថា តើ​គណបក្ស​ដែលមាន​ឈ្មោះ​សម រង្ស៊ី​នេះ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ដែរ​ ឬយ៉ាងណានោះទេ។ អនាគត​ប្រធាន​គណបក្ស​សម រង្ស៊ី​គឺលោកគង់ គាំ​បាន​ពន្យល់ថា ចំនុច​នេះ​វាអាស្រ័យ​លើ​សេចក្តី​សម្រេច​របស់​សមាជ​ថ្នាក់ជាតិ​របស់​គណបក្ស។ ប៉ុន្តែ​ បើ​ជា​គំនិត​​ផ្ទាល់ខ្លួន​របស់​លោក​នោះ លោក​ចង់​ទាមទារ​អោយ​គណបក្ស​នេះ នៅ​តែ​មាន​ឈ្មោះ​សម រង្ស៊ី​ដដែល។
 
ចំពោះ​គណបក្ស​សង្គ្រោះជាតិ​វិញ លោក សម រង្ស៊ី​​ នឹងជួប​ជាមួយ​លោក កឹម សុខា ​នៅ​ប្រទេស​អូស្ត្រាលី ​ដើម្បី​ពិភាក្សា​អំពី​រចនា​សម្ព័ន្ធនៃ​គណបក្ស​ថ្មី​នេះ នៅ​ថ្នាក់ជាតិ ថ្នាក់ខេត្ត និង​ថ្នាក់​មូលដ្ឋាន​បន្ត​ទៀត៕

 

tags: កម្ពុជា - គណបក្សនយោបាយ - សម រង្ស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close