តើបេក្ខជនណាដែលអនុគ្រោះជាងសម្រាប់ម៉ូស្គូ
នេះជាចំណងជើងនៃប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ដែលផ្សាយជាភាសារុស្ស៊ីសម្រាប់អ្នកអាននៅរុស្ស៊ីលេខថ្ងៃទី២៣មេសានេះ។ ក្រោយពីដឹងថាជាលទ្ធផលនៃការបោះឆ្នោតជុំទី១ម្សិលមិញគឺ លោក នីកូឡា សាកូហ្ស៊ីខាងបក្ស UMP និន្នាការស្តាំនិងគូប្រជែងគាត់លោក ហ្វ្រង់ស័រ ហូឡង់ ខាងបក្សសង្គមនិយមនិន្នាការឆ្វេង ត្រូវទៅប្រជែងគ្នាក្នុងជុំទី២ ដើម្បី ដណ្តើមយកតំណែងកំពូលជាប្រធានាធិបតីបារាំងសម្រាប់អាណត្តិ៥ឆ្នាំទៅមុខ BBC បាន ស្រង់យកមតិបេក្ខជនទាំងពីរនាក់នោះអំពីប្រទេសរុស្ស៊ីមកធ្វើការប្រៀបធៀប។
ការបោះឆ្នោតផ្តាច់ព្រ័ត្រ ជុំទី២នៅស្រុកបារាំងក្នុងថ្ងៃទី៦ឧសភា គឺធ្លាក់ចំកាលបរិច្ឆេត កាលដែលនៅសល់តែមួយថ្ងៃប៉ុណ្ណោះ ដល់ពេលដែលលោកពូទីន ត្រូវទទួលសច្ចាប្រណិធាន ក្នុងវិមានក្រេមឡាំងក្រុងម៉ូស្គូដើម្បីឡើងកាន់តំណែងជាប្រធានាធិបតីថ្មីនៅរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ដែលផ្សាយជាភាសារុស្ស៊ីសម្រាប់អ្នកអាននៅរុស្ស៊ី បាន រំលឹកថា គឺ លោកនីកូឡា សាកូហ្ស៊ីដែលក្នុងតំណែងខ្លួនជាប្រធានាធិបតីបារាំងនៅឡើយ បានថ្លែងថា លោកពូទីនដែលឈ្នះឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី កាលពីថ្ងៃទី៤មីនាកន្លងទៅគឺឈ្នះដោយត្រឹមត្រូវតាមច្បាប់។ តាមប្រសាសន៍លោក សាកូហ្ស៊ីគឺដោយសារ
“ ដៃដ៏រឹងមាំដូចដែក” របស់លោកពូទីនដែលនៅរុស្ស៊ី មានស្តារបានឡើងវិញរចនាសម្ព័ន្ធរដ្ឋ និងបំផុសបំផុលខឿនសេដ្ឋកិច្ចបានដូចចិត្ត។
BBC ក៏ស្រង់ចេញពីទស្សនាវដ្តីបារាំង Le Nouvel Observateur នូវសំដីលោក សាកូហ្ស៊ី ដែល ថា “ តួនាទីបារាំងគឺនៅត្រង់ជួយលើកទឹកចិត្តរុស្ស៊ី ឲ្យចល័តទៅមុខតាមផ្លូវនេះ មិនមែនចេះ តែទម្លាប់វ៉ៃសញ្ញាទុយ៌ស លើមហាប្រទេសនេះឡើយ ប្រទេសដែលទោះបីមានការខ្វែងគំនិត ជាមួយយើងក្តី ក៏សម្រាប់យើង គឺជាដៃគូដ៏ចម្បងទី១ ទេតើ”។
ប៉ុន្តែ លោក សាកូហ្ស៊ី ទិតៀនរុស្ស៊ី គឺក្រោយពីរុស្ស៊ី ដោយរួមជាមួយចិន បានប្រើសិទ្ធិវេតូ អស់២ លើក នៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ខ្ទប់មិនឲ្យអនុម័តទៅកើត សេចក្តីសម្រេច ស្តីអំពីស៊ីរី។
ខុសពីលោក សាកូហ្ស៊ី បេក្ខជនខាងបក្សសង្គមនិយមបារាំង លោក ហ្វ្រង់ស័រ ហូឡង់ ឥតថ្នម សំដីទេ ដោយក្នុងបទអន្តរាគមន៍មួយបាន ”ចោទរុស្ស៊ី ថាចូលដៃជាមួយប្រធានាធិបតីអាសាដ ក្នុងការសម្លាប់រង្គាលនៅស៊ិរី”។ ប៉ុន្តែ ព្រមជាមួយនេះ លោក ហ្វ្រង់ស័រ ហូឡង់ក៏ថ្លែងដែរថា ទោះយ៉ាងណាក្តី ក៏ជាមួយរុស្ស៊ី នៅតែអាចមានទំនាក់ទំនងជាដៃគូ ផងដែរ។
តាមមតិនយោបាយវិទូបារាំងខ្លះ បើលោក ហ្វ្រង់ស័រ ហូឡង់ឈ្នះឆ្នោត នោះ សហប្រតិបត្តិការ របស់បារាំងជាមួយរុស្ស៊ី នឹងថយចុះ ទាបជាង ជាមួយប្រធានាធិបតីបារាំង សព្វថ្ងៃ។
ចំណែករដ្ឋអំណាចរុស្ស៊ីតែងថ្លែងថា លទ្ធផលនៃកាបោះឆ្នោតប្រធានាធិបតីនៅបារាំងមិនអាច ជះឥទ្ធិពលអ្វីណាមកលើ លក្ខណៈនៃទំនាក់ទំនង រវាងក្រុងប៉ារីស និងម៉ូស្គូឡើយ។
សេចក្តីនេះ ត្រូវបានបញ្ជាក់ ដោយលោកស្រី Valentina Matviyenko ប្រធានព្រឹទ្ធសភារុស្ស៊ី ក្នុងជំនួប ពេលថ្មីៗ ជាមួយ លោករដ្ឋមន្ត្រីការបរទេសបារាំង Alain Juppé៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ