រុស្ស៊ី-វេណេស៊ុយអេឡា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 28 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 02 មករា 2013

រុស្ស៊ី ទទួល”ភ្លើងខៀវ” ចូលទៅកាន់ អណ្តូងសម្បូណ៌ប្រេង នៅវ៉េណេស៊ុយអេឡា

លោកប្រធានាធិបតី វ៉េណេស៊ុយអេឡា  Hugo Chavez
លោកប្រធានាធិបតី វ៉េណេស៊ុយអេឡា Hugo Chavez
RFI/Keo Chhaya

ដោយ កែវ ឆាយា

លទ្ធភាព​នេះ មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ចុះ​នៅ​ក្រុង​ការ៉ាកាស ម្សិលមិញ​គឺ​កាល​ដែល​នៅ​សល់​​តែ៩​ថ្ងៃ​សោះ ដល់​ពេល​បោះឆ្នោត​ប្រធានាធិបតី​នៅ វេណេស៊ុយអេឡា ។ ឯកសារ​នេះ នឹង​ចូល​ជា​ធរមាន​លុះ​ក្រោយ​ពី​មាន​ការ​អនុម័ត​ដោយ​ប្រមុខរដ្ឋ​និង​រដ្ឋសភា​ប្រទេស​នេះ​សិន។ ចំណែក​ប្រធានាធិបតី​ឆ្វេង​និយម​សព្វ​ថ្ងៃ លោក Hugo Chavez ដែល​ស្និទ្ធ​នឹង​រុស្ស៊ី​តាម​ការ​ស្ទង់មតិ មាន​ភ័ព្វ​សំណាង គឺ​ត្រឹម​ស្មើ​និង​គូ​ប្រជែង​ស្តាំ​និយម​របស់​គាត់​ប៉ុណ្ណោះ។
 

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ
 

28/09/2012 by កែវ ឆាយា

 

កិច្ច​ព្រមព្រៀង ត្រូវ​បាន​ចុះ​ក្នុង​រដ្ឋធានី​វ៉េណេស៊ុយអេឡា រវាង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាង​ប្រេងកាត RosNeft​និង​សាជីវកម្ម​វេណេស៊ុយអេឡា Corporation Venecolana del Petroleoដើម្បី បង្កើត​​ឡើង​ជា​សហាគម​ចម្រុះ​ខាង​ជីក​យកប្រេង​នៅ​អណ្តូង​វេណេស៊ុយអេឡា Orinoko ដែល​មាន​កំណប់ ប្រេង​ដល់​ទៅ ៦.៥០០ លាន​តោន។ ក្នុង​សហាគម​ចម្រុះ​នេះ ភាគី​រុស្ស៊ី មាន​ហ៊ុន​៤០%។
 
ដើម្បី​ឲ្យ​ឯកសារ​នេះ ចូល​ជា​ធរមាន​ទៅ​កើត គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត ពី​ខាង​ប្រធានាធិបតី និង​ពី​ខាង​រដ្ឋសភា វ៉េណេស៊ុយអេឡា សិន។ តាម​ពួក​អ្នក​វិភាគ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ គឺ​កាល​ដែល​នៅ​សល់​តែ​ជាង​មួយ​សប្តាហ៍ ដល់​ពេល​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស អាមេរិក​ឡាទីន​នោះ​ដែល​លទ្ធផល​វា​ពិបាក​ត្រូវ​គេ​ទស្សន៍ទាយ​ជា​មុន។
 
បើ​ឯកសារ​នេះ ចូល​ជា​ធរមាន នោះ​ក្រុមហ៊ុន​រុស្ស៊ី RosNeft នឹង​ទទួល​លទ្ធភាព​ចូល​ទៅ​កាន់​អណ្តូង​ដ៏​សែន​សម្បូណ៌​ប្រេង​នោះ។ ហើយ​ជា​ថ្នូរ ភាគី​រុស្ស៊ី​នឹង​ផ្តល់​ប្រាក់ ១.៥០០​លាន​ដុល្លារ ឲ្យ ដៃ​គូ​វេណេស៊ុយអេឡា ខ្ចី​ប្រើ​ប្រាស់ ព្រមទាំង​នឹង​បង់​ឲ្យ​នូវ​ប្រាក់​សគុណ​១.០០០​លាន​ដុល្លារ​ថែម​ទៀត។ លុយ​នេះ នឹង​ផ្ទេរ​ទៅ​ក្នុង​គណនី របស់​ភាគី​វ៉េណេស៊ុយអេឡា​មួយ​ចំណែក​ម្តងៗ ក្នុង​ទំហំ ពី​៣០០​លាន​ទៅ​៤០០​លាន​ដុល្លារ។
 
នេះ​ជា​កិច្ច​សន្យា​ដ៏​ធំ​បំផុត ចុះ​ដោយ​ក្រុមហ៊ុន​ប្រេងកាត​រុស្ស៊ី​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ហើយ​ចុះ នេះ​សោត គឺ​នៅ​ពី​មុខ​វត្តមាន​នៃ​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Hugo Chavez ផ្ទាល់​ដែល​តាំង​ពី​គាត់​កាន់​អំណាច​ពី​ឆ្នាំ ១៩៩៩​មក​ក្នុង​ឋានៈ​​ជា​អ្នក​ដឹកនាំ​ឆ្វេង​និយម​រមែង​សត្រូវ​នឹង ស.រ.អា. ហើយ​មាន​ទំនោរ​ស្និទ្ធ​នឹង​រុស្ស៊ី។
 
ប៉ុន្តែ​សំណួរ​ដែល​ចោទ៖តើ​នរណា​ដែល​នឹង​កាន់​អំណាច​គ្រប់​គ្រង​ប្រទេស​វ៉េ​ណេ​ស៊ុយ​​អេឡា សម្រាប់​អំឡុង​ពេល ៦​ឆ្នាំ​ទៅ​មុខ? សំនួរ​នេះ​ចោទ​ឡើង គឺ​ក្រោយ​ពី​លទ្ធផល​នៃ​ការ​ស្ទាប​ស្ទង់ បង្ហាញ​ឲ្យ​ឃើញ​ថា លោក Hugo Chavez ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​៧​តុលា​ខាង​មុខ​គឺ​មាន ភ័ព្វសំណាង​ស្រដៀង​គ្នា​ទេ​តើ​នឹង​គូ​ប្រជែង​ស្តាំ​និយម​របស់​គាត់ លោក Enrike Capriles ដែល បស្ចិម​លោក​និយម​ពេញទី៕

 

tags: រុស្ស៊ី - វ៉េណេស៊ុយអេឡា
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close