អានតួអត្ថបទ
កម្ពុជា

គណបក្ស​រាជា​និយម​រួម​គ្នា​វិញ​ក្រោម​អន្តរាគមន៍​ពី​លោក ​ហ៊ុន ​សែន​

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ បាន​យល់ព្រម​រួបរួមគ្នា​ឡើ​ងវិញ​ហើយ​នៅពេលនេះ​ក្រោម​ការសម្របសម្រួល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ពិធី​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅឯ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី​ទីក្រុង​ភ្នំពេញ។ ការ​យល់​ព្រម​​រួបរួមគ្នា​របស់​គណបក្ស​អតីត​បងប្អូន​គូសត្រូវ​ទាំងពីរ​បានធ្វើ​ឡើង​ចំពេល​​ឃោសនា​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​

លោក ញឹក ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​គណប​ក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ចុះ​ហត្ថាលេខា​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោតមរាប្​ទ្ឋិ​
លោក ញឹក ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​គណប​ក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ចុះ​ហត្ថាលេខា​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោតមរាប្​ទ្ឋិ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បែកបាក់​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ គណបក្ស​រាជានិយម​ទាំងពីរ​គឺ ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ បាន​ស្រុះស្រួល​គ្នា​ដើម្បី​បង្រួបបង្រួម​គណបក្ស​រាជានិយម​ឡើងវិញ​ហើយ។ ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ និង​លោក ញ៉ឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួមគ្នា​មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​បញ្ជាក់​ពី​ការរួបរួម​គ្នា​ឡើងវិញ។

សេចក្តីប្រកាស​រួម​រវាង​គណបក្ស​ទាំងពីរ​មាន​ខ្លឹមសារ​សំខាន់​ពីរ​យ៉ាង​គឺ ទី១៖
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ យល់ព្រម​សហការគ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ក្នុងពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃទី៣មិថុនា​ខាងមុខនេះ។
និង​ទី២៖បន្ទាប់ពី​ការបោះឆ្នោត​រួចគណបក្ស​ទាំងពីរ​នឹង​រួបរួមគ្នា​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​តែមួយ​ឡើងវិញ​ដើម្បី​ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ឆ្នាំ២០១៣។ បើ​យោងតាម​បន្ទូល​របស់​ព្រះអង្គម្ចាស់នរោត្ត រណ​ឬ​ទ្ធិ ព្រះអង្គ​នឹង​យាង​ទៅធ្វើជា​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ឡើងវិញដោយមាន​ លោក​ញ៉ឹក ប៊ុនឆៃ ជា​អនុប្រធាន។

គួរ​កត់​ស​ម្គា​ល់​ថា ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស​អតីត​បងប្អូន​គូសត្រូវ​ទាំងពីរ​បានធ្វើ​ឡើង​ក្រោម​កិច្ចសម្របសម្រួល​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ពិធី​ចុះហត្ថលេខា​នៅ​ព្រឹក​មិញ​បាន​ធ្វើឡើង​នៅក្រោម​ដំបូល​វិមាន​សន្តិ​ភា​ពនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី។

ការប្រើប្រាស់​វិមាន​រដ្ឋាភិបាល​ដើម្បី​ពិធី​ចុះហត្ថលេខា​របស់​គណបក្ស​នយោបាយ​ទាំងពីរ​ត្រូវ​បាន​​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ ពន្យល់ថា គឺ​ដោយសារតែ​ហ្វ៊ុនស៊ិនប៉ិច​គឺជា​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ។

មានបន្ទូល​ទៅកាន់​ក្រុមអ្នកកាសែត ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ បាន​ហៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​អ្នករាជានិយមនិង​សីហនុ​និយម​ម្នាក់​ដែល​បាន​ដើរតួនាទី​សម្រប សម្រួល​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​គណបក្ស​រាជានិយម​រួបរួមគ្នា​ឡើងវិញ។ ព្រះអង្គ​សង្ឃឹមថា ការរួប រួម​គ្នា​ឡើងវិញ​នឹង​ផ្តល់​សន្ទុះ​ថ្មី​ដល់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​បែកបាក់​គ្នា​ចុងក្រោយ​និង​ខ្លាំងក្លា​បំផុត​កាលពី​ខែតុលា​ឆ្នាំ២០០៦។

ទីបំផុត នៅពេលដែល គណបក្ស​រាជានិយម នីមួយៗនៅសល់តែ២កៅអី​ប៉ុណ្ណោះ​នៅក្នុង​រដ្ឋសភា ពួកគេ​ក៏​វិល​រក​ផ្លូវ​រួបរួមគ្នា​វិញ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​បរិបទ​ដែល​កម្ពុជា​កំពុងដំណើរការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ