ប្រជាប្រិយភាពគ្មានគូប្រៀបរបស់អង្គសម្តេចឳដែលបានស្តែងឡើងយ៉ាងច្បាស់ខណៈដែលព្រះអង្គសោយទិវង្គតនៅពេលនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការងារសង្គមកិច្ចដែលព្រះអង្គបានបំពេញយ៉ាងសកម្មបំផុត។ តាំងពីវ័យក្មេងរហូតដល់វ័យចាស់ជរា ក្នុងជាមហាក្សត្រនិងក្នុងនាមជាអ្នកនយោបាយ សម្តេចព្រះ នរោត្តម សីហនុ បានចាត់ទុកការងារសង្គមកិច្ចជាជីវិតប្រចាំថ្ងៃរបស់ទ្រង់។ តើហេតុអ្វីបានជាសម្តេចព្រះ នរោត្តម សីហនុ ឲ្យតម្លៃខ្លាំងទៅលើការងារសង្គមកិច្ច ?
ក្នុងចំណោមសកម្មភាពរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមជាមេដឹកនាំប្រទេស ក៏ដូចជាក្នុងនាមព្រះមហាក្សត្រដែរ សកម្មភាពមួយដែលព្រះអង្គតែងបំពេញជាប្រចាំ គឺការងារសង្គមកិច្ច។ ការជីកស្រះ អណ្តូងទឹក សង់សាលារៀន មណ្ឌលសុខភាព រហូតដល់សង់ផ្ទះជូនជនក្រីក្រ... ជាអ្វីដែលគេបានឃើញចាប់តាំងពីព្រះអង្គលេចមុខមាត់ក្នុងសង្គម និងឆាកនយោបាយប្រទេសកម្ពុជារយៈពេល៧០ឆ្នាំចុងក្រោយនេះ។
អង្គសម្តេចឳមិនត្រឹមតែឲ្យតម្លៃទៅលើគោលនយោបាយសង្គមកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គថែមទាំងបានចុះធ្វើកិច្ចការនេះដោយផ្ទាល់ព្រះអង្គទៀតផង។ អ្នកដែលបានឃើញផ្ទាល់ ឬឯកសារនានាដែលនៅសេសសល់គឺជាតិតតាងបញ្ជាក់ពីបញ្ហានេះបាន។ ចុងក្រោយនេះ បើទោះបីជាព្រះអង្គមានវ័យកាន់តែចាស់ជរា មិនអាចយាងចុះធ្វើសកម្មភាពបាន តែសម្តេចឳ ក៏នៅតែមិនបោះបង់ការងារសង្គមកិច្ចនេះដែរ។ ព្រះអង្គសុខចិត្តបើកសម្ពោធសមិទ្ធផលនានាដូចជាស្រះទឹក ប្រឡាយទឹក ឬមណ្ឌលសុខភាពជាដើម ជានិមិត្តរូបនៅក្នុងព្រះបរមរាជវាំងតាមរយៈពិព័រណ៍រូបថតដោយអនុញ្ញាតតំណាងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីចូលរួម។
ជួនកាលទៀត ទោះជាពេលដែលព្រះអង្គគង់ប្រថាប់ព្យាបាលព្រះកាយនៅឯទីក្រុងប៉េកាំង ប្រទេសចិនក៏ដោយ ក៏ព្រះអង្គឆ្លៀតសម្ពោធសមិទ្ធផលជានិមិត្តរូបដូចនៅក្នុងព្រះបរមរាជវាំងទីក្រុងភ្នំពេញដែរ។ នេះសបញ្ជាក់ឲ្យឃើញថា ការងារសង្គមកិច្ចត្រូវបានព្រះមហាវីរក្សត្រចាត់ទុកជាការងារចម្បងនិងកិច្ចការប្រចាំថ្ងៃរបស់ព្រះអង្គមិនអាចខកខានបាន។
ជាការពិត ប្រសិនបើគេសិក្សាអំពីចរិតលក្ខណៈរបស់សម្តេចព្រះ នរោត្តម សីហនុ កាលពីទ្រង់នៅក្មេង គេពិបាកនឹងជឿណាស់ថា ព្រះអង្គអាចក្លាយជាមហាក្សត្រ និងជាអ្នកដឹកនាំ ដែល យកការងារសង្គមកិច្ច និងភាពស្និទ្ធស្នាលជាមួយប្រជារាស្ត្រ ជាកិច្ចការសំខាន់របស់ព្រះអង្គ យ៉ាងដូច្នេះសោះ។ ពិបាកជឿដោយហេតុថា ព្រះអង្គជាសមាជិករាជវង្សដែលចូលចិត្តការសប្បាយជាមួយបទភ្លេង ចម្រៀង សិល្បៈ ភាពយន្ត ជាដើម។ លក្ខណៈនេះហើយដែលត្រូវគេមើលឃើញថា បារាំងបានជ្រើសរើសព្រះអង្គឲ្យសោយរាជដោយសង្ឃឹមថា ពួកគេអាចងាយនឹងបង្វិលព្រះអង្គតាមអ្វីដែលពួកគេចង់បាន។
ប៉ុន្តែ ផ្ទុយស្រឡះ ចាប់តាំងពីពេលដែលព្រះអង្គបានឡើងគ្រងរាជ្យតាំងពីឆ្នាំ ១៩៤១ ត្រឹមព្រះជន្ម ១៩ ព្រះវស្សាសោះ អតីតព្រះមហាក្សត្រ បានចាប់យកការងារសង្គមកិច្ចជាសំខាន់ និងបានបំពេញព្រះរាជបូជនីយកិច្ចសំខាន់ៗជាច្រើនដើម្បីប្រយោជន៍ប្រទេសជាតិក្នុងនោះក៏មានការទាមទារឯកតរាជ្យពីបារាំងផងដែរ។
ជាការពិតណាស់ ការងារសង្គមកិច្ចគឺជាកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់អ្នកនយោបាយ និងអ្នកដឹកនាំប្រទេស។ សំខាន់នៅត្រង់ថា ការងារនេះផ្តល់ប្រយោជន៍ដល់សាធារណជនផង និង ផ្តល់ប្រជាប្រិយភាពដល់ខ្លួនឯងផង។ នៅក្នុងសង្គមមួយដែលក្រីក្រដូចកម្ពុជា សេចក្តីត្រូវការចម្បងរបស់ពលរដ្ឋ ជាពិសេសអ្នកក្រីក្របំផុត គឺគ្មានអ្វីក្រៅពីស្រះទឹក ប្រឡាយទឹក សម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល, មណ្ឌលសុខភាព សម្រាប់ព្យាបាលជំងឺ និងសាលារៀនសម្រាប់ឲ្យកូនចៅបានរៀនសូត្រនោះឡើយ។ ការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគេ គឺជាគន្លឹះក្នុងការកសាងប្រជាប្រិយភាពដ៏រឹងមាំ។
ក្រៅពីការចាប់យកការងារសង្គមកិច្ចនៅក្នុងដៃ ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ នៅមានចំណុចពិសេសមួយទៀតដែលពិបាកនឹងមានអ្នកធ្វើដូច នោះគឺការបង្ហាញភាពស្និទ្ធស្នាល រាក់ទាក់ ប្រកបដោយកាយវិកាទន់ភ្លន់ យ៉ាងពិសេសទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ។ កាយវិកានេះបានធ្វើឲ្យអ្នកដែលបានជួបជាមួយព្រះអង្គ មិនថាប្រជារស្ត្រសាមញ្ញ ឬភ្ញៀវជាតិ អន្តរជាតិឡើយ ពិតជាដក់ជាប់អនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
សរុបមក ទាំងការងារនយោបាយ សង្គមកិច្ច និងទាំងចរិតលក្ខណៈផ្ទាល់របស់ព្រះអង្គសុទ្ធតែបានឆ្លើយតបយ៉ាងល្អ និងយ៉ាងស៊ីសង្វាក់ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។ ដោយឡែក ការងារសង្គមកិច្ចដែលត្រូវបានព្រះអង្គចាត់ទុកជាស្នូលនៃជីវិតរបស់ព្រះអង្គតាំងពីក្មេងរហូតដល់ចាស់នោះ គឺជាទស្សនៈវិជ្ជាដែលផ្តល់អត្ថប្រយោជន៍ធំធេងដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ទស្សនៈវិជ្ជានេះ គឺជាកេរដំណែលដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយជាពិសេសសម្រាប់អ្នកនយោបាយតែម្តង និងអ្នកដឹកនាំប្រទេសតែម្តង៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ