អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ​​ចាត់តាំង​លោក​ហ៊ុន សែន​​ឲ្យ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី

នៅ​ថ្ងៃ​នេះ​ ព្រះ​មហាក្សត្រ​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម សីហមុនី​ បាន​ចាត់តាំង​លោក ​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ទទួល​បន្ទុក​​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី ដើម្បី​ដាក់​ជូន​រដ្ឋសភា​អនុម័ត ​ផ្តល់​សេចក្តី​ទុកចិត្ត នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ត្រូវបានព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ចាត់តាំង​ជា​នាយករដ្ឋមន្ត្រីអាណត្តិ​ទី​៥ តាម​សំណើ​របស់​គណបក្ស​ប្រជាជនកម្ពុជា។ ការ​តែង​តាំង​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ព្រះរាជក្រឹត្យ ​ចុះ​ថ្ងៃទី២៣​កញ្ញា​នេះ​តែម្តង។ យោងតាម​ព្រះរាជក្រឹត្យ​​នេះ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ត្រូវ​រៀបចំ​សមាសភាព​រដ្ឋាភាព​រដ្ឋាភិបាល​អាណត្តិទី​៥ ដើម្បី​សុំសេចក្តីទុកចិត្ត​ពី​រដ្ឋសភា​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអង្គារ​ស្អែក​នេះ។

ព្រះមហាក្សត្រ​ក៏​បាន​ទទួល​បាន​លិខិត​អរគុណ​ពី​លោក​នាយករដ្ឋមន្ត្រី​ភ្លាម​ៗ​ដែរ ​នៅ​ថ្ងៃនេះ។ លោក​ហ៊ុន សែន ​បាន​សរសេរ​ទូលថ្វាយ​ព្រះករុណាថា ​លោក​នឹង​ខិតខំ​យក​អស់កំលាំង​កាយ​ចិត្ត​ និង​ស្មារតី​ ដើម្បី បំពេញ​ភារកិច្ច​ដ៏​វិសេស​វិសាល​ក្នុង​កិច្ចការ​បំរើ​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ទូទាំងប្រទេស​អោយ​បាន​រីកចំរើនថែមទៀត ស្រប​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ។

សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ គឺជាអ្វី​ដែល​សាធារណ​ជន​​ទន្ទឹង​ចង់ឃើញ​យ៉ាងខ្លាំង បន្ទាប់ពី​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយការដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ការ​បោះឆ្នោត​លើកនេះ។ ការ​ធ្លាក់ចុះប្រជាប្រិយភាព​នេះ ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​នេះ​ចាត់ទុក​ថា ជា​មេរៀន និង​ជា​ស្នូរជួង​ដាស់តឿន​អំពី​កំណែ​ទម្រង់​របស់​គណបក្ស​នេះ។

តាម​រយៈ​បញ្ជី​ឈ្មោះ​នៃបេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ ដែល​គណបក្ស​ប្រជាជនក​ម្ពុជា​បាន​រុះរើ​​នៅ​មុន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នោះ គេ​អាច​យល់បាន​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរសមាសភាព​រដ្ឋមន្ត្រី​មួយ​ចំនួន។

រហូតដល់​ថ្ងៃ​ចន្ទនេះ មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជនកម្ពុជា ​មិនទាន់ហ៊ាន​បញ្ចេញ​​បញ្ជី​សមាសភាព​រដ្ឋាភិបាល​នៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ