ប្រជាជនទីបេរាប់រយនាក់រួមប្រជុំគ្នាក្រោយពីសង្ឃទីបេថ្មីទៀតដុតសម្លាប់ខ្លួន

ប្រជាជនទីបេ រាប់រយនាក់នៅប៉ែកនិរតីនៃប្រទេសចិន បានតស៊ូពុះពារប្រឆាំងកងកម្លាំងសន្តិសុខចិនដោយរួមប្រជុំគ្នានៅពេលព្រលប់ដើម្បីសំដែងគារវកិច្ចចំពោះវិញ្ញាណក្ខន្ធព្រះសង្ឃពុទ្ធសាសនាទីបេក្មេងមួយអង្គដែលបានដុតសម្លាប់ខ្លួននៅថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាលមួយជូនដំណឹងនៅថ្ងៃចន្ទ២០កុម្ភៈនេះ។
ព្រះសង្ឃទីបេ ដែលទើបបានដុតសម្លាប់ខ្លួននៅថ្ងៃអាទិត្យ១៩កុម្ភៈម្សិលមិញនៅខេត្ត Sichuan ព្រះនាម Nangdrol និងមានព្រះជន្មតែ១៨វស្សា ប៉ុណ្ណោះ។ សាកសពរបស់ព្រះសង្ឃក្មេងនេះ ត្រូវបានគេនាំទៅកាន់ទីវត្តអារ៉ាមមួយនៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ អង្គការការពារសិទ្ធមនុស្សទីបេចំនួនពីរ គឺ អង្គការ យុទ្ធនាការអន្តរជាតិដើម្បីទីបេ ICT និង អង្គការ ទីបេសេរី Free Tibet។
ដោយ បដិសេធមិនព្រមប្រគល់ សាកសពរបស់ព្រះសង្ឃ Nangdrol ទៅឲ្យអាជ្ញាធរចិន-ប្រជាជននិងព្រះសង្ឃទីបេប្រមាណជាង ១០០០នាក់នៅ Sichuan បានរួមប្រជុំគ្នានៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីនៅចាំយាមសាកសព។
យោងតាមអង្គការការពារសិទ្ធិមនុស្សទីបេ មុនពេលដុតសម្លាប់ខ្លួនឯង ព្រះសង្ឃ Nangdrol បានស្រែកជាពាក្យពេជន៍ថា”សូមឲ្យសម្តេចសង្ឃដាឡៃឡាម៉ា គង់នៅឲ្យបានយឺនយូររហូតដល់ព្រះជន្ម១ម៉ឺនវស្សា និងថា ទីបេត្រូវតែមានសេរីភាព”។
ចំណែកមន្ត្រីទទួលខុសត្រូវមា្នក់នៅក្នុងតំបន់ ឈ្មោះ Huang ដែលទីភ្នាក់ងារព័ត៌មានបារាំង AFP បានជួបទាក់ទង បានបដិសេធ ចំពោះការដុតសម្លាប់ខ្លួនរបស់ព្រះសង្ឃទីបេ ដោយបានអះអាងថា គ្មានហេតុការណ៍នេះកើតឡើងនៅក្នុងតំបន់គាត់ទេ។
គួររំលឹកថា យ៉ាងតិច ណាស់ជនជាតិទីបេ ២២នាក់ដែលភាគច្រើនជាព្រះសង្ឃពុទ្ធសាសនា បានធ្វើអត្តឃាតដុតសម្លាប់ខ្លួនឬក៏ប៉ុនប៉ងដុតសម្លាប់ខ្លួន ជាបន្តបន្ទាប់គ្នានារយៈពេលមិនដល់មួយឆ្នាំផងនៅតំបន់ទីបេផ្សេងៗ ដែលមានជនជាតិចិនជាច្រើនទៅរស់នៅ។
អត្តឃាតដុតសម្លាប់ខ្លួន ជាសាធារណៈនេះ ជាបាតុភាពថ្មីមួយបែបដែលបញ្ជាក់អំពីសេចក្តីអស់សង្ឃឹមក្នុងការរស់នៅ បណ្តាលមកពីការបង្ក្រាបគាបសង្កត់កាន់តែខ្លាំងឡើងៗ ពីសំណាក់រដ្ឋអំណាចចិននៅក្នុងតំបន់។
ជនជាតិទីបេ ពេលនេះលែងទ្រាំទ្របានទៀតហើយ ចំពោះនយោបាយបិទខ្ទប់សេរីភាពសាសនា និងវប្បធម៌ប្រពៃណីរបស់ជនជាតិទីបេ ពីសំណាក់រដ្ឋអំណាចចិន ជាពិសេស វត្តមាននៃជនជាតិចិន ហាន ដែល កាន់តែច្រើនឡើង ចូលទៅរស់នៅតំបន់ប្រវត្តិសាស្រ្តរបស់ជនជាតិទីបេ ។
ម្យ៉ាងទៀត នៅក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរចិន បាន រារាំង មិនឲ្យ ក្រុមអ្នកសារព័ត៌មានបរទេសណាមួយអាចចូលទៅកាន់តំបន់ទីបេដើម្បី អាចធ្វើការទាក់ទងជាមួយប្រជាជនទីបេ ឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ