មេរោគគ្រុនផ្តាសាយបក្សីអាចឆ្លងពីមនុស្សទៅមនុស្ស

ក្រោយពីក្រុមអ្នកស្រាវជ្រាវរកឃើញថា មានប្រភេទមេរោគ H5N1ម្យ៉ាងដែលអាចឆ្លងពីមនុស្សទៅមនុស្សបាន កាលពីចុងខែធ្នូកន្លងទៅ សហគមន៍អន្តរជាតិកំពុងតែព្រួយបារម្ភពីបញ្ហាខាងលើ។ ដូច្នេះហើយនៅចុងសប្តាហ៍នេះ ការសិក្សាស្រាវជ្រាវទាំងអស់ ត្រូវបានគេសំរេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ខែ ដើម្បីទុកពេលនេះអោយសហគមន៍អន្តរជាតិពិភាក្សាផ្តល់យោបល់ពីកិច្ចការដែលត្រូវធ្វើបន្ត។ នៅថ្ងៃនេះអាទិត្យទី ២២នេះដែរ ករណីស្លាប់ដោយជំងឺគ្រុនផ្តាសាយបក្សីមួយទៀតបានកើតឡើងនៅប្រទេសចិន។
នៅក្នុងលិខិតជាចំហមួយ ក្រុមអ្នកស្រាវជ្រាវពីរក្រុម នៅក្នុងប្រទេសហូឡង់ និងសហរដ្ឋអាមេរិកដែលមានជំនាញខាងមេរោគគ្រុនផ្តាសាយបក្សីបានអំពាវនាវអោយមានការរៀបចំវេទិការអន្តរជាតិមួយជាបន្ទាន់ ដើម្បីពិភាក្សាលើលទ្ធផលស្រាវជ្រាវថ្មីរបស់ពួកគេ។ លទ្ធផលដែលបានបង្ហាញអោយឃើញថា គេអាចបង្កើតមេរោគ H5 N1 ប្រភេទម្យ៉ាងដែលអាចឆ្លងបានយ៉ាងងាយស្រួលពីមនុស្សទៅមនុស្ស។
សំនួរដែលគេចោទសួរនោះនៅត្រង់ថា តើក្រុមអ្នកស្រាវជ្រាវគួរតែបន្តរក្សាទុកប្រភេទមេរោគដ៏កាចសាហាវនេះដើម្បីសិក្សាបន្តដែរឬទេ ? ពីព្រោះថា របបគំហើញថ្មីនេះកំពុងដើរតួនាទីជាអាវុធមុខពីរ។ ទីមួយ គឺវាអាចជួយអោយក្រុមអ្នកស្រាវជ្រាវអាចរកវិធីទប់ស្កាត់ឬកាត់បន្ថយគ្រោះថ្នាក់ដែលនឹងអាចកើតឡើងនៅថ្ងៃខាងមុខ ក៏ប៉ុន្តែបើសិនជាពួកគេប្រើប្រាស់ឬទុកដាក់មេរោគនេះមិនបានស្រួលនោះទេ វាអាចឆ្លងរីករាលដាលនិងបង្កគ្រោះថ្នាក់ដល់ជនស្លូតត្រង់រាប់លាននាក់ទៀតនៅលើពិភពលោក។
កន្លងមក ការិយាល័យវិទ្យាសាស្រ្តជាតិអាមេរិកាំងផ្នែកជីវសុវត្ថិភាពធ្លាប់ហាមប្រាមមិនអោយលទ្ធផលមួយចំនួនទាក់ទងបញ្ហានេះត្រូវបានគេផ្សព្វផ្សាយជាចំហដើម្បីរក្សាសុវត្ថិភាពសាធារណៈ។ ប៉ុន្តែព្រឹត្តិប័ត្រ Science and Nature នៅតែសំរេចផ្សព្វផ្សាយលទ្ធផលនេះ។
អង្គការសុខភាពពិភពលោក WHO វិញ កំពុងព្រួយបារម្ភពីលទ្ធផលជាអវិជ្ជមាននៃការសិក្សាស្រាវជ្រាវខាងលើ។ ជាងនោះទៅទៀត មតិមួយចំនួនក៏បានលើកឡើង និងព្រួយបារម្ភពីការឆ្លៀតឱកាសរបស់ក្រុមភេរវជន។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអះអាងថា ពួកនេះ មិនអាចឈានដល់ការបង្កើតមេរោគឆ្លងពីមនុស្សទៅមនុស្សនោះទេ ដោយសារតែវាមានលក្ខណៈស្មុគស្មាញនៅក្នុងការផលិត។
គួររំលឹកថា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មេរោគH5N1ឆ្លងពីសត្វទៅមនុស្សបានសម្លាប់ប្រជាជនប្រមាណ ៣៤២ នាក់ហើយ នៅលើពិភពលោកចាប់តាំងពីឆ្នាំ២០០៣មក ក្នុងនោះប្រទេសឥណ្ឌូនេស៊ី និងវៀតណាមរងគ្រោះខ្លាំងជាងគេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ