អានតួអត្ថបទ
កម្ពុជា

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មក​ដល់​កម្ពុជា

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្ដរាយ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​៥​ថ្ងៃ​ដើម្បី​ពិនិត្យ​មើល​ការ​ខូចខាត​បណ្តាល​មក​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​កាល​ពី​ឆ្នាំ​មុន។ កាលពី​ឆ្នាំទៅ​មនុស្ស​ច្រើន​ជាង ២៤៧ នាក់​បាន​បាត់បង់​ជីវិត និង​ប្រជាជន ១​លាន​៦​សែន​នាក់​ផ្សេង​ទៀត​បាន​រង​ការ​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ក្នុង​នោះ​ប្រជាពលរដ្ឋ​៧​សែន​នាក់​គឺជា​កុមារ។  

លោកស្រី ម៉ាហ្ការ៉ែតា វ៉លស្ដ្រុម
លោកស្រី ម៉ាហ្ការ៉ែតា វ៉លស្ដ្រុម ©rfi+សុខលីម
ផ្សាយពាណិជ្ជកម្ម

លោកស្រី ម៉ាហ្ការ៉ែតា វ៉លស្ដ្រុម តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ដរាយ​ដែល​ទើប​មកដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​ចាប់​ផ្តើម​បេសកកម្ម​របស់​គាត់​ហើយ​នៅថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ខេត្ត​ព្រៃវែង។

 
ការ​ចាប់​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​ព្រៃវែង​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ​តាម​ពិត ​លោកស្រី​ចាប់​ផ្តើម​នៅ​ក្នុង​ខេត្ត​នេះ​ពីព្រោះ​ខេត្ត​ព្រៃវែង​ជា​ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​កាល​ពីឆ្នាំ​២០១១​កន្លងមក។ កាល​ពី​ឆ្នាំ​មនុស្ស​៥២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ប្រជាជន​ជាង​៤​ម៉ឺន​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ និង​ដំណាំ​ស្រូវ​ប្រមាណ​ជា​៥​ម៉ឺន​ហិកតារ​ត្រូវ​បាន​បំផ្លាញ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​គ្រោង​នឹង​ជួប​លោក ញឹម វណ្ណដា អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​លោក​ ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ម៉ាហ្ការ៉ែតា វ៉លស្ដ្រុម នៅ​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ដើម្បី​ពិភាក្សា​អំពី​ការកាត់​បន្ថយ​ហានិភ័យ​នៃ​គម្រោង​មហន្ដរាយ​ទៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ដើម្បី​បន្ស៊ាំ​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការពារ​សហគមន៍​កម្ពុជា​ទល់​នឹង​គ្រោះ​មហន្ដរាយ​ដែល​ទាក់ទង​នឹង​ធាតុអាកាស​អោយ​មាន​ប្រសិទ្ធិភាព​ជាង​មុន។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​អង្គការ​សហប្រជាជាតិ។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ពី​ខ្យល់​ព្យុះ​មួយ​ចំនួន​បាន​បំផ្លាញ​ជីវិត​មនុស្ស​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​នៃ​ប្រទេស​កម្ពុជា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

សេចក្តី​ជូន​ដំណឹង​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ទៀត​ថា ទឹកជំនន់​គឺជា​បាតុភូត​ដែល​កើត​ឡើង​ជា​ញឹកញាប់​ និង​បង្ក​ការ​ខូចខាត​ដល់​កម្ពុជា ហើយ​បើ​យោង​តាម​ការព្យាករណ៍​របស់​អ្នកជំនាញ បាតុភូត​នេះ​អាច​កាន់តែ​អាក្រក់​ឡើង​​នា​ពេល​អនាគត។ ទឹក​ជំនន់​និង​ខ្យល់ព្យុះ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ និង​ញឹកញាប់​ជាង​មុន ​ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ។
កាលពី​ឆ្នាំទៅ មនុស្ស​ច្រើន​ជាង ២៤៧ នាក់​បាន​បាត់​បង់ជីវិត និង​ប្រជាជន ១លាន​៦​សែន​លាន​នាក់​ផ្សេងទៀត​បាន​រង​ការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្នុងនោះ មាន​៧​សែន​នាក់​គឺ​ជា​កុមារ។
ប្រធាន​ផ្នែក​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្ដរាយ​នៃ​អង្គការ​សហប្រជាជាតិ លោកស្រី ម៉ាហ្ការ៉ែតា វ៉លស្ដ្រុម ចាប់​ផ្ដើម​បេសកកម្ម​របស់​លោកស្រី​នៅ​ថ្ងៃ​សៅរ៍​ទី​២១​ខែ​មេសា​នេះ​ហើយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា​សប្តាហ៍​ក្រោយ​នេះ​ដោយ​មាន​ធ្វើ​សន្និសីទ​កាសែត​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ