អានតួអត្ថបទ
កម្ពុជា

ប្រតិកម្ម​ចម្រុះ​ក្នុង​ចំណោម​ឥស្សរជន​ជុំវិញ​ការសាងសង់​អង្គរវត្ត​នៅ​ឥណ្ឌា

មាន​ការ​យល់​ឃើញ​ផ្សេងគ្នា​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​គម្រោង​សាងសង់​ប្រាសាទ​អង្គរវត្ត​ថត​ចម្លង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​អង្គការ​មួយ។ គណបក្ស​សិទ្ធិមនុស្ស​វិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​សមាជិក​រដ្ឋាភិបាល ​អំពី​ការ​ខ្វះ​ការ​ទទួល​ខុសត្រូវ​ចំពោះ​សម្បត្តិ​ដូនតា នៅ​ពេល​ដែល​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា វត្តមាន​នៃ​វត្ថុ​ចម្លង នឹង​ធ្វើ​អោយ​វត្ថុ​ពិត​កាន់​តែមាន​តម្លៃ។

អង្គរវត្ត​ពេល​ថ្ងៃ​លិច
អង្គរវត្ត​ពេល​ថ្ងៃ​លិច © RFI-លុច
ផ្សាយពាណិជ្ជកម្ម

 

ដូច​ការ​យល់​ឃើញ​របស់​លោក​ខៀវ កាញារីទ្ធ​អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែរ លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​យោបល់​ផ្ទាល់​ខ្លួន​របស់​លោក​ថា ការ​បង្កើត​អោយ​មាន​វត្ថុ​ថត​ចម្លង​មួយ​នឹង​ធ្វើ​អោយ​មាន​វត្ថុ​ពិត​កាន់​តែ​មាន​តម្លៃ។ ហើយ​ថា អ្នក​ដែល​បាន​ឃើញ​វត្ថុ​ចម្លង នឹង​មាន​ចិត្ត​ចង់​ឃើញ​របស់​ពិត។ លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​យ៉ាងនេះ ដោយ​អះអាង​យ៉ាង​ច្បាស់​ក្នុង​ចិត្ត​ថា ប្រាសាទ​អង្គរវត្ត​ចំណាស់​១០០០​ឆ្នាំ​របស់​កម្ពុជា នឹង​មិន​អាច​មាន​អ្នកណា​ធ្វើ​ដូច​នោះ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​លោក ហ៊ឹម ឆែម ឯណោះវិញ​បើទោះជា​ទទួលស្គាល់​ថា គ្មាន​អ្នក​ណា​អាច​សាងសង់​អង្គរវត្ត​ថ្មី​អោយ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២​នោះ​បាន​ក៏​ដោយ ក៏​លោក​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​សុំ​បញ្ចេញ​ទស្សនៈ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ប្រឆាំង​ដាច់ខាត​ការ​សាងសង់​ប្រាសាទ​ចម្លង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នេះ។

ទោះយ៉ាងនេះក្តី រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​អះអាង​ដូចគ្នា​ថា ពួក​លោក​បាន​មិន​ដែល​បាន​ទទួល​ព័ត៌មាន​ថា មាន​ភាគី​ឥណ្ឌា​បាន​មក​ជួប​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជជែក​អំពី​សាងសង់​ប្រាសាទ​ព្រហ្មញ្ញសាសនា​អង្គរវត្ត​ចំលង នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ឡើយ។

គម្រោង​សាងសង់​ប្រាសាទ​អង្គរវត្ត​ចម្លង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​នេះ​ត្រូវ​កសាង​ ដោយ​អង្គការ ​Mahavir Mandir Trust ​ដែល​ត្រូវ​ចំណាយ​ពេល​១០​ឆ្នាំ​ ក្នុង​តម្លៃ​២០​លាន​ដុល្លារ។

ពាក់ព័ន្ធនឹង​គម្រោង​ដ៏​គួរ​ភ្ញាក់​ផ្អើល​នេះ​ហើយ ដែល​ធ្វើ​អោយ​គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​សេចក្តី​ថ្លែងការណ៍​បន្ទោស​សមាជិក​រដ្ឋាភិបាល​ថា​បាន​ធ្វើ​អត្ថាធិប្បាយ​ដែល​បង្ហាញ​ពី​ភាព​ការ​មិន​ទទួល​ខុសត្រូវ​ចំពោះ​កេរមរតក​ដូនតា ដោយ​អនុញ្ញាត​អោយ​ការ​សាងសង់​សម្បត្តិ​អច្ឆរិយៈ​របស់​កម្ពុជា​នៅ​ឥណ្ឌា​អោយ​ធំ​ហួស​ទំហំ​ដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ