អានតួអត្ថបទ
កម្ពុជា

ប្រតិកម្ម​រិះគន់​តុលាការ​ខេត្ត​ស្វាយរៀង​កើន​ឡើង​ចំពោះ​ករណី​ ឈូក បណ្ឌិត

ប្រតិកម្ម​បាន​ធ្លាក់​មកជា​បន្តបន្ទាប់​ប្រឆាំង​ទៅនឹង​ការសម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ក្នុង​សំណុំរឿង​លោក​ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។ ជនសង្ស័យ​ក្នុងករណី​បាញ់ប្រហារ​ទៅលើ​កម្មការិនី​ឲ្យ​រង​របួស​៣​នាក់​កាលពី​ខែកុម្ភៈ​កន្លង​ទៅ​ត្រូវបាន​តុលាការ​ចោទ​ត្រឹមតែ​បទ​បង្ក​របួសស្នាម​ដោយ​អចេតនា​ដែល​ជា​បទ​ចោទ​ដ៏​ស្រាល​មួយ​ប៉ុណ្ណោះ។ បទ​ចោទ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ជា​បន្តបន្ទាប់។  

តុលាការ​ខេត្ត​ស្វាយ​រៀង
តុលាការ​ខេត្ត​ស្វាយ​រៀង © RFI-ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

គ្រួសារ​ជន​រងគ្រោះ ​មេដឹកនាំ​សហជីព ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ប្រឆាំង ​បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ ដើម្បី​រិះគន់​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ខេត្ត​ស្វាយរៀង។ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​មួយ​នេះ​បាន​សម្រេច​កាលពី​ចុង​សប្តាហ៍​នេះ​ចោទ​ប្រកាន់​លោក ​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​ដែល​ជា​ជនសង្ស័យ​បាញ់​កម្មការិនី​៣​នាក់​ឲ្យ​រង​របួស​នោះ ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ ​ក្រុម​អ្នក​រិះគន់​បាន​ចាត់ទុក​បទចោទ​នេះ​ថា​មិន​ស័ក្តិសម​ទៅនឹង​ទោស​កំហុស​របស់​ជនសង្ស័យ។

ភ្លាមៗក្រោយ​ការប្រកាស​ជូនដំណឹង​អំពី​បទ​ចោទ​នេះ ក្រុមគ្រួសារ​អ្នករងគ្រោះ​បាន​សម្តែង​ការខកចិត្ត​យ៉ាង​ខ្លាំង។ ចំណែក​មេដឹកនាំ​សហជីព​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ដែរ។ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏ដូចជា​លោក ​ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ​ដែរ​បាន​ហៅ​ចំណាត់ការ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ថា ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​អ្នកមាន​អំណាច។ ទន្ទឹមនឹង​ការប្រកាស​ស្វែង​រក​អន្តរាគមន៍​ពី​បណ្តា​ស្ថាប័ន​អន្តរជាតិ និង​ពី​សហជីព​ពិភពលោក​ដើម្បី​ឲ្យ​ជួយ​ជំរុញ​កំណែទម្រង់​ប្រពន្ធ័​យុត្តិធម៌​នៅ​កម្ពុជា លោក​រ៉ុង ឈុន ក៏បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​កម្មករ​ដ៏​ធំ​មួយ​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ផង​ដែរ។
ស្របពេល​ជាមួយ​គ្នា​នេះ ​លោក ​អាត់ ធន់ ​មេដឹកនាំ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ក៏បាន​ស្នើ​អោយ​តុលាការ​ខេត្ត​ស្វាយរៀង​ពិនិត្យ​បទចោទប្រកាន់​របស់​ខ្លួន​ឡើង​វិញ។ លោក​អាត់ ធន់ ​អះអាង​ថា​នឹង​រួម​ជាមួយ​សហព័ន្ធ​សហជីព និង​អង្គការ​នានា​ដើម្បី​រៀបចំ​ដាក់​ញត្តិ​ទាមទារ​ទៅ​ក្រសួង​យុត្តិធម៌ និង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ហើយ​ប្រសិន​បើ​ចាំបាច់ លោក​នឹង​ប្រកាស​ជូន​ដំណឹង​ពី​ការធ្វើ​កូដកម្ម​នៅ​ក្រុង​បាវិត​ជា​ថ្មី​ទៀត​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​ករណី​នេះ។

លោក ​ឈូក​ បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី​រោងចក្រ កៅ​វ៉េ ចំនួន​៣​នាក់​អោយ​របួស​ក្នុង​ពេល​កំពុង​តែ​តវ៉ា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ។ ជនសង្ស័យ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ប្រកាស​ប្តឹង​ទៅ​​តុលាការ និង​ត្រូវបាន​រដ្ឋាភិបាល​ដក​ចេញ​ពីមុខ​តំណែង។ ប៉ុន្តែ ជនសង្ស័យ​មិនត្រូវ​បាន​ចាប់ខ្លួន​ទេ ហើយ​ទីបំផុត តុលាការ​បាន​ចោទ​ត្រឹម​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ។

គណបក្ស​ម រង្ស៊ី ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បរិហារ​អំពី​វប្បធម៌​និទ្ទណ្ឌភាព និង​បក្ខពួក​និយម​​នៅ​កម្ពុជា​ដែរ។ គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​រិះគន់​ថា ​ការអនុវត្តន៍​ច្បាប់​មាន​តែ​ចំពោះ​ប្រជាពលរដ្ឋ​តូចតាច​តែប៉ុណ្ណោះ ខណៈដែល​អ្នកមាន​អំណាច​តែង​ត្រូវបាន​ការពារ។ នៅមិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ