កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 28 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 01 កញ្ញា 2012

របាយការណ៍​​សិទ្ធិមនុស្ស​​នៅកម្ពុជា​​ផ្តោតខ្លាំង​​លើការ​​កែទម្រង់​​នីតិ​​វិធី​​បោះឆ្នោត​​

លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​
លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​
© លី ម៉េងហួរ

ដោយ លាង ដឺលុច

អ្នករាយការណ៍​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក ស៊ូរិយា ស៊ូបេឌី​បាន​ចេញ​ផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ទាប់​ពីលោក​បាន​បំពេញ​បេសកកម្ម​៧លើក​នៅ​កម្ពុជា។​ ក្នុងចំណោម​បញ្ហា​ជាច្រើន អ្នករាយការណ៍​ពិសេស​បាន​ផ្តោត​ជាសំខាន់​លើ​ការ​បោះឆ្នោត​ដែល​ក្នុង​បញ្ហានេះ​ អ្នករាយការណ៍​ពិសេស​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​កែទម្រង់​នីតិវិធី​បោះឆ្នោត។

សេចក្តីរាយការណ៍របស់​ លាង ដឺលុច
 

28/08/2012 by លាង ដឺលុច

បេសកកម្ម​ទាំង​៧​លើក​របស់​អ្នករាយការណ៍​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សុទ្ធ​មាន​របៀប​វារៈ។ ប៉ុន្តែ​របៀបវារៈនៃ​បេសកកម្ម​ទី​៦​ដែល​ទាក់ទង​នឹង​ការ​បោះឆ្នោត​ត្រូវបាន​រំលេច​យ៉ាង​ខ្លាំង​នៅ​ក្នុង​របាយការណ៍​របាយការណ៍​ដែល​លោក​ស៊ូរិយា ប្រាសាទ​ ស៊ូបេឌី​ផ្ញើ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។

 
លោក​ស៊ូបេឌី​បាន​ចាប់អារម្មណ៍​ធ្វើ​អត្ថាធិប្បាយ និង​ផ្តល់​អនុសាសន៍​ច្រើន​ក្នុង​បញ្ហា​បោះឆ្នោត​នេះ នៅ​ក្នុង​បរិបទ​ដែល​កម្ពុជា​ទើប​តែ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ហើយ​នៅ​ឆ្នាំ​នេះ និង​បន្ត​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣​ក្រោយ​នេះ​ទៀត។
 
រដ្ឋាភិបាល​កម្ពុជា​ត្រូវ​កែ​ទម្រង់​នីតិ​វិធី​បោះឆ្នោត ​ធានា​ឯករាជ្យភាព ​និង​សមត្ថភាព​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ​ត្រូវ​ប្រើ​មន្ត្រី​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត​ក្នុងពេល​ចុះឈ្មោះ​បោះឆ្នោត​ជំនួស​មេភូមិ គួរវិសោធនកម្ម​ច្បាប់​ដើម្បី​អនុញ្ញាត​អោយ​មាន​ការ​ឈរឈ្មោះ​ជា​ឯកត្តនាម គួរ​អនុញ្ញាត​អោយ​ជនជាតិ​ខ្មែរ​នៅ​បរទេស​អាច​បោះឆ្នោត​បានតាម​រយៈ​ស្ថានទូតពី​បរទេស ត្រូវ​ធានា​អោយ​អ្នក​ដែល​គ្មាន​លំនៅ​ស្ថាន និង​អ្នកដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​អាច​អនុវត្ត​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ​បាន ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​អនុសាសន៍​​របស់​អ្នករាយការណ៍​ពិសេស​ដែល​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍។
 
លោក​ទេព នីថា ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតនោះ​បាន​ពន្យល់​ថា វា​បាន​មាន​ការ កែលំអ និង​មាន​ចំនុច​ប្រសើរ​ខ្លះ​ហើយ​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោត​មួយ។ ​ហើយ​ថា​ការ​កែ​លំអ​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង និង​ភាព​ចាំបាច់​របស់​កម្ពុជា។​ ចំពោះ​លោក​ទេព នីថា ចំនុច​មួយ​ចំនួន​ដែល​ត្រូវសរសេរ​នៅ​ក្នុង​របាយការណ៍​​ដោយ​លោកស៊ូរិយា ស៊ូបេឌី​ហាក់ដូច​ជា​អ្វី​​ដែល​អង្គការ​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ធ្លាប់​បាន​លើកឡើង​ដែរ។
 
នៅ​ចុង​បញ្ចប់​នៃ​របាយការណ៍ អ្នករាយការណ៍​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ មិន​បាន​ភ្លេច​និយាយ​អំពី​ករណី​លោក​សម រង្ស៊ី​​នោះ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​រូបនេះ​ស្នើ​អោយ​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី​អាច​ចូល​មក​ចូលរួម​ក្នុង​ការបោះឆ្នោត​ឆ្នាំក្រោយ​នេះវិញ ដើម្បី​គោលដៅ​នៃ​ការ​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អោយ​កាន់​តែ​ខ្លាំង៕

tags: កម្ពុជា - នយោបាយ - បោះឆ្នោត - សិទ្ធិមនុស្ស - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

សំដីរបស់លោកទេព នីថា៖ លោក​ទេព

សំដីរបស់លោកទេព នីថា៖
លោក​ទេព នីថា ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតនោះ​បាន​ពន្យល់​ថា វា​បាន​មាន​ការ កែលំអ និង​មាន​ចំនុច​ប្រសើរ​ខ្លះ​ហើយ​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោត​មួយ។
តើគាត់និយាយនេះគាត់បានរៀនចេះដឹងទេ ហើយតើគាត់យកគំរូនេះពីណាមក?
តើមានការបោះឆ្នោតប៉ុន្មា​នដងទៀតទើបបានល្អ បើម្តងមានរយះពេលប្រាំឆ្នាំឯណោះ?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close