កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 19 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 19 សីហា 2012

អ្នកស្រាវជ្រាវ កែម ឡី ៖ «សិស្ស​៦៧%ឆ្លើយ​ថា​បាន​ចំណាយ​ប្រាក់​​សម្រាប់​ការប្រឡង​បាក់ឌុប»

សិស្សានុសិស្ស​ពេល​ចេញ​ពី​ប្រឡង
សិស្សានុសិស្ស​ពេល​ចេញ​ពី​ប្រឡង
©channa/rfi

ដោយ គី សុខលីម

ក្រុម​ជំនាញ​ស្រាវជ្រាវ​លើ​ដំណើរការ​ប្រឡង​បាក់ឌុប​ កាល​ពី​ដើម​ខែ​សីហា​នេះ​ នឹង​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន​នៅថ្ងៃ​ចន្ទ​ស្អែក​ ព្រម​ទាំង​​ផ្ញើ​លទ្ធផល​ជូន​ទៅ​ក្រសួង​អប់រំ​នៅ​ចុង​សប្តាហ៍​ក្រោយ។ លទ្ធផល​អង្កេត​បាន​បង្ហាញ​ថា កូន​សិស្ស​ប្រឡង​បាក់​ឌុប​ចំនួន​៦៧%​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចំណាយ​ថវិកា​សម្រាប់​ការ​ប្រឡង​នាពេល​កន្លងមក។

 

«កូនសិស្ស​ប្រឡង​បាក់ឌុប​ចំនួន​៧៨%​បាន​ឆ្លើយ​ថា ពួកគេ​អាច​ចម្លង​គ្នា​ទៅវិញ​ទៅមក​បាន​នៅ​ក្នុង​ថ្នាក់​ប្រឡង។ កូន​សិស្ស​៦៧%​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចំណាយ​ប្រាក់​សម្រាប់​ការ​ប្រឡង​បាក់ឌុប»។ ទាំង​នេះ​គឺ​ជា​លទ្ធផល​អង្កេត​របស់ លោក កែម ឡី​ អ្នក​ស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​ឯករាជ្យ​ដែល​បាន​ធ្វើការ​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​លើ​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ដើម​ខែ​សីហា​កន្លងមក​នេះ។ ការ​អង្កេត​របស់​លោក កែម ឡី​ បាន​ធ្វើ​ឡើង​ជា​មួយ​សិស្ស​ប្រឡង​បាក់ឌុប​ចំនួន​១៥៤​នាក់ ជាមួយ​សាស្រ្តាចារ្យ​មួយ​ចំនួន​តូច​និង​ជាមួយ​មាតា​បិតា​សិស្ស​មួយ​ចំនួន​ផង​ដែរ។
 
លទ្ធផល​អង្កេត​លើ​ការ​ប្រឡង​បាក់ឌុប​ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ បាន​បញ្ជាក់​ថា កូនសិស្ស​ប្រឡង​បាក់ឌុប​បាន​ចំណាយ​ប្រាក់​ជា​មធ្យម​ចំនួន​៣០​ដុល្លារ​ ដើម្បី​អាច​​បើក​មើល​វិញ្ញាសា​ព្រាង​បាន។ កូន​សិស្ស​៩២​%​បាន​ឆ្លើយថា ពួកគេ​ជាអ្នក​មាន​គំនិត​ផ្តួចផ្តើម​ប្រមូល​ប្រាក់​ដោយ​ខ្លួន​ឯង​ដើម្បី​យក​ទៅ​ជូន​លោក​គ្រូ​អ្នកគ្រូ។ ​កូន​សិស្ស​បាន​ឆ្លើយ​ថា ការ​ប្រមូល​ប្រាក់​កាស​ជូន​លោកគ្រូ​អ្នកគ្រូ​នៅ​ពេល​ប្រឡង​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ។
 
ត្រង់​ចំណុច​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ខ្លាច​ទម្លាប់​នេះ​ក្លាយទៅ​ជា​វប្បធម៌​ដែល​ពិបាក​កែប្រែ​នា​ពេល​អនាគត។
 
របាយការណ៍​ដដែល​បាន​លើក​ឡើង​ទៀត​ថា កូន​សិស្ស​២៥%​បាន​ឆ្លើយ​ថា ការ​ប្រឡង​បាក់ឌុប​នាពេលកន្លងមក​មិន​មាន​ភាព​យុត្តិធម៌​ទេ​ ក្នុង​ខណៈ​ពេល​ដែល​សិស្ស​៥០%​ផ្សេង​ទៀត​ថា មាន​ភាព​យុត្តិធម៌។ បើទោះបី​ជាមាន​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​យ៉ាងណា​ក៏​ដោយ​ជុំ​វិញ​ការ​ប្រឡង​បាក់ឌុប​នោះ​ប៉ុន្តែ​មន្រ្តី​ក្រសួង​អប់រំ​តែងតែ​បដិសេធ​​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ។
 
លោក​ អ៊ឹង​ ង៉ោហុក​ ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ ធ្លាប់​បាន​អះអាង​ថា​ ក្រសួង​អប់រំ​បាន​បូក​សរុប​ការ​វាយ​តម្លៃ​​រួច​រាល់​ហើយ ហើយថា​គ្មាន​បញ្ហា​អី្វ​កើត​ឡើង​ទេ។ ម៉្យាងវិញទៀត វា​គ្មាន​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រឡង​ឡើយ។ លោក​អះអាង​ថា ក្រសួង​អប់រំ​បាន​សន្និដា្ឋន​ថា ការ​ប្រឡង​ឆ្នាំ​នេះ​អាច​ទទួល​យក​បាន។
 
សូម​បញ្ជាក់​ថា របាយការណ៍​អង្កេត​លើ​ការ​ប្រឡង​បាក់ឌុប​នឹង​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចាប់​ពីថ្ងៃ​ចន្ទ​ស្អែក​និង​ផ្ញើ​ជូន​ក្រសួង​អប់រំ​នៅ​ក្នុង​សប្តាហ៍​ក្រោយ​នេះ​ដែរ។
 
ទោះជាយ៉ាងណាក៏ដោយ ក៏​លោក កែម ឡី បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​គេ​វាយ​តម្លៃ​ជារួម​ ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​មាន​ការ​រឹត​បន្តឹង​ល្អ​ជាង​ឆ្នាំ​មុនៗ៕
 

 

tags: កម្ពុជា - សង្គម - អប់រំ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

អនាគតធនធានមនុស្ស​របស់​ខ្មែរ

​ក្មេងៗ​ទាំងនេះ​សុទ្ធតែ​ជា​អនាគត​សសរទ្រូង​ប្រទេស​កម្ពុជា កាល​នៅរៀន​មិន​ចេះ​អ្វីក្រៅ​អំពី​ការ​ស៊កប៉ាន់ ពេល​ចូល​ធ្វើ​ការ បំរើជាតិ ក៏​ចេះ​តែប៉ុណ្ណឹង​ដែរ គឺចេះតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហ្នឹង​ឯង។ មិនបាច់​សួរ​អំពី​មុខ​វិជ្ជា​ភូមិវិទ្យា​ស្អី​ទេ អោយ​ចង្អុល​តែ​ទិស​ជើង​ត្បូង ចង្អុល​មិន​ត្រូវ​ផង។ នៅ​ពេល​​ដែល​សហគម​ន៍អាស៊ាន ចាប់ដំណើរ​ការ​ច្របាច់ចូល​គ្នា យើង​ពិបាក​នឹង​ប្រកួត​ជាមួយ​ប្រទេស​សមាជិក​ដទៃណាស់ ព្រោះ​ធនធាន​មនុស្ស​យើង​​វាស្ថិត​ក្រោម​ស្តង់ដា​ពេក។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close