អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

សំណួរ-ចម្លើយ​ជុំវិញ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពន្ធលើ​អចលនទ្រព្យ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​អនុវត្ត កាលពី​ឆ្នាំ​២០១១​កន្លងទៅ។ ពន្ធលើអចលនទ្រព្យ​ត្រូវបាន​បង្កើតឡើង ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ​២០១០ (ច្បាប់​ចុះថ្ងៃ​ទី៩ ធ្នូ ២០០៩) ដើម្បី​ជាប្រយោជន៍​ដល់ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់)។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ជុំវិញ​ការ​​​គណនា​ប្រាក់ពន្ធ​អចលនទ្រព្យ។

ពន្ធលើ​អចលនទ្រព្យ ត្រូវ​យក​ទៅលើ​អចលនទ្រព្យ ដែល​មាន​តម្លៃ​លើសពី ១០០លាន​រៀល (២៥០០០ដុល្លារ)
ពន្ធលើ​អចលនទ្រព្យ ត្រូវ​យក​ទៅលើ​អចលនទ្រព្យ ដែល​មាន​តម្លៃ​លើសពី ១០០លាន​រៀល (២៥០០០ដុល្លារ) ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សំណួរទី១-​តើ​អចលនទ្រព្យ​ប្រភេទណា​ខ្លះ​ ដែល​ត្រូវ​ជាប់ពន្ធ?

ជាគោលការណ៍ ពន្ធលើ​អចលនទ្រព្យ​មាន​វិសាលភាព នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ក៏ប៉ុន្តែ ជា​ជំហាន​ដំបូង ច្បាប់​កំណត់​យក​ពន្ធ​តែ​ទៅលើ​អចលនទ្រព្យ​ដែល​​​ស្ថិត​នៅ​ក្នុង​ភូមិសាស្រ្ត​រដ្ឋបាល​​​​រាជធានី​ភ្នំពេញ និង​ក្នុង​​ក្រុង​ នៃ​ខេត្ត​នានា​តែ​ប៉ុណ្ណោះ។ នេះមានន័យថា អចលនទ្រព្យ ដែល​នៅតាម​ភូមិ ឃុំ ស្រុក ដែល​នៅ​ក្រៅ​ក្រុង (ក្រៅ​ទីរួមខេត្ត) មិន​ទាន់​ត្រូវ​​ជាប់ពន្ធ​នៅឡើយទេ នៅពេលនេះ។​

ម្យ៉ាងទៀត អចលនទ្រព្យ ដែល​ត្រូវ​ជាប់​ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល (២ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក)។ អចលនទ្រព្យ​ គឺ​សំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នឹង​ដីនោះ (មាត្រា ១៣ ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០)។

ក៏ប៉ុន្តែ មាន​ប្រភេទ​អចលនទ្រព្យ​ខ្លះ ដែល​ច្បាប់​លើកលែង​មិន​ឲ្យ​ជាប់​ពន្ធ (មាត្រា ១៤ ច្បាប់​ហិរញ្ញវត្ថុ ២០១០) ដូចជា៖

  1. អចលនទ្រព្យ ដែល​ជា​ដីកសិកម្ម (ដូចជា ដី​ស្រែ ដី​ចម្ការ​ ដី​កសិដ្ឋាន​ចិញ្ចឹម​សត្វ ឬ​ដីស្រែអំបិល ជាដើម)
  2. អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល ឬ​របស់​ស្ថាប័ន​រដ្ឋាភិបាល
  3. អចលនទ្រព្យ ដែលជា​កម្មសិទ្ធិ​របស់​
    • ស្ថានទូត ឬ​ស្ថានកុងស៊ុល​បរទេស
    • អង្គការ​អន្តរជាតិ ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល
  4. អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរស​ធម៌ ហើយ​​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅ​សាសនា ឬ​សប្បុរស​ធម៌​សុទ្ធសាធ។ មិនត្រូវ​រាប់បញ្ចូល​ក្នុង​ករណី​លើកលែងពន្ធ​នេះ​ទេ (មានន័យថា ត្រូវ​ជាប់ពន្ធ​អចលនទ្រព្យ)៖
    • ​អចលនទ្រព្យ​ ដែល​​ជួល ឬ​ផ្តល់​ឲ្យ​ជា​បណ្តោះអាសន្ន ដើម្បី​ប្រើប្រាស់​ក្នុង​គោលដៅ​សាសនា ឬ​សប្បុរសធម៌។
    • អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរសធម៌ ក៏ប៉ុន្តែ ជួល ឬ​ផ្តល់​ទៅ​ឲ្យ​អ្នក​ផ្សេង ដើម្បី​ប្រើប្រាស់​ក្រៅពី​គោលដៅ​សាសនា និង​សប្បុរសធម៌។

សំណួរទី២-តើអ្នកណា​ជាអ្នក​ត្រូវ​ជាប់បន្ទុក​បង់ពន្ធ​អចលនទ្រព្យ? តើ​ត្រូវ​បង់​នៅពេលណា? នៅ​កន្លែងណា?

អ្នកដែល​ជាប់បន្ទុក​បង់ពន្ធ គឺ​​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​ជា​​អ្នក​ដែល​កាន់កាប់​អចលនទ្រព្យ ឬ​អ្នក​ដែល​ទទួល​ប្រយោជន៍​ចុងក្រោយ​នៃ​អចលនទ្រព្យ (អ្នកទទួល​សិទ្ធិប្រើប្រាស់ សិទ្ធិ​អាស្រ័យផល សិទ្ធិចាត់ចែង និង​សិទ្ធិ​អាស្រ័យ​នៅ​ចុងក្រោយ​)។

ពន្ធអចលនទ្រព្យ​នេះ​ ត្រូវ​បង់​​នៅតាម​សាខា​ពន្ធដារ​ខេត្ត ឬ​សាខា​ពន្ធដារ​​ខណ្ឌ​ (នៅ​រាជធានី​ភ្នំពេញ) ដែល​អចលនទ្រព្យ​ ​ស្ថិតនៅ ឬបង់​តាម​ប្រព័ន្ធ​ធនាគារ។ ពន្ធ​នេះ​​ត្រូវ​បង់​យ៉ាងយឺត​​បំផុត ត្រឹមថ្ងៃ​ទី៣០ ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ។

អ្នកជាប់បន្ទុក​បង់ពន្ធ ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ និង​​ធ្វើការ​គណនា​ប្រាក់ពន្ធ​ដោយ​ខ្លួនឯង។

សំណួរទី៣-តើ​ពន្ធលើ​អចលនទ្រព្យ​ត្រូវ​គណនា​យ៉ាងដូចម្តេច?

ពន្ធលើ​អចលនទ្រព្យ គឺ​ជា​ពន្ធ​ប្រចាំ​ឆ្នាំ (មួយ​ឆ្នាំ​បង់​ម្តង)។ អត្រាពន្ធ​ប្រចាំ​ឆ្នាំ គឺ ០,១%។ យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ចុះថ្ងៃទី៥ ឧសភា ២០១១ ​ការ​គណនា​ប្រាក់ពន្ធ​លើ​អចលនទ្រព្យ​ ត្រូវ​ធ្វើ​តាម​រូបមន្ត​ដូចខាងក្រោម៖

ប្រាក់ពន្ធ = (តម្លៃ​អចលនទ្រព្យ​សរុប x ៨០% - ១០០លាន​រៀល) x ០,១%

 
សំណួរទី៤-តើ​តម្លៃ​អចលនទ្រព្យ​ត្រូវ​កំណត់​ដូចម្តេច?

​​​​អនុគណៈកម្មការ​វាយតម្លៃអចលនទ្រព្យ គឺ​ជា​អ្នក​កំណត់​តម្លៃ​អចលនទ្រព្យ​ ដោយ​ប្រៀបធៀប​នឹង​តម្លៃ​ទីផ្សារ។

សម្រាប់​ឆ្នាំ​២០១១ តារាង​តម្លៃ​អចលនទ្រព្យ​ ដែល​កំណត់​ដោយ​​អនុគណៈកម្មការវាយតម្លៃ​អចលនទ្រព្យ ​មាន​ភ្ជាប់​ជា​ឧបសម្ព័ន្ធ ​នៅក្នុង​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ចុះថ្ងៃទី៥ ឧសភា ២០១១។ ​តារាង​តម្លៃ​អចលនទ្រព្យ​នេះ​​​ត្រូវ​​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅតាម​សាលា​ឃុំ-សង្កាត់​ពាក់ព័ន្ធ ​​នៅតាម​សាខា​ពន្ធដារ​ខេត្ត ឬ​សាខា​ពន្ធដារ​ខណ្ឌ (នៅ​រាជធានី​ភ្នំពេញ)​ និង​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ (www.tax.gov.kh)។

តម្លៃអចលនទ្រព្យ​ ត្រូវ​គិត​​​ជា​តម្លៃ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ ហើយ​អាច​​​ខុសគ្នា ​ទៅតាម​​​ប្រភេទ និង​​​ទីតាំង​របស់​អចលនទ្រព្យ (នៅ​ក្រុង នៅ​ខេត្ត នៅ​ជិតផ្សារ នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ជា​ផ្ទះ​ជាន់​ផ្ទាល់ដី ជាន់ទី១ ទី៣ ទី៤ ។ល។

ឧទាហរណ៍​អំពី​ការ​គណនា​ប្រាក់ពន្ធ​លើ​អចលនទ្រព្យ៖ ខ្ញុំ​មាន​ផ្ទះល្វែង ២ជាន់ ទទឹង ៤ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ (ទំហំ ១០០​ម៉ែត្រ​ការ៉េ) សង់​នៅលើ​ដី ដែល​មាន​ទំហំ​ប៉ុន​ផ្ទះ (ដើម្បី​ឲ្យ​ងាយយល់)។ ដី និង​ផ្ទះល្វែង​នេះ ស្ថិត​នៅ​មុខផ្សារ​ក្រចេះ ហើយ​ផ្ទះ​នេះ ជា​ផ្ទះចាស់ ​លើស​ពី ១០​ឆ្នាំ។ តើខ្ញុំ​ត្រូវ​បង់ពន្ធប៉ុន្មាន?

យោងតាម​​តារាង​តម្លៃ​អចលនទ្រព្យ ឆ្នាំ​២០១១ កំណត់​ដោយ​អនុគណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ៖

  • ដី នៅ​ជុំវិញ​ផ្សារក្រចេះ = ២៥០​ដុល្លារ ក្នុង​ ១ម៉ែត្រការ៉េ
  • ផ្ទះ​​ល្វែង​ជាន់ផ្ទាល់ដី = ១៧០​ដុល្លារ ក្នុង ១ម៉ែត្រ​ការ៉េ
  • ផ្ទះជាន់ទី១ = ១១០​ដុល្លារ ក្នុង ១ម៉ែត្រ​ការ៉េ

 
តម្លៃ​អចលនទ្រព្យ​របស់​ខ្ញុំ គឺ​មាន៖

  • ដី ១០០ម៉ែត្រ​ការ៉េ x ២៥០​ដុល្លារ                       =២៥ ០០០​ដុល្លារ
  • ផ្ទះជាន់ផ្ទាល់ដី ១០០ម៉ែត្រ​ការ៉េ x ១៧០​ដុល្លារ  = ១៧ ០០០ដុល្លារ
  • ផ្ទះជាន់ទី១ ១០០ម៉ែត្រ​ការ៉េ x ១១០​ដុល្លារ         = ១១ ០០០ដុល្លារ

                                                           ---------------------------------------------------
តម្លៃ​សរុប                           ​​                                         = ៥៣ ០០០ដុល្លារ ឬ​ ២១២​លាន​រៀល
(គិតតាម​អត្រាប្តូរប្រាក់ ១ដុល្លារ = ៤០០០​រៀល​ ​ដែល​កំណត់​ដោយ​អគ្គនាយកដ្ឋានពន្ធដារ សម្រាប់​ឆ្នាំ​២០១១)

ពន្ធ​ដែល​ត្រូវបង់៖

(២១២លានរៀល x ៨០% -​ ១០០លានរៀល) x ០,១% = ៦៩ ៦០០​រៀល (១៧,៤ដុល្លារ)

សំណួរទី៥-អ្នកដែល​មាន​អចលនទ្រព្យ​ច្រើន តើត្រូវ​គណនា​ពន្ធ​សរុប​រួមគ្នា ឬ​ត្រូវ​ធ្វើ​ដាច់ដោយឡែក​ពី​គ្នា?

អ្នក​ដែល​មាន​អចលនទ្រព្យ​ជា​ដី ហើយ​មាន​ផ្ទះ អគារ ឬ​សំណង់ សង់​នៅលើ​ដី​នេះ គឺ​គេ​រាប់​ជា​អចលនទ្រព្យ​តែមួយ ហើយ​ត្រូវ​យក​​តម្លៃ​សរុប ទាំងដី ទាំង​សំណង់ ដើម្បី​​យក​ទៅ​គណនា​ប្រាក់​ពន្ធ។

អ្នក​ដែល​មាន​អចលនទ្រព្យ​ច្រើន​ដាច់ពីគ្នា គឺ​ត្រូវ​​ធ្វើ​លិខិត​ប្រកាស​ពន្ធ​​ គណនា​ប្រាក់ពន្ធ និង​បង់ពន្ធ ទៅលើ​អចលនទ្រព្យ នីមួយៗ​ដាច់ពីដោយឡែក​ពីគ្នា (ប្រការ ១០ នៃ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ចុះថ្ងៃទី១៩ កក្កដា ឆ្នាំ​២០១០)។

សំណួរទី៦-នៅពេល​ទៅចុះបញ្ជីពន្ធ​អចលនទ្រព្យ ម្ចាស់ទ្រព្យ​ត្រូវ​ភ្ជាប់​ជាមួយ​​ឯកសារ​អ្វីខ្លះ?

ឯកសារភ្ជាប់ នៅពេល​ចុះបញ្ជីពន្ធ​លើ​អចលនទ្រព្យ៖

  • អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ឬ​សំបុត្របញ្ជាក់​កំណើត ឬ​ក៏​លិខិត​ឆ្លងដែន (សម្រាប់​ជនបរទេស)
  • ​សៀវភៅគ្រួសារ ឬ​សៀវភៅស្នាក់នៅ ឬ​លិខិត​បញ្ជាក់​ទីលំនៅ
  • បណ្ណសម្គាល់​សិទ្ធិ ឬ​បណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ចេញដោយ​រដ្ឋបាល​សុរិយោដី ឬក៏​ឯកសារ​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ ដែល​បញ្ជាក់ដោយ​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើងទៅ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ