ស.រ.អា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 28 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 28 កញ្ញា 2012

អ្នក​​ថត​ភាពយន្ត​​" Innocence of muslims" ​ជាប់​​ ឃុំឃាំង​​ក្នុង​ពន្ធនាគារ​នៅ​​Los Angeles​​

Nakoula Basseley Nakoula ត្រុវបានប៉ូលិសនៅCalifornie​ចាប់ខ្លន​នៅថ្ងៃ២៧កញ្ញា២០១២
Nakoula Basseley Nakoula ត្រុវបានប៉ូលិសនៅCalifornie​ចាប់ខ្លន​នៅថ្ងៃ២៧កញ្ញា២០១២
Reuters

ដោយ នុយ ប៊ែរណាដែត

អ្នក​ផលិត​ភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​« Innocence of muslims » ​ដែល​​បាន​ផ្សព្វ​​ផ្សាយ​​នៅ​តាម​ប្រព័ន្ធ​ Internet ​និង​បង្ក​ជា​​​អំពើ​ហិង្សា​​សម្លាប់​​មនុស្ស​​​នៅ​​តំបន់​ដើមបូព៌ា​​​​ ​ទើប​ត្រូវ​បាន​នគរបាល​អាមេរិក​ចាប់​ខ្លួន​និង​ឃុំឃាំង​​តាំង​ពី​ថ្ងៃ​​ព្រហស្បតិ៍​​​២៧​​កញ្ញា​ម្សិលមិញ​នៅ​ទីក្រុង​ LOS ANGELES។​ Nakoula Basseley Nakoula អាយុ​​​៥៥ឆ្នាំដែល​ត្រូវផ្តន្ទាទោស​​នៅ​ឆ្នាំ​ ២០១០​ពី​បទ​បន្លំ​ធនាគារ ​ត្រូវ​បាន​ចាប់​ខ្លួន​​​ពី​បទ​​មិន​​បាន​​គោរព​វិន័យ​និង​លក្ខខណ្ឌ​​នៃ​​ការ​​ដោះ​លែង​​គាត់​​ឲ្យ​នៅ​​ក្រៅ​​ឃុំ​បណ្តោះអាសន្ន​​​​ពាក់ព័ន្ធនឹងការផ្តន្ទាទោសពីលើកមុននិង​ ពុំមែន​ជាប់​ឃុំឃាំង​ដោយ​ហេតុ​មក​ពី​​ភាពយន្ត​​​ប្រមាថ​សាសនាអ៊ីស្លាមនោះឡើយ។

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

28/09/2012 by នុយ ប៊ែរណាដែត

Nakoula Basseley Nakoula អាយុ ៥៥​ឆ្នាំ​ដែល​ត្រូវ​បាន​នគរបាល​អាមេរិក​ចាប់​ខ្លួន​នៅ​ទីក្រុង Los Angeles ក្នុង​ពេល​រសៀល​ម្សិលមិញ បាន​ចូល​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្រុងតែ​មួយ​ភ្លែត​នៅ​យប់មិញ ដើម្បី​ឲ្យ​លោក Robert Dugdal រដ្ឋអាជ្ញា ក្រុង អាច​ប្រកាស​បញ្ជាក់​ថា អ្នក​ផលិតភាពយន្ត « Innocence of muslims »បាន​ប្រព្រឹត្ត​ល្មើស​​៨​លើក​ មិនគោរពលក្ខខណ្ឌ​របស់​​តុលាការ​​ក្នុង​​ការ​​ដោះ​លែង​​​​គាត់​​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ​ពាក់​ព័ន្ធ​នឹង​ការផ្តន្ទាទោស​គាត់​លើក​មុនៗ​ ដូច​ជា​ការ​លួច​បន្លំ​​ធនាគារ​ដោយ​ប្រើ​ឈ្មោះ ​បី ​ផ្សេង​គ្នា។
 
ក្នុងន័យ​នេះ​ហើយ បាន​ជាលោកស្រី Suzanne Segal ​ចៅក្រម​នៅ​ក្រុង Los Angeles បាន​សម្រេចចិត្ត​​បញ្ជូន​ខ្លួន​ Nakoula យកដាក់ឃុំឃាំងក្នុង​ពន្ធនាគារ។ លោក Nakoula ដែល​​​បាន​លាក់​ខ្លួន ​​ចាប់តាំង​​ពី​មាន​ការ​ផ្ទុះ​​រលក​ហិង្សា​នៅ​គ្រប់​ទិសទី​ក្នុង​ពិភពលោក ​ប្រឆាំង​ភាពយន្ត​របស់​​គាត់និងដែលបណ្តាល​ឲ្យស្លាប់ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់នៅលីប៊ី​​ ក៏ព្រម​ទាំង​ជន​មួយ​ចំនួន​ផ្សេងទៀត។
 
« លើកនេះ លោក Nakoula  ​លែងមានលទ្ធភាព​រស់​នៅក្រៅ​ឃុំ​​បណ្តោះ​​អាសន្ន ដូច​លើក​មុន​ទៀត​ឡើយ​ ​ទោះ​​ជា​ដាក់​លុយ​ធានា​ក៏ដោយក្តី ពី​ព្រោះ​​ ​លោក Nakoula  អាច​នឹង​​រត់​គេច​ខ្លួន​បាត់ ​និងក៏ជា​មនុស្ស​ដ៏​គ្រោះថ្នាក់​សំរាប់​សហគមន៍​ដែរ »​នេះ​ជា​ការ​ថ្លែង​បន្ថែម​របស់​ចៅ​ក្រម​អាមេរិក។​​ សូមបញ្ជាក់ថា សនាវការ​ បាន​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​នាទីតែ​​ប៉ុណ្ណោះ​​​​ ​ក្រោមការយាម​ឃ្លាំ​មើល​យ៉ាង​ម័តធ្យ័ត​​បំផុត​ពីសំណាក់​​នគរបាល​អាមេរិក។  
 
ម្យ៉ាងទៀត នៅពេលមកដល់តុលាការ លោក Nakoula Basseley Nakoula ​លាក់​​មុខយ៉ាង​ជិត ​ដោយ​ទទូរ​ក្រមាព័ណ៌ស ពាក់វែនតាខ្មៅ និង​ ​មួក​កាស្កែត ​។​ នគរបាលអាមេរិក បាន​​ចាត់​​វិធានការ​ការពារ​​សន្តិសុខ​ ដ៏ខ្ពស់បំផុតសម្រា​ប់អ្នកផលិតភាពយន្ត ​ប្រមាថ​សាសនា​អ៊ីស្លាម​នេះ ​​ដែល​ត្រូវ​រដ្ឋ​មន្ត្រីប៉ាគីស្ថានម្នាក់ ប្រកាស​​ផ្តល់​រង្វាន់ ​១សែន​ដុល្លារ​ ដល់​ជនណាមួយដែល អាចសម្លាប់​លោក Nakoula​ បាន​។ តែនៅពេលនេះ​ អ្នក​​ផលិត​ភាពយន្ត​ប្រមាថសាសនា​អ៊ីស្លាម​​ Nakoula  បាន​ចូល​ដេក​ក្នុង​​គុក​​អាមេរិកអស់មួយយប់ទៅ ហើយ​​ចាប់តាំង​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញម៉្លេះ៕​ ​

tags: ភាពយន្ត - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close