
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាត់វិធានការថ្មីមួយកាលពីថ្ងៃចន្ទសំដៅដោះស្រាយបញ្ហាដែលកើតឡើងដោយសារតែដីសម្បទានសេដ្ឋកិច្ច។ អំណឹះតទៅ រដ្ឋាភិបាលបានផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចមួយរយៈ។ ចំពោះក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណរួចហើយត្រូវគោរពតាមលក្ខខណ្ឌតម្រូវទាំងឡាយឲ្យបានត្រឹមត្រូវដើម្បីចៀសវាងផលប៉ះពាល់ដល់ដីសហគមន៍ប្រជាពលរដ្ឋ។ បើមិនដូច្នោះទេ រដ្ឋាភិបាលនឹងដកហូតដីមកវិញ។ នេះជាជំហានសំខាន់មួយក្នុងការព្យាបាល«ជំងឺដីធ្លី»នៅកម្ពុជា។ តើអ្វីទៅជាឬសគល់នៃបញ្ហាដីសម្បទានសេដ្ឋកិច្ច?
ទីបំផុតទៅ មានពន្លឺហើយសម្រាប់ដំណោះស្រាយបញ្ហាដីធ្លី។ ប្រមុខរដ្ឋាភិបាលទើបតែចេញបទបញ្ជាដ៏សំខាន់មួយសំដៅដោះស្រាយវិបត្តិសង្គមដ៏ធ្ងន់ធ្ងរដែលកើតចេញពីដីសម្បទានសេដ្ឋកិច្ច។ ការផ្អាកផ្តល់ដីសម្បទានថ្មី និងការរឹតបន្តឹងការគ្រប់គ្រងដីសម្បទានដែលបានផ្តល់រួចហើយជាវិធានការចាំបាច់មិនអាចខ្វះបានទោះបីជាវាហាក់ដូចជាយឺតពេលបន្តិចក៏ដោយ។
អ្វីជាការកត់សម្គាល់នោះគឺ វិធានការរបស់រដ្ឋាភិបាលត្រូវបានចាត់ឡើងខណៈដែលបញ្ហាដីសម្បទានសេដ្ឋកិច្ចបានក្លាយជាវិបត្តិសង្គមដ៏ធំធេងមួយគួរឲ្យព្រួយបារម្ភ។ ក្តីបារម្ភនេះមិនមែនកើតមានតែក្នុងចំណោមមជ្ឈដ្ឋានក្នុងប្រទេសទេ តែវាក៏ជាចំណាប់អារម្មណ៍ជាអន្តរជាតិមួយដែរ។ ជាក់ស្តែង អ្នករាយការណ៍ពិសេសរបស់សហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោក សុរិយា ស៊ូប៊ែឌី ដែលកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជាក៏បានយកបញ្ហាដីសម្បទានសេដ្ឋកិច្ចនេះមកធ្វើជារបៀបវារៈសម្រាប់បេសកកម្មរបស់ខ្លួនដែរ។
វាមិនមែនជារឿងចៃដន្យទេដែលលោកស៊ូប៊ែឌី ផ្តោតលើបញ្ហានេះ។ មិនចៃដន្យពីព្រោះដីសម្បទានសេដ្ឋកិច្ចជាបញ្ហាធំធេងមួយសម្រាប់ប្រទេសកម្ពុជា។ មានមនុស្សកាន់តែច្រើនឡើងៗក្លាយជាជនរងគ្រោះដោយសារតែដីសម្បទានសេដ្ឋកិច្ច។ និយាយតាមបែបផ្សេងគឺបញ្ហាដីសម្បទានសេដ្ឋកិច្ចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនខ្លាចរអាការអភិវឌ្ឍន៍។
ជាទូទៅទីណាដែលរដ្ឋាភិបាលផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនឯកជន ទីនោះតែងតែផ្ទុះបញ្ហាដោយសារតែវិវាទដីធ្លី និងការបំពានសិទ្ធិប្រជាសហគមន៍។ ការរំលោភដីធ្លីកើតឡើងដោយសារតែផ្ទៃដីរាប់ម៉ឺនហិកតាដែលរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នោះ តែងតែប៉ះពារដល់ដីលំនៅដ្ឋាន ឬដីស្រែចម្ការរបស់អ្នកស្រុក។ ចំណែកឯបញ្ហាបំពានសិទ្ធិវិញកើតឡើងដោយសារក្រុមហ៊ុនដែលទទួលបានសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលតែងបិទសិទ្ធិមិនឲ្យអ្នកស្រុកប្រកបរបរចិញ្ចឹមជីវិតដូចពីមុនបានទៀតឡើយដូចជា ការរកជ័រ បោចវល្លិ៍ ឬអនុផលព្រៃឈើផ្សេងទៀត ត្រូវបានគេហាមឃាត់។ ក្រៅពីនោះ ម្ចាស់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចច្រើនតែផ្តើមសកម្មភាពដោយការកាប់ឈើលក់។ នៅកន្លែងខ្លះ ការកាប់ឈើលក់បានចំណូលយ៉ាងស្រួលនិងយ៉ាងក្រាស់ក្រែល ដោយមិនចាំបាច់អភិវឌ្ឍន៍អ្វីទាំងអស់។ មិនត្រឹមតែកាប់ឈើក្នុងបរិវេណដីសម្បទានរបស់ខ្លួនប៉ុណ្ណោះទេ តែក្រុមហ៊ុនខ្លះបានប្រើប្រាស់ដីសម្បទានសម្រាប់ស្តុកឈើមកពីកន្លែងផ្សេងដើម្បីដឹកចេញទៅលក់ទៀតផង។ នេះជាចំណុចគ្រោះថ្នាក់មួយដ៏ធំក្នុងបញ្ហាដីសម្បទានសេដ្ឋកិច្ច។ គ្រោះថ្នាក់ដោយសារ, ទី១៖ ប្រជាពលរដ្ឋអស់ដី និងបាត់បង់ផលប្រយោជន៍, ទី២៖ ព្រៃឈើត្រូវបានកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរក្រោមស្លាកអភិវឌ្ឍន៍ និងទី៣៖ លទ្ធផលដែលទទួលបានពីការអភិវឌ្ឍន៍មានតិចតួចខុសពីការរំពឹងទុក។
ចំណុចគ្រោះថ្នាក់ទាំងនេះហើយដែលទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការ។ ប៉ុន្តែ វិធានការនេះនៅមិនទាន់គ្រប់គ្រាន់ទេ។ បញ្ហាដីសម្បទានសេដ្ឋកិច្ចត្រូវគេមើលឃើញថាមានឬសគល់ចេញពីការឃុបឃិតរបស់មន្ត្រីមួយចំនួន។ នេះជាចំណុចគន្លឹះមួយទៀតដែលរដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់។ មន្ត្រី«ពុករលួយ»មួយចំនួននោះបានឈរជាខ្នងបង្អែកឬដើរតួជាអ្នកជួយសម្រួលឲ្យក្រុមហ៊ុនទទួលបានដីសម្បទានជាថ្នូរនឹងការទទួលបានផលប្រយោជន៍។ ហេតុនេះហើយបានជាបញ្ហាតែងតែកើតឡើងពីដីសម្បទាន ហើយរាល់បញ្ហាទាំងនោះមិនងាយនឹងដោះស្រាយបានឡើយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានចាប់យកបញ្ហានេះមកដោះស្រាយហើយ។ ការផ្អាកផ្តល់ដីសម្បទានថ្មី និងការពង្រឹងការត្រួតពិនិត្យដីសម្បទានចាស់ដែលបានផ្តល់រួចហើយគឺជាវិធានការចាំបាច់។ ប៉ុន្តែ ការគាស់រំលើងខ្សែបណ្តាញអ្នកឃុបឃិតគឺជាកិច្ចការដ៏សំខាន់មួយទៀតដែលមិនអាចមើលរំលងបាន ប្រសិនបើរដ្ឋាភិបាលចង់ព្យាបាលជំងឺដីសម្បទានសេដ្ឋកិច្ចកុំឲ្យក្លាយជាមហារីកសង្គម៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ