កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 05 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 05 តុលា 2012

បណា្តញ​សហគមន៍​ព្រៃឡង់​កំពុង​ឃ្លាំមើល​ការ​លុប​សម្បទាន​ដី​សេដ្ឋកិច្ច​ ក្នុង​ព្រៃឡង់​

ប្រជា​សហគមន៍​ព្រៃឡង់​ចូល​ព្រៃ​ជា​ថ្មី​តាមដាន​ការ​កាប់​ឈើ​ខុស​ច្បាប់​
ប្រជា​សហគមន៍​ព្រៃឡង់​ចូល​ព្រៃ​ជា​ថ្មី​តាមដាន​ការ​កាប់​ឈើ​ខុស​ច្បាប់​
RFI/Leang Delux

ដោយ លី ម៉េងហួរ

ប្រជាសហគមន៍​នៃ​បណ្តាញ​ព្រៃឡង់ ទាំង ៤ ខេត្ត​រួម​មាន​៖ ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ និង​អង្គការ​ដែល​ជា​មិត្ត​ព្រៃឈើ បាន​ប្រកាស​ស្វាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​​លុប​ចោល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប្រមាណ​ជាង ២០ ក្រុមហ៊ុន ក្នុង​តំបន់​ព្រៃឡង់។ ក៏​ប៉ុន្តែ​សកម្មជន​ការពារ​ព្រៃឡង់ នៅ​តែ​មាន​ការ​ព្រួយបារម្ភ ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ដែល​កំពុង​រីក​រាលដាល​និង​បន្ត​ការ​ផ្តល់​សម្បទាន​ផ្សេង​ទៀត ដែល​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃស្រោង។

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ
 

05/10/2012 by លី ម៉េងហួរ

 

សេចក្តី​ប្រកាស​រួម​របស់​បណ្តាញ​ព្រៃឡង់ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១២ បង្ហាញ​ថា កាលពី​ថៃ្ង​ទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១២ ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ប្រជុំ​សំរេច ស្តីពី ការ​លុប​ចោល​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​​ជាង ២០ ក្រុមហ៊ុន ក្នុង​តំបន់​ព្រៃឡង់។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ សកម្មជន​ព្រៃឡង់ ប្រកាស​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​​ក្នុង​តំបន់​ព្រៃឡង់ មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ណា​មួយ ​បាន​ដក​ចេញ និង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះឡើយ​។
 
បណ្តាញ​ព្រៃឡង់ នៅ​តែ​បង្ហាញ​ការ​ព្រួយបារម្ភ ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ដែល​កំពុង​រីក​រាលដាល និង​បន្ត​ការ​ផ្តល់​សម្បទាន​ផ្សេង​ទៀត ដែល​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃ​ស្រោង នៅ​តំបន់​ព្រៃឡង់ ដែល​គ្រប​ដណ្តប់ ក្នុង​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្ត​ព្រះវិហារ។
 
សេចក្តី​ប្រកាស​រួម ក៏​បាន​បង្ហាញ​ពី​ឈ្មោះ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​កំពុង​ធើ្វ​អាជីវកម្ម ក្នុង​តំបន់​ព្រៃឡង់ បច្ចុប្បន្ន រួមមាន៖ ក្រុមហ៊ុន C R C K Rubber Development Co., Ltd. I ( ស្រុក​សណា្តន់ ខេត្តកំពង់ធំ), Heam Kok Ham Co.,Ltd ( ស្រុកសណា្តន់ ខេត្តកំពង់ធំ), Chhun Hong Rubber Better (ស្រុកសំបូរខេត្តក្រចេះ), C X P B Development (ស្រុកសំបូរ ខេត្ត​ក្រចេះ), Timas Resources (កំពង់ធំ និងខេត្តក្រចេះ), P N T Co, Ltd (ព្រះវិហារ), Thy Nga Development and Investment Co., Ltd (កំពង់ធំ និងព្រះវិហារ), Heng You (Cambodia) Company Limited (ព្រះវិហារ), Heng Ruy (Cambodia) International Company Limited (ព្រះវិហារ), Heng Nong(Cambodia) Company Limited (ព្រះវិហារ), Teng Saravuth Campany (កំពង់ធំ), Sok Somnang Development Company។
 
បណា្តញ​សហគមន៍​ព្រៃឡង់ និង​មិត្ត​ព្រៃឈើ បាន​សំណូមពរ​ដល់​រដា្ឋភិបាល​កម្ពុជា សូម​មេតា្ត​ជួយ​បង្ហាញ​ឈោ្មះ​ក្រុមហ៊ុន​ពិត​បា្រកដ ដែល​បាន​សំរេច​លុប​ចោល​ដី​សម្បទាន ក្នុង​តំបន់​ព្រៃឡង់ ដើម្បី​អោយ​សហគមន៍​ព្រៃឡង់ បាន​ចូល​រួម​ចំណែក​សហការ និង​តាម​ដាន។
ទន្ទឹម​នឹង​នេះ សហគមន៍​ព្រៃឡង់ ក៏​សូម​ស្វាគមន៍​ដល់​សេចក្តី​ព្រាង​អនុក្រិត្យ​របស់​រដ្ឋាភិបាល ដើម្បី​ដាក់​ព្រៃឡង់ ជា​តំបន់​ការពារ​រួមគា្ន ជាមួយ​សហគមន៍​ព្រៃឡង់ ក្នុង​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​​កំណត់ព្រំ​ប្រទល់ និង​ការ​គ្រប់គ្រង​ព្រៃឈើ។ សហគមន៍​ព្រៃឡង់​សង្ឃឹម​ថា រដ្ឋាភិបាល នឹង​ពន្លឿន​ដំណើរការ​នេះ ដើម្បី​កុំ​ឲ្យ​ព្រៃឡង់​បាត់បង់ ដោយសារ​តែ​ការ​កាប់​បំផ្លាញ ការទន្ទ្រាន និង​ការ​គំរាម​កំហែង​ដល់​ព្រៃឈើ។
 
សូម​រម្លឹក​ថា ព្រៃ​ឡង់​ មាន​ទំហំ ប្រមាណ ៣.៦០០ គីឡូម៉ែត្រ​ក្រឡា​ ជា​ប្រភព នៃ​អនុផល​ព្រៃ​ឈើ​​យ៉ាងសំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ ​ជា​ជនជាតិភាគតិច​ប្រមាណ​ជាង ៦០.០០០ គ្រួសារ ក្នុងភូមិ​ជិត ៤០០ ភូមិ ដែល​ស្ថិត​នៅក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ ដែល​អ្នកខ្លះ​ប្រកបរ​បរបោច​វ​ល្លិ៍ រក​ជ័រ និង​បេះ​ផ្លែឈើ​លក់​ចិញ្ចឹមជីវិត​។ ទន្ទឹម​នឹង​នេះ ព្រៃ​ឡង់​ជា​ជម្រក​ជីវសាស្ត្រ​ចម្រុះ​ច្រើន​ប្រភេទ ក៏ដូច​ជា ជួយ​ទប់ស្កាត់​គ្រោះធម្មជាតិ និង​ជួយ​ស្រូប​យក​ឧស្ម័ន​កាបូ​និក ដើម្បី​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ទៀតផង​។

កន្លងមក សកម្មជន​ការពារ​ព្រៃឡង់ បាន​បើក​យុទ្ធនាការ ជា​បន្តប​ន្ទាប់ ចូល​រុករក​បទល្មើស​ព្រៃឈើ នៅ​ក្នុង​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីទប់​ស្កាត់​បទល្មើស​កាប់ឈើ ក្នុង​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដី​ព្រៃ​សម្បទាន​ជាច្រើន៕

 

tags: កម្ពុជា - ជម្លោះដីធ្លី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close