ប្រធានាធិបតីភូមាអំពាវនាវឱ្យគោរពលទ្ធផលនៃការបោះឆ្នោត
ដំណើរការបោះឆ្នោតសភាមួយភាគរបស់ភូមា នៅថ្ងៃអាទិត្យទី១មេសា ២០១២ នឹងត្រូវតាមដានសង្កេតមើល ដោយពិភពលោកទាំងមូល ! ហេតុដូច្នេះហើយ បានជាលោក ធេន សេន ប្រធានាធិបតីភូមា បានថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ប្រកាសអំពាវនាវ នៅចន្ទទី ២៦មីនា នេះឱ្យគ្រប់ភាគីគោរពលទ្ធផលឆ្នោត ដែលជាសំឡេងរបស់ប្រជាពលរដ្ឋភូមា។
“រាល់ការបោះឆ្នោត តែងមានអ្នកចាញ់ និងអ្នកឈ្នះ !” យើងត្រូវតែធ្វើការរួមគ្នា ដើម្បីធានាឱ្យមានលទ្ធផលមួយ ដែលគ្រប់គ្នាអាចទទួលបាន ! នេះជាប្រសាសន៍លោកប្រធានាធិបតី ធេន សេន ចុះផ្សាយដោយសារព័ត៌មាន New Light of Myanmar នៅថ្ងៃចន្ទទី២៦មីនានេះ ពោលគឺ៦ថ្ងៃមុន សម័យបោះឆ្នោតសភាមួយភាគរបស់ភូមា ថ្ងៃទី១ មេសា ២០១២។ ជាការបោះឆ្នោតដែលមានលោកស្រី អ៊ុង សានស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព និងជាប្រមុខបក្សប្រឆាំង ឈរឈ្មោះម្នាក់ផង។
តាមការពិត លោក ធេន សេន ដែលតាំងពីបានឡើងកាន់តំណែងជាប្រធានាធិបតីភូមាមក បានខិតខំធ្វើកំណែទម្រង់ជាច្រើន បន្តបន្ទាប់គ្នា យល់ច្បាស់អំពីផលប្រយោជន៍នៃការរៀបចំ ដំណើរការបោះឆ្នោត ដោយ ត្រឹមត្រូវ។ ពិភពលោកទាំងមូល នឹងបាញ់ចក្ខុព្រមគ្នាសំដៅទៅលើការបោះឆ្នោតសភាភូមាលើកនេះ។ បើមានការបោះឆ្នោតត្រឹមត្រូវ ទណ្ឌកម្មរបស់បស្ចិមលោកដាក់លើភូមាតាំងពីច្រើនឆ្នាំមកទំនងជា ត្រូវសើរើឡើងវិញ។
ហេតុដូច្នេះហើយបានជាលោកប្រធានាធិបតី ធេន សេន នៅថ្ងៃនេះ មិនសំចៃនឹងបង្ហាញពីចេតនាចង់បានការបោះឆ្នោតត្រឹមត្រូវ និងដោយសេរី ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីគោរពសំឡេងម្ចាស់ឆ្នោត និងហ៊ានទទួលស្គាល់បរាជ័យ។ លោកថែមទាំងបានទទួលស្គាល់កំហុសឥតប្រយោជន៍ខ្លះ ដែលបានកើតមានឡើង ដោយសន្យាប្រគល់ភារកិច្ចទៅគណៈកម្មការបោះឆ្នោតកែប្រែការខុសឆ្គងទាំងនោះ។ ព្រោះកាលពីសប្តាហ៍មុន គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី បានបរិហារជាច្រើនលើកច្រើនសា អំពីវិសមភាពនៃការឃោសនាបោះឆ្នោត។
ប៉ុន្តែទោះជាមានលទ្ធផលយ៉ាងណា ក៏គណបក្សកាន់អំណាច មិនព្រួយបារម្ភដែរ ព្រោះគណបក្សនេះមានអាសនៈដល់ទៅ៨០%នៅសភា ហើយមានកៅអីតែ៤៥ប៉ុណ្ណោះ ដែលត្រូវយកមកប្រជែងគ្នានៅថ្ងៃអាទិត្យខាងមុខនេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati













អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ