លោកនាយករដ្ឋមន្ត្រីសម្រេចអោយបន្តការនាំចេញត្រីទឹកសាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចនៅថ្ងៃសុក្រនេះ អនុញ្ញាតអោយមានការនាំចេញត្រីទឹកសាបទៅក្រៅប្រទេសជាធម្មតា។ សេចក្តីសម្រេចនេះធ្វើឡើងចំពេលដែលមានការអនុវត្តន៍ខ្វែងគំនិតគ្នារវាងអាជ្ញាធរទន្លេសាប និងក្រសួងកសិកម្ម។ នៅពេលដែលអាជ្ញាធរអះអាងថាខ្លួនកំពុងឆែកឆេរអោយឈ្មួញនាំត្រីចេញពីកម្ពុជាបំពេញបែបបទតាមផ្លូវច្បាប់ រដ្ឋបាលជលផលបានអះអាងថាអាជ្ញាធរទន្លេសាបឃាត់ត្រីនាំដែលត្រូវនាំចេញធ្វើអោយខូចគុណភាពត្រី។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែនបានធ្វើសេចក្តីសម្រេចមួយនៅថ្ងៃសុក្រនេះ អនុញ្ញាតអោយមានការនាំចេញត្រីទឹកសាបពីកម្ពុជាជាធម្មតា លើកលែងតែមានការសម្រេចជាថ្មីផ្សេងពីនេះ។ សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺជាការទម្លុះទម្លាយការអនុវត្តន៍ខ្វែងគ្នារវាងក្រសួងកសិកម្ម និងអាជ្ញាធរទន្លេសាប។
នៅពេលដែលក្រសួងកសិកម្មអះអាងអំពីភាពនៅជាធរមាននៃច្បាប់នាំចេញផលនេសាទ អាជ្ញាធទន្លេសាបដែលទទួលបញ្ជាពីរដ្ឋាភិបាលអោយអនុវត្តវិធានការជំហានទី២ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នោះ ទំនងជាបានធ្វើអោយប៉ះពាល់ដល់ពេលវេលានៃការនាំចេញផលនេសាទទឹកសាប។
ប្រធានរដ្ឋបាលជលផលលោក ណៅ ធួក បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរទន្លេសាបបានឃាត់ទុកត្រីដែលត្រូវនាំចេញ មានទាំងត្រីស្រស់ និងត្រីដែលកែច្នៃហើយ នៅតាមព្រំដែនជាប់ជាមួយប្រទេសវៀតណាម និងប្រទេសថៃ។ អគ្គលេខាធិការអាជ្ញាធរទន្លេសាបវិញ បានស្នើអោយរដ្ឋបាលជលផលបង្ហាញភស្តុតាងចំពោះការចោទប្រកាន់ថាអាជ្ញាធរទន្លេសាបឃាត់ត្រីនាំចេញនេះ ហើយបញ្ជាក់ថា ពួកគេគ្រាន់តែណែនាំអោយឈ្មួញនាំចេញទាំងនោះបំពេញបែបបទលក្ខខណ្ឌនាំចេញតាមច្បាប់អោយបានត្រឹមត្រូវប៉ុណ្ណោះ។
គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី១៣មករា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ