រុស្ស៊ី-តាហ្ស៊ីគីស្ថាន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 05 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 05 តុលា 2012

លោក​ពូទីន​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​ រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​តាហ្ស៊ីគីស្ថាន​

លោក​ប្រធានាធិបតិតាហ្ស៊ីគីស្ថាន​ Emomali Rakhmon និង​លោក​ប្រធានាធិបតីពូទីន
លោក​ប្រធានាធិបតិតាហ្ស៊ីគីស្ថាន​ Emomali Rakhmon និង​លោក​ប្រធានាធិបតីពូទីន
RFI/Keo Chhaya

ដោយ កែវ ឆាយា

ជា​លទ្ធផល​ទស្សនកិច្ច​នឹង​មាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន ស្តី​អំពី​ទំនាក់​ទំនង រវាង​រុស្ស៊ី​និង​តាហ្ស៊ីគីស្ថាន​ដែល​ជា​រដ្ឋ​ឯករាជ្យ​ថ្មី​ស្ថិត​នៅ​តំបន់​អាស៊ី​កណ្តាល តំបន់​ដែល​តាំងពី​ជំនាន់​សូវៀត​មក​ជា​ដែន​ឥទ្ធិពល​របស់​រុស្ស៊ី។សំខាន់​ជាង​គេ​សម្រាប់​រុស្ស៊ី គឺ​ឯកសារ​ឆ្ពោះ​ទៅ​ពង្រឹង​មូលដ្ឋាន​ទ័ព​រុស្ស៊ី ​នៅ​លើ​ដែនដី​តាហ្ស៊ីគីស្ថាន​ដើម្បី​ប្រឈម​នឹង​ពួក​ភេរវនិយម​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ក្រោយ​ពី​ទ័ព​អាមេរិកាំង​ក្នុង​ឆ្នាំ​២០១៤​នឹង​ដក​ចេញ​ពី​ប្រទេស​នោះ​ទៅ​ប្រទេស​ដែល​មាន​ព្រំដែន ជាប់​ផ្ទាល់​នឹង តាហ្ស៊ីគីស្ថាន។

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ
 

05/10/2012 by កែវ ឆាយា

 
គូរ​កត់​សម្គាល់​ថា​ថ្នាក់​ដឹកនាំ​រុស្ស៊ី ដែល​សម្រេចចិត្ត​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​នេះ ឬ​នោះ លុះណា មាន​ឯកសារ​ទ្វេ​ភាគី ត្រៀម​ទុក​ជាស្រេច សម្រាប់​ទទួល ការ​ចុះ​ហត្ថលេខា។ មិនតែ​ប៉ុណ្ណោះ ទស្សនកិច្ច​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន នៅ តាហ្ស៊ីគីស្ថាន លើក​នេះ គឺ​ធ្លាក់​ចំ​កាលបរិច្ឆេត​ខួប គម្រប់​៦០​ឆ្នាំ នៃ​លោក ប្រធានាធិបតី តាហ្ស៊ីគីស្ថាន Emomali Rakhmon នៅ​ថ្ងៃ​ទី​៥​តុលា​នេះ​តែ​ម្តង ដែល​អាយុ​២​ថ្ងៃ​បង​លោក​ពូទីន ដ្បិត លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី​ផ្ទាល់ នឹង​ប្រារព្ធ​ខួប​៦០​ឆ្នាំ​របស់​ខ្លួន​ដែរ នៅ​ថ្ងៃ​ខាន​ស្អែក​ទី ៧​តុលា។
 
កម្មវត្ថុ​នៃ​កិច្ច​ចរចា​កំពូល​ទ្វេ​ភាគី​ថ្ងៃ​នេះ គឺ​អំពី ការ​ពង្រីក​សហប្រតិបត្តិការ វិស័យ នយោបាយ យោធា​សេដ្ឋកិច្ច ថាមពល មនុស្សធម៌។ ពិតជា ប៉ះ​ទៅ​លើ​វិស័យ​ទាំង​នេះ ដែល​នឹង​មាន​ចុះ កិច្ច​ព្រមព្រៀង​សមស្រប។ បន្ទាប់​មក រដ្ឋ​បុរស​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍ ទៅ​កាន់ ពួក​អ្នក​កាសែត។ រួច​មក លោក​ពូទីន អម​ដំណើរ​ដោយ លោក Rakhmon នឹង​អញ្ជើញ ទៅ​ធ្វើ​អធិការកិច្ច នៅ” មូលដ្ឋាន​ទ័ព​រុស្ស៊ី​ទី​២០១” ដែល​ស្ថិត​នៅ​លើ​ដែនដី​តាហ្ស៊ីគីស្ថាន​តាំង​ពី​ឆ្នាំ​២០០៤​មក សម្រាប់​អំឡុង​ពេល​១០​ឆ្នាំ គឺ​ត្រូវ​អស់​សុពលភាព នៅ​ឆ្នាំ​២០១៤។
 
ក្នុង​ចំណោម ឯកសារ​ចុះ​ថ្ងៃ​នេះ មាន​កិច្ច​ព្រមព្រៀង​មួយ ដែល​ចែង​អំពី​ការ​ពន្យារ​វត្តមាន​នេះ សម្រាប់​៣០​ឆ្នាំ​ទៀត រាប់​ពី​ឆ្នាំ​នេះ​ទៅ​គឺ​រហូត​ដល់​ឆ្នាំ​២០៤២។ ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ គឺ​ថា ” មូលដ្ឋាន​ទ័ព​រុស្ស៊ី​ទី​២០១” មាន​ភារកិច្ច ជួយ​ពង្រឹង និង ការពារ ឯករាជ្យ​រដ្ឋ​តាហ្ស៊ីគីស្ថាន ក៏​ដូច​ជា​សម្រាប់​បម្រើ​ផល​ប្រយោជន៍​របស់​រដ្ឋ​រុស្ស៊ី នៅ​តំបន់។
 
តាម​ដែល BBC កត់​សម្គាល់ មូលដ្ឋាន​នេះ ជា​មូលដ្ឋាន​យោធា​ធំ​បំផុត​របស់​រុស្ស៊ី នៅ​ក្រៅ​ពី ព្រំដែន​រុស្ស៊ី​និង​ជា​អង្គភាព​ទ័ព​រុស្ស៊ី​មួយ ដ៏​មាំមួន​និង​ខ្លាំង​បំផុត ប្រចាំ​នៅ​តំបន់​អាស៊ី​កណ្តាល។​ ”មូលដ្ឋាន​ទ័ព​រុស្ស៊ី​ទី​២០១” ជា​មូលដ្ឋាន​ទ័ព​ជើង​គោក រាយ​នៅ​តាម​ទីក្រុង​បី របស់ តាហ្ស៊ីគីស្ថាន
ពោល គឹ​រដ្ឋធានី Douchanbe និង​ក្រុង​២​ទៀត គឺ​ក្រុង Kouliab និង ក្រុង Kourgan-Tioube។
 
 យោធា​រុស្ស៊ី ​ដែល​ឈរ​ជើង​នៅ​ទីនោះ សរុប​ទៅ មាន​ចំនួន ៧.៥០០​នាក់។ ថ្នាក់​ដឹកនាំ​រុស្ស៊ី តែង ថ្លែង​ថា មូលដ្ឋាន​នេះ ដើរ​តួ​សំខាន់​មិន​គ្រាន់តែ​សម្រាប់​ប្រឈម​នឹង​ពួក​ភេរវនិយម​តាលីបង់ នៅ​អាហ្វហ្កានីស្ថាន ជិត​ខាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រឈម​នឹង​ចរាចរណ៍​គ្រឿង​ញឿន​ ដែល​រមែង ហូរ​ចេញ​មក​ពី​ប្រទេស​នោះ៕

tags: តាហ្ស៊ីគីស្ថាន
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close