បារាំងរៀបចំទំព័រនយោបាយថ្មី ជាមួយក្រុមប្រឹក្សាជាតិស៊ីរី
ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានទទួលជួប នៅវិមានអេលីហ្សេ ក្រុមប្រតិភូក្រុមប្រឹក្សាជាតិស៊ីរី នៅរសៀលថ្ងៃអង្គារទី២១សីហាម្សិលមិញ។ ក្នុងឱកាសនោះ លោកប្រធានាធិបតី បានលើកឡើងពីផែនការរៀបចំប្រទេសស៊ីរី ដោយគ្មានលោក បាស្ហារ អែល-អាសាដ និងការបង្កើតរដ្ឋាភិបាលស៊ីរីថ្មី។
លោក ហ្វ្រង់ស័រ ហូឡង់ បានអបអរសាទរការងាររបស់ក្រុមប្រឹក្សាជាតិស៊ីរី ដែលជាតំណាងបក្សប្រឆាំងនឹងរបបដឹកនាំផ្តាច់ការ បាស្ហារ អាល-អាសាដ (Bachar Al-Assad)និងបានសម្តែងក្តីសង្ឃឹមថា នឹងបានឃើញក្រុមប្រឹក្សាជាតិ ប្រមូលផ្តុំគ្រប់ចលនាប្រឆាំងឱ្យក្លាយជាធ្លុងមួយ។
ចំណែកក្រុមប្រឹក្សាជាតិស៊ីរីវិញ កំពុងសិក្សាលើការបង្កើតរដ្ឋាភិបាលអន្តរកាល ដែលមានសមាជិកមកពីគ្រប់និន្នាការ។ “បាស្ហារ អាល-អាសាដ ជានិមិត្តរូបនៃការដឹកនាំប្រទេសដោយបក្សពួកមួយក្តាប់តូច។ ទម្លាក់ក្រុមនេះពីអំណាច គឺជាបិទបញ្ចប់ការសម្លាប់រង្គាល។ ក្រុមប្រឹក្សាជាតិស៊ីរី កំពុងសិក្សាបង្កើតរដ្ឋាភិបាលថ្មីបណ្តោះអាសន្ន។ មិនមែនជាការអនុគ្រោះយោគយល់ដល់ក្រុមណាមួយឡើយ គ្រប់ក្រុមជាតិពិន្ធុភាគតិច សាសនា នឹងត្រូវបញ្ចូលជាសមាជិករដ្ឋាភិបាលអន្តរកាល ទាំងអស់ដើម្បីនាំស៊ីរីឱ្យក្លាយជាប្រទេសប្រជាធិបតេយ្យ មានចម្រុះសាសនា និងនិកាយជាតិសាសន៍”។ នេះជាបើតាមប្រធានក្រុមប្រឹក្សាជាតិស៊ីរី អាដែល បាសេត សាយដា (Abdel Basset Sayda) ដែលបានអះអាងបន្ថែមទៀតថា ការបង្កើតរដ្ឋាភិបាលថ្មី មិនត្រូវបានប្រកាសភ្លាមៗទេ ព្រោះត្រូវការពិគ្រោះពិភាក្សាច្រើនទៀត ដោយសន្សឹមៗ និងមិនបង្ខំ។ សំខាន់បំផុត ត្រូវបង្កើតរដ្ឋាភិបាលនៅក្នុងប្រទេស មិនមែននៅក្រៅ ជារដ្ឋាភិបាលនិរទេសទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ