សង្គមស៊ីវិលត្រៀមបញ្ជូនអនុសាសន៍ទៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍
អង្គការសង្គមស៊ីវិលនៅកម្ពុជានឹងជួបប្រជុំគ្នានៅថ្ងៃអង្គារស្អែកដើម្បីប្រមូលគំនិតយោបល់អំពី បញ្ហាអភិវឌ្ឍន៍នៃប្រទេសកម្ពុជាក្នុងឆ្នាំ២០១០-២០១២នេះ។ ការពិគ្រោះយោបល់នេះត្រូវរៀបចំមួយថ្ងៃមុនកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ក្នុងចំណោមមតិ និងអនុសាសន៍ជាច្រើនចំណុចនោះ សង្គមស៊ីវិលនឹងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើ ការអនុម័តសេចក្តីព្រាងច្បាប់ស្តី សិទ្ធិក្នុងការទទួលព័ត៌មាន ហើយដែលអនុសាសន៍ទាំងនេះនឹងត្រូវផ្ញើទៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
តំណាងអង្គការក្រៅរដ្ឋាភិបាលប្រមាណ១០០នាក់នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារស្អែកនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយដើម្បីប្រមូលគំនិត និងអនុសាសន៍ស្តីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងឆ្នាំ២០១០ដល់២០១២។
ប្រធានបទជាច្រើននឹងត្រូវឡើង ហើយអត្ថបទអនុសាសន៍ដែលរកឃើញនៅក្នុងកិច្ចពិភាក្សានោះ នឹងក្លាយទៅជាគោលជំហររបស់អង្គការក្រៅរដ្ឋាភិបាលដែលចង់ចូលរួមចំណែកនៅក្នុងការកសាងកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញថា ក្រៅពីប្រធានបទអាទិភាព ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីសិទ្ធិក្នុងការទទួលបានព័ត៌មានដែលសង្គមស៊ីវិលខិតខំជំរុញអោយមានការអនុម័តអោយបានឆាប់នោះ ការស្វែងរកអនុសាសន៍ផ្សេងទៀតនឹងត្រូវធ្វើទៅលើប្រធានសំខាន់ដទៃទៀតដូចជា ការគ្រប់គ្រងចំណូលពីឧស្ម័ន និងប្រេងកាត កំណែទម្រង់ច្បាប់ និងតុលាការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បញ្ហាដីធ្លី និងព្រៃឈើជាដើម។
អនុសាសន៍ដែលជាគោលជំហររបស់សង្គមស៊ីវិលនោះនឹងត្រូវដាក់ជូនទៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍដែលត្រូវជួបគ្នានៅថ្ងៃទី២៦កញ្ញាខានស្អែកនេះ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការសម្របសម្រួលរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ក្រុមសង្គមស៊ីវិលនឹងស្នើអោយរដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយពិចារណាលើសំណើរបស់របស់ពួកគេ។ ក្រុមសង្គមស៊ីវិលបានអះអាងថា ពួកគេបានចូលរួមចំណែកច្រើនក្នុងការអភិវឌ្ឍកម្ពុជាដោយបានធ្វើការងារផ្ទាល់ជាមួយប្រជាជន។
របាយការណ៍មួយដែលចេញផ្សាយនៅដើមឆ្នាំនេះដោយគណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា (CCC) បានប៉ាន់ស្មានថា សង្គមស៊ីវិលបានរួមចំណែកជាទឹកប្រាក់ចំនួនប្រមាណ ៥៥០ លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១១កន្លងទៅ ហើយបានផ្តល់ការងារជាង ៥៥.០០០ និង ផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនចំនួនពី ២,៨ លាននាក់ ដល់ ៤,៥ លាននាក់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ