អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប៉ូលិស​រារាំង​ប្រជាពលរដ្ឋ និង​សកម្មជន​សិទ្ធិមនុស្ស អាស៊ាន មិន​ឲ្យ​ដើរ​ហែញតិ្ត

កងកម្លាំង​ប៉ូលិស​ចម្រុះ​រាប់សិប​នាក់ បានដាក់​បារ៉ាស់ រាំងផ្លូវ​នៅ​មុខ​រដ្ឋសភា ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ព្រស្បតិ៍ ទី​១៦​វិច្ឆិកា​នេះ មិន​ឲ្យ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ មកពី​បណ្តា​ប្រទេស​សមាជិក អាស៊ាន ដើរ​ហែ​ក្បួន​យក​ញ​តិ្ត ទៅ​ដាក់​នៅ​ក្រសួង​ការបរទេស ដែល​ស្ថិតនៅ​ខាងក្រោយ​ជាប់​នឹង​វិមាន​រដ្ឋ​សភា។ ប៉ុន្តែ​ព្រឹត្តិការណ៍​នោះ មិន​មាន​អំពើ​ហិង្សា​កើតឡើង​ទេ។

ក្បួន​ដង្ហែ​ញត្តិ​ទៅ​រដ្ឋ​សភា
ក្បួន​ដង្ហែ​ញត្តិ​ទៅ​រដ្ឋ​សភា ​©​RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាជន​រាប់រយ​នាក់ មកពី​ប្រទេស​សមាជិក​អាស៊ាន ទាំង ១០ ប្រទេស ដែល​ភាគច្រើន​ជា​សកម្មជន​សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា ដែល​មាន​បញ្ហា​ដីធ្លី បាន​ជួបជុំ ដើរ​ហែ​ក្បួន ដោយ​កាន់​ទង់ជាតិ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ទង់​អាស៊ាន និង​លើក​បដា ព្រមទាំង​ស្រែក​មេក្រូ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​វិច្ឆិកា ឆ្នាំ​២០១២។​

 
ក្បួន​បាតុកម្ម​មហាជន​នៅ​មុខ​រដ្ឋសភា ក្នុង​បំណង​យក​ញត្តិ ទៅ​ដាក់​នៅ​ក្រសួង​ការបរទេស ដើម្បី​ជូន​បន្ត​ទៅកាន់​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​មហាអំណាច ដែល ជួបប្រជុំគ្នា នៅ​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០​វិច្ឆិកា ឆ្នាំ​២០១២។​ ក៏ប៉ុន្តែ ​ក្បួន​បាតុកម្ម​អហិង្សា​នោះ ត្រូវបាន​អាជ្ញាធរ​ប៉ូលិស​រារាំង នៅ​មុខ​រដ្ឋសភា។ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​បញ្ហា​ដីធ្លី ពិសេស​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នក​បុរីកីឡា បាន​ស្រែក​មេក្រូ ស្វែងរក​អន្តរាគមន៍ យ៉ាង​កងរំពង​ពី​ប្រមុខ​ដឹកនាំ​អាស៊ាន ប្រទេស​មហាអំណាច និង​ពី​ប្រធាន​រដ្ឋសភា។​

មេដឹកនាំ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី បាន​អំពាវនាវ​ទៅ​កាន់​មេដឹកនាំ​អាស៊ាន ត្រូវតែ​គោរព​សិទ្ធិមនុស្ស ជាពិសេស​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា ត្រូវតែ​ថ្លែងការណ៍​ជា​ចំហ ដាក់​ការគាបសង្កត់​ទៅលើ​មេដឹកនាំ​អាស៊ាន ដែល​រួម​ទាំង​មេដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​គោរព​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ កុំ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត និង​បញ្ឈប់​ការរំលោភ​ដីធ្លី ជាដើម។​

តាម​គម្រោង ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាជន​អាស៊ាន មាន​បំណង​ហែ​ក្បួន ទៅ​ដាក់​ញត្តិ​នៅ​ក្រសួងការបរទេស ប៉ុន្តែ​ដោយ​មាន​ការរារាំង ញត្តិ​តវ៉ា​នោះ ត្រូវបាន​ដាក់ ទៅ​កាន់​រដ្ឋសភា។​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់ និង​មេដឹកនាំ​រដ្ឋាភិបាល​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​មហាអំណាច រួមមាន អាមេរិក និង​ចិន ជាដើម ជួបប្រជុំ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០​វិច្ឆិកា ឆ្នាំ​២០១២ នៅ​ទីក្រុង​ភ្នំពេញ គឺ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ទាំង ១០ ប្រទេស ក៏​បាន​ជួបប្រជុំ​គ្នា ជា​ច្រើន​ក្រុម ដើម្បី​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ បញ្ហាដីធ្លី បញ្ហា​ពលករ​ចំណាកស្រុក និង​បញ្ហា​បោះឆ្នោត ជាដើម។​ កង្វល់​របស់ សង្គម​ស៊ីវិល​អាស៊ាន​ទាំង​នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល​អាស៊ាន ដើម្បី​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ