អានតួអត្ថបទ
កម្ពុជា

គណបក្សសម រង្ស៊ី​រម្លឹក​ខួប​អ្នកស្លាប់​នៅ​ស្ពានពេជ្រ

ក្រុម​តំណាងរាស្ត្រ និង​ចលនា​យុវជន​របស់​គណបក្ស​សម រង្ស៊ី​បាន​ជួបជុំគ្នា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ស្តូប​រម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់​នៅ​លើ​ស្ពានពេជ្រ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។ នៅ​ថ្ងៃ​នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏​បាន​ចេញ​ផ្សាយ​របាយការណ៍​ដែល​និយាយ​អំពី​អវត្តមាននៃ​​ការ​បង្ហាញ​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​អោយ​មាន​សោកនាដកម្ម​មនុស្ស​ស្លាប់​ជាង​៣៥០​នាក់នៅ​លើ​ស្ពានពេជ្រ​ដែល​ត្រូវបាន​កំទេច​ចោលបាត់​ហើយ។

គណបក្សសម រង្ស៊ី​រម្លឹក​ខួប​អ្នកស្លាប់​នៅ​ស្ពានពេជ្រ
គណបក្សសម រង្ស៊ី​រម្លឹក​ខួប​អ្នកស្លាប់​នៅ​ស្ពានពេជ្រ
ផ្សាយពាណិជ្ជកម្ម

អ្នកតំណាងរាស្ត្រ និង​ក្រុម​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី​ប្រមាណ​ជាង​២០​នាក់​បាន​ជួបជុំ​គ្នា​នៅ​មុខ​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​រៀបចំពិធី​បង្សកូល ឧទ្ទិសកុសល​ដល់​អ្នកស្លាប់ជាង​៣៥០នាក់ ដែល​ភាគច្រើន​គឺជា​យុវជន។ គណបក្ស​សម រង្ស៊ី​បាន​យក​កម្រង​ផ្កា​ទៅ​ដាក់​នៅ​មុខ​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ដែល​កសាង​​ដោយ​សាលារាជធានីភ្នំពេញ​នោះ មុន​ការ​រៀបចំ​តាម​បែប​សាសនា។

នៅ​ថ្ងៃ​នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចេញ​​ផ្សាយ​ឡើងវិញ​នូវ​របាយការណ៍ឆ្នាំ​២០១១​របស់​ខ្លួន​ដែល​មាន​ចំណងជើងថា មួយ​ឆ្នាំ​កន្លងផុត ចម្ងល់​នៅ​តែ​បន្ត។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​សម្រេច​ចុះ​ផ្សាយ​របាយការណ៍​នេះ​ឡើងវិញ​ដោយ​សារតែ​ពួកគេ​យល់​ថា ជន​រងគ្រោះ​នៅ​តែ​មិន​ទាន់​ទទួល​បានចម្លើយ​អំពី​មូលហេតុ​នៃ​សោកនាដកម្ម​នេះ។ សោកនាដកម្ម​​ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​២២​វិច្ឆិកា​ឆ្នាំ​២០១០​ បានធ្វើអោយ​មនុស្ស​ជាង​៣៥០នាក់ស្លាប់​គរ​លើគ្នា​នៅ​លើស្ពាន​ពេជ្រ និង​របួស​ជាច្រើន​រយ​នាក់​ផ្សេងទៀត។

លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ថ្ងៃ​នេះ​គឺ​ជា​ការ​រម្លឹក​ដ៏ស្ងៀមស្ងាត់ថា ជនរងគ្រោះ​នៅ​មិនទាន់ទទួល​បាន​នូវការ​ពន្យល់ពីអាជ្ញាធរ​អំពី​អ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ​នោះ​នៅ​ឡើយ។ លោក​បន្តថា ជន​រងគ្រោះ​គួរ​តែ​ទទួល​បាន​អ្វី​ដែល​ប្រសើរ​ជាងនេះ។ ហើយ​ថា​ បើតាម​លោក​អ៊ូ វីរៈ អ្វី​ដែល​គួរ​អោយខ្លាច​គឺ​គ្មាន​ការ​ប្រកាសធានា​ថា សោកនាដកម្មដដែលនេះនឹង​មិន​កើតឡើង​ជា​ថ្មី​ទៀត។

គួរ​រម្លឹក​ថា សោកនាដកម្ម​លើ​ស្ពានពេជ្រ​ដែល​បាន​បង្ក​អោយ​មាន​ការ​ស្លាប់​មនុស្ស​ជាច្រើន​រយនាក់ ដែល​ភាគច្រើន​គឺ​ជាយុវជន ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល​និង​សាធារណៈជន បើទោះជារដ្ឋាភិបាល​បាន​សងជំងឺចិត្ត​ជាទឹកប្រាក់​ដល់​គ្រួសារជនរងគ្រោះ​ក៏​ដោយ។ នៅ​ពេល​នោះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​សម្រក់​ទឹកភ្នែក​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ផងដែរ។

នៅ​ពេល​នេះ ស្ពានពេជ្រ​ដែល​បានបង្ក​សោកនាដកម្ម​នោះ ត្រូវ​បានក្រុមហ៊ុន​វិនិយោគ​កោះពេជ្រ​កំទេចចោលហើយ​ ហើយ​បាន​សាងសង់​ស្ពាន​ថ្មថ្មីចំនួន​២​នៅ​ក្បែ​រនោះ​ជំនួស​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ