កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 08 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 08 កញ្ញា 2012

គណបក្ស​សង្គ្រោះជាតិ​កំពុង​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ ៤០០០ នាក់​ដើម្បី​ចុះបញ្ជី

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
©ម៉េងហួរ/RFI

ដោយ ប៉ែន បូណា

គណបក្ស​សង្គ្រោះ​ជាតិ​របស់​ចលនា​បក្សប្រឆាំង​កំពុង​តែ​មមាញឹក​ក្នុងការ​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ​ចំនួន ៤០០០ នាក់​ដាក់ជូនទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ឈានទៅ​ចុះបញ្ជី​ជា​ផ្លូវការ។ សំណុំ​ឯកសារ​ដែល​អមដោយ​ស្នាម​មេដៃ​អ្នកគាំទ្រ​ទាំងនោះ​នឹងត្រូវ​បញ្ជូន​ដល់​ក្រសួងមហាផ្ទៃ​នៅ​សប្តាហ៍​ក្រោយ។ ទោះ​បី​ជា​មិនទាន់​ចុះបញ្ជី​ជា​ផ្លូវការ​ក៏​ដោយ ក៏​គណបក្ស​នេះ​គ្រោង​លើក​ស្លាក​និង​សម្ពោធ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ​នេះហើយ។

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
 

08/09/2012 by ប៉ែន បូណា

គណបក្ស​សង្គ្រោះជាតិ​ដែល​កើត​ចេញ​ពី​ការ​រួម​គ្នា​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កំពុង​តែ​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ ៤០០០ នាក់​ពី​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ឈាន​ទៅ​ចុះបញ្ជី​ផ្លូវការ​នៅ​ឯ​ក្រសួង​មហាផ្ទៃ។ លោក ប៉ុល ហំម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​បណ្តោះអាសន្ន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ស្នាម​មេដៃ​អ្នកគាំទ្រ​គ្រប់​ចំនួន​នឹងត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​នៅ​សប្តាហ៍​ក្រោយ​នេះហើយ។


គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​សំណុំ​ឯកសារ​សុំ​ចុះបញ្ជី​នៅ​ឯ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ចន្ទ ទី២០ ខែសីហា កន្លងទៅ។ មួយ​សប្តាហ៍​ក្រោយ​មក ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​ទទួល​ស្គាល់​ពាក្យសុំ​បង្កើត​គណបក្ស​នេះ ប៉ុន្តែ បាន​សុំ​ឲ្យ​មន្ត្រី​គណបក្សប្រឆាំង​បំពេញ​បែបបទ​ស្រប​តាម​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដើម្បី​ឈាន​ទៅ​ចុះបញ្ជី។ មាត្រា ២០ បាន​តម្រូវ​ឲ្យ​គណបក្ស​នោះ​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ ៤០០០ នាក់ មាន​ជីវប្រវត្តិ​សង្ខេប​របស់​ប្រធាន ឬ​ស្ថាបនិក​យ៉ាងតិច​៣នាក់ ព្រម​ទាំង​លក្ខន្តិកៈ និង​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ទៀត។
 
នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​បានដាក់​ទៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី២០សីហា គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​លោក​សម រង្ស៊ី ជា​ប្រធាន និង​លោក​ប៉ុល ហំម ជា​អនុប្រធាន​បណ្តោះអាសន្ន។ លោក​កឹម សុខា​ដែល​នៅ​ចង់​រក្សា​តួនាទី​ជា​តំណាងរាស្ត្រ រហូត​ដល់​ពេល​ជិត​បោះឆ្នោត​នោះ​ នៅ​មិនទាន់​មានឈ្មោះ​ក្នុង​រចនា​សម្ព​ន្ធ័​ដឹកនាំ​របស់​គណបក្ស​ង្គ្រោះជាតិ​នៅ​ឡើយ​ទេ។ លោក ប៉ុល ហំម​អះអាង​ថា បេក្ខភាព​របស់​លោក​ស​ម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នឹង​គ្មាន​អ្វី​ប្រែប្រួល​ទេ។ គេ​នៅ​រង់​ចាំ​មើល​នីតិវិធី​ជា​បន្ត​ថា តើ​លោក​សម រង្ស៊ី ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាត់​ទុក​ជា​ទណ្ឌិត​ម្នាក់​នោះ នឹង​ត្រូវ​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យល់​ព្រម​ចុះ​បញ្ជី​គណបក្ស​នេះ​ដែរ​ឬ​យ៉ាង​ណា?
 
ម្យ៉ាងទៀត លោក​សម រង្ស៊ី ក៏​គ្មាន​សិទ្ធិ​បោះឆ្នោត និង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បានដែរ​ប្រសិនបើ​បញ្ហា​នៅ​តុលាការ​មិនអាច​ដោះស្រាយ​បាន​នៅ​មុន​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ទេនោះ។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះជាតិ​គ្រោង​បើកសម្ពោធ​ទីស្នាក់ការ​របស់ខ្លួន​នៅ​ថ្ងៃទី១១ កញ្ញា​ដើម​សប្តាហ៍​ក្រោយ​នេះ​ហើយ នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ មន្ត្រី​គណបក្ស​នេះ​សង្ឃឹម​ថា ការ​ចុះបញ្ជី​គណបក្ស​សង្គ្រោះជាតិ​នឹង​គ្មាន​ជួប​ឧបសគ្គ​អ្វី​ទេ៕

tags: កម្ពុជា - គណបក្សនយោបាយ - បោះឆ្នោត
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close