អានតួអត្ថបទ
ស៊ីរី-អង្គការ​សហប្រជាជាតិ

អង្គការ​សហប្រជាជាតិ​បរិហារ​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​របស់​ទាហាន​ស៊ីរី​

កាលពី​ថ្ងៃ​ពុធ​​ម្សិលមិញ​នេះ អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សំរេចចិត្ត​មួយ​បរិហារ​​អំពី​ការ​កើនឡើង​នៃ​ការ​វាយលុក​របស់​​ទាហាន​ស៊ីរី​ ដែល​​ជា​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​សុទ្ធសាធ។ រហូត​​មកដល់​ពេលនេះ​​ វិបត្តិ​ជម្លោះ​នៅ​ប្រទេស​ស៊ីរី បាន​សម្លាប់​មនុស្ស​ជាង​៩៤​០០០ នាក់​ហើយ។

ជនប្រឆាំង​របប​លោក​អាសាដ នៅក្រុង​អាឡេប​ កាលពី​ខែ​សីហា​ ឆ្នាំ​២០១២។
ជនប្រឆាំង​របប​លោក​អាសាដ នៅក្រុង​អាឡេប​ កាលពី​ខែ​សីហា​ ឆ្នាំ​២០១២។ REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

សេចក្តីសំរេច​ចិត្ត​​របស់​អង្គការ​សហប្រជាជាតិ ​ដែល​បាន​អនុម័ត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​​​​បាន​​​បរិហារ​​រិះគន់​ទាហាន​ស៊ីរី​ដែល​នៅតែ​បន្ត​ការ​វាយ​ប្រហារ​ក្នុង​ប្រទេស​ ដែល​ជា​ទង្វើ​រំលោភបំពាន​ជាក់ស្តែង​​លើ​សិទ្ធិមនុស្ស។  

ទន្ទឹមនេះ​ដែរ តាមរយៈ​​​​​សេចក្តី​សំរេចចិត្ត​នេះ អង្គការ​សហប្រជាជាតិក៏​​​​បាន​ស្វាគម​ដល់​ការបង្កើត​សម្ព័ន្ធ​​​ជាតិ​ចំរុះ​របស់​បក្ស​ប្រឆាំង​ស៊ីរីផងដែរ។ ​អង្គការ​សហប្រជាជាតិ​បាន​វាយតំលៃ​ថា បក្ស​ប្រឆាំង​ស៊ីរី​​​គឺ​ជា​ដៃគូ​សន្ទនា​ដែល​មាន​ប្រសិទ្ធភាព​​ និង​ជាតំណាង​ដ៏​ចាំបាច់​​ក្នុង​​នយោបាយ​​​​អន្តរកាល​នៅ​ស៊ីរី។ ដោយឡែក​ អង្គការ​សហប្រជាជាតិ​បាន​​អំពាវនាវ​អោយ​​គ្រប់​ភាគី​ទាំង​អស់​​បញ្ឈប់​ជាបន្ទាន់នូវ​អំពើហិង្សា​ រួមទាំង​អំពើ​ភេរវកម្ម​ផងដែរ។ ហើយ​អោយ​ពួកគេ​ទាំង​នោះ​​បាន​​មក​ចូលរួម​ក្នុងដំណើការ​​​នយោបាយ​​អន្តរកាល​​​ អោយ​បាន​​សមស្រប​​តាម​សេចក្តី​ប្រកាស​​ក្រុង​ហ្សឺណែវ​ កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០១២ ដែល​​បាន​ផ្តោត​ជាចំបង​ទៅលើ​ការ​សំរេច​អោយ​មាន​នូវ​រដ្ឋាភិបាល​​អន្តរកាលស៊ីរី។

រុស្ស៊ី ចិន​ និង​​អ៊ីរ៉ង់​​ បាន​ជំទាស់​​ខ្លឹមសារ​នៃ​សេចក្តីសំរេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​។ រុស្ស៊ី​​បាន​លើកឡើង​ថា សេចក្តីសំរេចចិត្ត​នេះមាន​ភាព​លំអៀង ហើយ​វា​នឹង​បង្កជា​ផល​លំបាក​ដល់​​កិច្ច​ប្រឹងប្រែង​របស់​អាមេរិក​និង​រុស្ស៊ី ក្នុង​ការ​រៀបចំ​​អោយ​មាន​កិច្ច​ប្រជុំ​អន្តរជាតិ​​ទាក់ទង​នឹង​បញ្ហា​នៅ​​ស៊ីរី។

​អាមេរិក​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា កិច្ច​ប្រជុំអន្តរជាតិ​នេះ​ប្រហែល​ជា​អាច​​ប្រព្រឹត្ត​ទៅ​នៅ​​ក្រុង​ហ្សឺណែវ​ ក្នុង​ខែ​មិថុនា​ ខាង​មុខ​នេះ​ហើយ។ ក្រុង​Washigton បាន​សុំអោយ​ប្រធានាធិបតី​អាសាដ មក​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម។ ប៉ុន្តែ​ អាមេរិក​មិន​ចង់​អោយ​​លោក​អាសាដ​ចូលរួម​ក្នុង​អនាគត​នយោបាយ​អន្តរកាល​ស៊ីរី​នោះទេ។ ក្រុង​ដាម៉ាស​​បាន​បដិសេធ​មិន​ចរចា​អំពី​អនាគត​​របស់​លោក​អាសាដ​​នោះ​ទេ។ ក្រុង​ដាម៉ាស​បាន​លើកឡើង​​ថា ​គឺ​​ប្រជាជន​ស៊ីរី​និងការបោះ​ឆ្នោត​​​ប្រធានាធិបតី​ឆ្នាំ​២០១៤​ទេ​ ដែល​​​​សំរេចបញ្ហា​​​​នេះ​បាន។​​​

ដោយឡែក​ អំពើ​ហិង្សា​​នៅ​តែ​បន្ត​កើតមាន​​នៅ​ស៊ីរី។ ​ទាហាន​ស៊ីរី​បាន​ព្យាយាមវាយ​​បណ្តេញ​​​ពួក​ឧទ្ទាម​​​ដែលបាន​ធ្វើការ​​វាយលុក​នៅ​ពន្ធនាគារ​ក្រុង​អាឡេប។ នៅ​ទីនោះ​ មាន​​មនុស្ស​រាប់​រយ​នាក់​កំពុង​តែ​ជាប់​ឃុំ។ ​នៅ​តំបន់​ជំរំជន​ភៀសខ្លួន​ប៉ាឡេស្ទីន​​ ហៅ​ថា​​Yamouk វិញ​ ការ​​ទំលាក់​គ្រាប់បែករបស់​ទាហានស៊ីរី​បាន​​ធ្វើអោយ​​មាន​មនុស្ស​ស្លាប់​៤នាក់។ រហូត​មក​ដល់​ពេលនេះ វិបត្តិ​សង្គ្រាម​​ស៊ីរី​​បាន​សម្លាប់​មនុស្ស​ជាង​៩៤០០០​នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ