អានតួអត្ថបទ
កម្ពុជា

ប្រេងសាំង​ឡើងថ្លៃ​ខ្លាំង​ជាង​ពេលណា​ៗ​ទាំងអស់

តម្លៃ​ប្រេងសាំង​នៅ​តាម​ស្ថានីយ៍​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​ចុង​ក្រោយ​នេះ។ នៅថ្ងៃ​អាទិត្យ​នេះ តម្លៃ​ប្រេងសាំង​ស៊ុបពែ​មាន​តម្លៃជិត១ដុល្លារ​កន្លះ​ក្នុង​មួយ​លីត្រ។ នេះ​ជា​តម្លៃ​ប្រេងសាំង​ដែល​ហក់​ឡើង​ខ្លាំង​ជាង​ពេល​ណាៗទាំងអស់។

រ៉ឺម៉ក​ម៉ូតូ​ចាក់សាំង​តាម​ថ្នល់ (រូបភាពឯកសារ)
រ៉ឺម៉ក​ម៉ូតូ​ចាក់សាំង​តាម​ថ្នល់ (រូបភាពឯកសារ) ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

បើទោះបី​ជាមាន​ការ​ឧបត្ថម្ភធន​ស្ងៀម​ស្ងាត់​ពី​សំណាក់​រដ្ឋាភិបា​ល​យ៉ាង​ណាក៏​ដោយ ក៏​តម្លៃ​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ​កើន​ឡើង​រហូត​ដល់​មាន​ការ​ភ្ញាក់ផ្អើល​ពី​មជ្ឈដ្ឋាន​ទូទៅ។

នៅ​ថ្ងៃ​អាទិត្យ​នេះនៅតាម​ស្ថានីយ៍​នានា​នៅ​ទីក្រុង​ភ្នំពេញ ប្រេងសាំង​ស៊ុបពែ​មាន​តម្លៃជិត​១​ដុល្លារ​កន្លះក្នុងមួយលីត្រ​។ នេះ​ជា​តម្លៃ​ប្រេងសាំង​ដែល​ហក់​ឡើង​ខ្លាំង​ជាង​ពេល​ណាៗទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ប្រទេស​បារាំង​ ប្រេង​សាំង​ក៏​កើន​តម្លៃ​បន្តិច​ដែរ​ពោល​គឺ​ជិត​២​អឺរ៉ូ​នៅ​ក្នុង​សប្តាហ៍​នេះ។

មូលហេតុ​ដែល​នាំ​អោយ​តម្លៃ​ប្រេងសាំង​កើន​ឡើង​នៅ​គ្រប់​ទីកន្លែង​គឺ​ដោយសារ​បញ្ហា​នៅ​មជ្ឈឹមបូព៌ាជា​ពិសេស​រឿង​នុយក្លេអ៊ែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​អត្ថាធិប្បាយ​នៅថ្ងៃ​អាទិត្យ​នេះ​ថា ប្រេងសាំង​ឡើង​ថ្លៃ​កប់​ពពក​នេះ​នឹង​ប៉ះពាល់​ជីវភាព​អ្នក​ក្រីក្រ​យ៉ាងខ្លាំង​ពីព្រោះ​ពួកគេ​ពិបាក​រក​ប្រាក់​ចំណូល។ ​លោក ពៅ បាន​លើក​ឧទាហណ៍​មក​បញ្ជាក់​ថា អ្នក​រត់​ម៉ូតូ​ឌុប​គ្រប់គ្នា​ពិបាក​រកប្រាក់​ចំណូល​ណាស់​ពីព្រោះ​ប្រេងសាំង​ឡើងថ្លៃ​ខ្លាំងពេក​។ អ្នក​ជិះម៉ូតូឌុបត​ថ្លៃ​ពីព្រោះ​ពួកគាត់​ពិបាក​រក​ប្រាក់​ចំណូល​ដែរ។

ប្រេងសាំង​ឡើង​ថ្លៃ​នាំ​អោយ​តម្លៃ​ទំនិញ​ផ្សេង​ៗ​ទៀត​ឡើងថ្លៃ​តាម​ដែរ​ពីព្រោះ​ប្រេងសាំង​គឺ​ជា​កត្តាលិក​ជំរុញ​អោយ​តម្លៃ​ដើម​​ទំនិញ​គ្រប់មុខឡើង​ថ្លៃ​តាម។ ប្រទេស​កម្ពុជា​នៅ​មាន​ប្រជាជន​ជិត​៣០​ភាគរយ​ទៀត​កំពុង​រស់​​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ មាន​ន័យ​ថា ពួកគេ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា ក្រសួង​បាន​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ប្រេង​សាំង​​តាម​រយៈការ​ឧបត្ថម្ភធន​ស្ងាត់ស្ងៀម​។ ម្យ៉ាងទៀត ​លោក រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋ​កិច្ច​តែងតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ស្ថាប័ន្ធ​រដ្ឋ​ទាំងឡាយ​អោយ​ធ្វើ​ការ​សន្សំ​សំចៃ​ប្រេងសាំង។

អ្នក​រិះគន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​និយាយ​ថា​ តម្លៃ​ប្រេង​សាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​​ឡើង​ថ្លៃ​លឿន​ជាង​ទីផ្សារ​អន្តរជាតិ​ទៅ​ទៀត​ពីព្រោះ​​ថៅកែ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ដំឡើង​ថ្លៃ​ប្រេងសាំង​ស្ទាក់​ទុក​ជា​មុន។

តម្លៃ​ប្រេងសាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃថា​ ថ្លៃ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។ ជាក់ស្តែង ដោយសារ​តែ​បញ្ហា​នេះ អ្នក​វិនិយោគ​ភាគ​ច្រើន​ពិបាក​នឹង​សម្រេច​ចិត្ត​វិនិយោគ​បើក​ផលិត​កម្ម​នៅ​ក្នុង​ប្រទេស​ក្រីក្រមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ