លោកអូបាម៉ានិងលោកហូឡង់នឹងឡើងថ្លែងនៅមហាសន្និបាតនៃអ.ស.ប.

លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានឹងត្រូវឡើងថ្លែងនៅថ្ងៃអង្គារទី២៥កញ្ញានេះ ដែលជាថ្ងៃទីមួយនៃមហាសន្និបាតនៃអ.ស.ប.។ លោកអូបាម៉ានឹងត្រូវនិយាយពីបញ្ហាសង្គ្រាមនៅប្រទេសស៊ីរី ហើយនិងបញ្ហាមហិច្ឆតានុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់។ ចំណែកឯលោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រហូឡង់វិញ នឹងធ្វើការជំរុញគាំទ្រឲ្យមានអន្តរាគមន៍នៅប៉ែកខាងជើងនៃប្រទេសម៉ាលី។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីមកពីជាង១២០ប្រទេសអញ្ជើញមកចួលរួមនៅសប្តាហ៍នេះ នៅទីក្រុងញីវយ៉កមហាសន្និបាតលើកទី៦៧នៃអ.ស.ប.។
លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រហូឡង់នឹងឡើងថ្លែងជាលើកទីមួយនៅលើវេទិកានៃវិមានអ.ស.ប. ក្រោយពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីបារាំង នៅថ្ងៃទី៦ឧសភាឆ្នាំ២០១២រួចចមក។ លោក ហូឡង់នឹងជំរុញគាំទ្រឲ្យមានអន្តរាគមន៍នៃកងកម្លាំងយោធាអាហ្វ្រិកនៅប៉ែកខាងជើងនៃប្រទេសម៉ាលី ដើម្បីជួយប្រយុទ្ធប្រឆាំងទល់នឹងកងកម្លាំងអ៊ីស្លាមជ្រុលនិយមដែលកាន់កាប់ប៉ែកខាងជើងនៃប្រទេស។
ជំនួបប្រជុំថ្នាក់ខ្ពស់មួយស្តីពីបញ្ហានៅតំបន់សាហែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃពុធស្អែក ស្របពេលនឹង មហាសន្និបាតលើកទី៦៧នៃអ.ស.ប. ដើម្បីពិនិត្យមើលពីសំណើសុំរបស់ប្រទេសម៉ាលី។ លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ឡូរ៉ង់ហ្វាប៊ីយូស សង្ឃឹមថានឹងមានសេចក្តីសម្រេចមួយយ៉ាងឆាប់រហ័សស្តីពីបញ្ហានៅប្រទេសម៉ាលី។
លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាដែលនឹងគ្រោងឡើងថ្លែងនៅម៉ោង១០និង១០នាទី ឬ ម៉ោង១៤និង១០នាទីម៉ោងសកល ត្រូវនិយាយពីបញ្ហាភូមិសាស្ត្រនយោបាយជាច្រើន។ ទាំងនេះធ្លាក់ចំពេលកើតមានទង្វើហិង្សាប្រឆាំងស្ថានទូតឬស្ថានកុងស៊ុលអាមេរិកនៅក្នុងបណ្តាប្រទេសអារ៉ាប់កាន់សាសនាអ៊ីស្លាម ក្រោយពីមានខ្សែភាពយន្តប្រឆាំងសាសនាអ៊ីស្លាមផលិតនៅសហរដ្ឋអាមេរិក។ បើយោងតាមអ្នកនាំពាក្យនៃសេតវិមាន លោក Jay Carney នៅថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាមេរិកនឹងថ្លែងទាមទារពុំឲ្យទីក្រុងតេហេរ៉ង់បន្តសកម្មភាពផលិតអាវុធនុយក្លេអ៊ែរ។
ខុសពីឆ្នាំមុនៗ លោកអូបាម៉ានឹងចាកចេញពីទីក្រុងញីវយ៉កនៅរសៀលថ្ងៃអង្គារនេះ ដោយប្រគល់ភារកិច្ចជំនួបចរចាជាមួយប្រមុខដឹកនាំនៃប្រទេសដទៃទៀត ឲ្យទៅលោកស្រីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។
លោកស្រីប្រមុខការទូតអាមេរិកបានមានជំនួបពិភាក្សាជាមួយប្រមុខដឹកនាំនៃប្រទេសកាន់សាសនាអ៊ីស្លាមសំខាន់ៗ ដើម្បីពង្រឹងចំណងមិត្តភាពឡើងវិញ ក្រោយពីមានបាតុកម្មហិង្សាប្រឆាំងអាមេរិក ហើយលោកស្រីគ្លីនតុនក៏អំពាវនាវឲ្យមានការតស៊ូប្រយុទ្ធប្រឆាំងទល់នឹងពួកអ៊ីស្លាមជ្រុលនិយមផងដែរ។
គួរបញ្ជាក់ថា សង្គ្រាមនៅប្រទេសស៊ីរីដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ២៩ ០០០នាក់ក្នុងរយៈកាល១៨ខែ ក៏នឹងត្រូវឋិតនៅជាស្នូលនៃកិច្ចពិភាក្សា ទោះបីជាសំណុំរឿងស៊ីរីនេះបានត្រូវជាប់គាំងស្ទះនៅក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប. ដោយហេតុតែមានការប្រឆាំងពីសំណាក់ប្រទេសរុស្ស៊ីនិងប្រទេសចិនក៏ដោយ។
ដូចរៀងរាល់ឆ្នាំ លោកប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad ច្បាស់ជាឆ្លៀតយកវេទិកានៃមហាសន្និបាតនៃអ.ស.ប. មកធ្វើការវាយប្រហារទៅលើប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ររបស់ប្រទេសអ៊ីរ៉ង់ ដោយចោទទីក្រុងវ៉ាស៊ីនតោន ប៉ារីស និងទីក្រុងឡុងដ្រឹ៍ថា រំលោភលើសិទ្ធិសេរីភាពរបស់ប្រជាជាតិដទៃទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ