ស៊ីរី-អ.ស.ប.-តួកគី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 05 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 05 តុលា 2012

អ.ស.ប.ថ្កោល​ទោស​ការ​បាញ់​ផ្លោង​របស់​ស៊ីរី​ទៅ​លើ​តួកគី​និង​អំពាវនាវ​ឲ្យ​តួគី​អត់​ធ្មត់​

នៅ​លើ​ទឹកដី​ស៊ីរី​ការវាយប្រយុទ្ធគ្នានៅតែបន្ត​ឥតស្រាកស្រាន្ត​នៅថ្ងៃទី៤តុលាម្សិលមិញ ដូច​ជានៅទីក្រុង​ Alep​ដែលរងអន្តរាយ​ដោយ​ការទម្លាក់គ្រាប់បែកពីយន្តហោះ​រដ្ឋាភិបាលស៊ីរី.
នៅ​លើ​ទឹកដី​ស៊ីរី​ការវាយប្រយុទ្ធគ្នានៅតែបន្ត​ឥតស្រាកស្រាន្ត​នៅថ្ងៃទី៤តុលាម្សិលមិញ ដូច​ជានៅទីក្រុង​ Alep​ដែលរងអន្តរាយ​ដោយ​ការទម្លាក់គ្រាប់បែកពីយន្តហោះ​រដ្ឋាភិបាលស៊ីរី.
REUTERS/Abdalghne Karoof

ដោយ នុយ ប៊ែរណាដែត

ក្រោយពី​​ចរចា​គ្នា​​យ៉ាង​យូរ​​អស់រយៈពេល​ជា​ច្រើន​ម៉ោង​​មក ​រវាង​បណ្តា​ប្រទេស​លោក​ខាង​លិច​និង​រុស្ស៊ី​ ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អ,ស,ប. បាន​ផ្សព្វផ្សាយ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​យប់​មិញ ​បរិហារ​អំពី​​ការ​បាញ់​ផ្លោង​របស់​ស៊ីរី​ទៅ​លើ​ភូមិ​មួយ​ក្នុង​​ទឹកដី​​តួកគី​​ជិត​ព្រំដែន​​ដែល​​បណ្តាល​​ឲ្យ​​ស្លាប់​ជន​ស៊ីវិល​តួកគី​៥​នាក់​កាលពី​យប់​ថ្ងៃ​ពុធ​ទី​៣​តុលា​។ សេចក្តីថ្លៃងការណ៍ បាន​អំពាវនាវ​ផង​ដែរ ​សុំ​ឲ្យ​​ប្រទេស​ជិត​ខាង​ទាំង​ពីរ​គឺ​ស៊ីរី​និង​តួកគី ខំ​អត់​ធ្មត់​​ចិត្ត​រៀង​ខ្លួន។

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

05/10/2012 by នុយ ប៊ែរណាដែត

ក្រោយពី ចរចាគ្នាអស់រយៈពេល២៤ម៉ោងមក ក្រុម​ប្រឹក្សាសន្តិសុខ បាន​ចេញសេចក្តី​ថ្លែង​ការណ៍ ​​​ថ្កោល​ទោសក្នុងន័យ​ដ៏​​ម៉ឺងម៉ាត់​ ចំពោះ​​​ការ​បាញ់​ផ្លោង​របស់​កង​ទ័ព​ស៊ីរី​ទៅ​លើ​ភូមិ​ Akcakal​ ក្នុងទឹក​ដី​តួកគី​​ ដែល​បានបណ្តាល​ឲ្យស្លាប់​ជន​ស៊ីវិល​តួកគី​៥​នាក់​កាល​ពី​ថ្ងៃ​ពុធ​៣​តុលា​មុន។

 
ប្រទេសទាំង១៥សមាជិកក្រុមប្រឹក្សាសន្តិសុខ  បានស្នើសុំ​ឲ្យ​រដ្ឋាភិបាល​​​ស៊ីរី គោរព​ទាំង​ស្រុង​ “បូរណភាពនិងអធិបតេយ្យភាពដែនដី​​នៃ​បណ្តា​​ប្រទេស​ជិត​ខាង​​ខ្លួន"​និង ​​អំពាវនាវ​ឲ្យ​​​ស៊ីរី​និង​តួក​គី ខំអត់ធ្មត់ចិត្តរៀងខ្លួន។ ក្រោយពីមរណៈភាពនៃប្រជា​ជនស៊ីវិលខ្លួនក្រោម​គ្រាប់​ផ្លោង​ស៊ីរី​មក ប្រទេសតួកគី បាន​វាយ​ប្រហារ​តបស៊ីរី​វិញកាលពីម្សិលមិញ​ ដោយ​​បាញ់​​ផ្លោង​​​​ទៅ​​​លើ​​ទីតាំង​​យោធា​ស៊ីរី​​​នៅ​តាម​បណ្តោយ​ព្រំដែន។
 
ក្នុង​ន័យ​នេះ សមាជិក​ក្រុម​ប្រឹក្សាសន្តិសុខ បាន​យល់​ស្រប​​គ្នា អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរនៃ​វិបត្តិ​ស៊ីរី​​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​សន្តិសុខ ​នៃ​ប្រទេស​ជិត​ខាង​ស៊ីរី​​ក៏​ព្រម​ទាំង​ស្ថិរភាព​និង​សន្តិភាព​នៅ​ក្នុង​តំបន់។​ មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាសន្តិសុខ បាន​ទាមទារ«​ឲ្យ​បញ្ចប់​ជា​បន្ទាន់​និង​មិន​ឲ្យ​កើត​មាន​ជា​ថ្មី​ទៀត​ឡើយ​ ឧប្បត្តិហេតុ​បែប​ខាង​លើ​នេះ។​
 
មួយ​វិញ​ទៀត  ក្រុម​ប្រឹក្សា​សន្តិសុខ អាច​នឹង​ត្រូវ​​អនុម័ត​នៅ​ថ្ងៃ​សុក្រ​នេះ ​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​បរិហារ​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​អាឡិប​​ប៉ែក​ខាង​ជើង​ស៊ីរី​ដែល​បង្ក​ឡើង​​កាលពី​ថ្ងៃ​ពុធ​មុន​និង​បណ្តាល​មនុស្ស​ស្លាប់​យ៉ាង​តិច​​៤៨​នាក់​ក្នុង​នោះ​ភាគ​ច្រើន​ជា​យោធា-នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការទូត​។ សេចក្តី​ថ្លែង​ការណ៍​នេះ- ដែល​បាន​​ទាមទារ​ដោយ​របប​ដាម៉ាស ក៏​ជា​សម្បទាន​មួយ​​របស់​រុស្ស៊ី​ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន គឺ​របប​​លោក​ Bachar-al-Assad និង​បាន​ជួយ​ដល់​ការ​សម្រុះ​សម្រួល​គ្នា​មួយ​ដែរ។
 
ចំណែក​ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​អសប បាន​ថ្លែង​បញ្ជាក់​ថា ទីក្រុង​ដាម៉ាស គ្មាន​ចេតនា ស្វែង​រក​ការ​បង្ក​ហេតុណ៍​ណាមួយ ជាមួយ​​ប្រទេស​ជិត​​ខាង​​ខ្លួន​ឡើយ​ រួម​ទាំង​ប្រទេស ​តួកគី។ ក៏ប៉ុន្តែ ឯក​អគ្គ​រដ្ឋទូត​ស៊ីរី​ បដិសេធ ​​ពុំព្រម​សុំ​ទោស​តួគីឡើយ​នៅក្នុង​ការ​ស្លាប់​ប្រជាជន​តួកគី​កាលពី​ថ្ងៃ​ពុធ​មុន​ ​ដោយ​​គ្រាន់តែ​​​ សុំ​ចូល​រួម​មរណៈទុក្ខ​ជា​មួយ​តួគី​ប៉ុណ្ណោះ ​​ដោយ បាន​ថ្លែង​ទៀត​ថា ស៊ីរី​នឹង​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​​ត​ទៀត​ពាក់​ព័ន្ធ​​ការ​បាញ់​ផ្លោង​របស់​តួកគី​ទៅ​លើ​ទីតាំង​យោធា​ស៊ីរី​។
 
ប្រតិកម្ម​ចំពោះ​ ឯកអគ្គរដ្ឋទូត​ស៊ីរី លោក​នាយករដ្ឋមន្ត្រី​តួកគី Recep Tayyip Erdogan  ​ម្សិលមិញ បាន​ថ្លែងតប​ត​ថា ប្រទេស​តួគី ពុំ​ដែល​មាន​ ចេតនា​ក្នុង​ការ ​បង្ក​ឲ្យ​ផ្ទុះ​សង្គ្រាម​ជា​មួយ​ស៊ីរី​ម្តង​ណា​ឡើយ៕

tags: តួកគី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close