អានតួអត្ថបទ
កូរ៉េខាង​ជើង

អង្គការ​សហប្រជាជាតិ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​ ដែល​ទើប​បាញ់​បង្ហោះ​ផ្កាយរណប​មិន​សម្រេច​ និង​ដែល​ប្រឆាំង​មិនឱ្យ​ក្រុម​អធិការកិច្ច​នៃ​ទី​ភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ ទៅ​ត្រួត​ពិនិត្យ​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម។ មិន​តែ​ប៉ុណ្ណោះ ​សេចក្តី​សម្រេច​ចិត្ត​មួយ​ ថ្កោល​ទោសយ៉ាង​ចាស់​ដៃ​ ទង្វើ​របស់កូរ៉េខាង​ជើង ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក​ គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាង​ជើង នាឱកាស​បុណ្យ​រំលឹក​ខួប​១០០​ឆ្នាំ​ជីតា គីម អ៊ីលស៊ុង
លោក​ គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាង​ជើង នាឱកាស​បុណ្យ​រំលឹក​ខួប​១០០​ឆ្នាំ​ជីតា គីម អ៊ីលស៊ុង © reuters
ផ្សាយពាណិជ្ជកម្ម

 

ចិនជា​​សម្ព័ន្ធ​មិត្ត​ដ៏​ស្និទ្ធ​តែ​មួយ​គត់​របស់​កូរ៉េខាង​ជើង​ ក៏​បាន​អនុម័ត​រួម​គ្នា​ជាឯកច្ឆន្ទ​ លើ​សេចក្តី​សម្រេច​ចិត្ត​​ថ្កោល​ទោស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ចំពោះ​ទង្វើ​ បាញ់​បង្ហោះ​កាំជ្រួច កាលពី​ថ្ងៃ​សុក្រ​ទី ១៣​មេសា របស់​កូរ៉េខាង​ជើង និង​ការ​មិន​ទទួល​ស្វាគមន៍​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA ឱ្យ​ទៅ​ត្រួត​ពិនិត្យ​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ថា​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​សេចក្តី​សម្រេច​ចិត្ត​លេខ​១៧១៨ (២០០៦) និង​លេខ ១៨៧៤ (២០០៩)។

 
សេចក្តី​សម្រេច​ចិត្ត​នេះ​​បាន​រំលឹក​ឡើង​វិញ​ អំពី​ទណ្ឌកម្ម​ដែល​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ដាក់​លើ​របប​ក្រុង​ព្យុងយ៉ាង កាលពី​ឆ្នាំ​២០០៦ និង ២០០៩ និង​សើរើ​វិធានការ​ខ្លះ​។ គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិនឹង​បំពេញ​ ព្រម​ទាំង​បញ្ជាក់​បន្ថែម​ បញ្ជី​ឈ្មោះ​មនុស្ស​ ក្រុមហ៊ុន​ កូរ៉េខាង​ជើង​ ដែល​​រកស៊ី​ ឬ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឧស្សាហកម្ម​នុយក្លេអ៊ែរ ឬ​ការ​ជួញ​ដូរ​អាវុធ​ជាមួយ​ព្យុងយ៉ាង ក្នុង​បញ្ជី​​ទណ្ឌកម្ម នៅ១៥​ថ្ងៃ​ខាងមុខ​នេះ។  

​កូរ៉េខាង​ជើង​ នឹង​ត្រូវ​ទទួល​រង​ផល​វិបាក ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​ ព្រោះ​ពេល​នេះ សូម្បី​តែ​ចិន​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​​របស់​ព្យុងយ៉ាង ក៏​បាន​យល់​ព្រម ជាមួយ​សហគមន៍​អន្តរជាតិ ​គាំទ្រការ​​ដាក់​ទណ្ឌកម្មថ្មី​ទៀត​ប្រឆាំង​នឹង​កូរ៉េខាងជើង​ដែរ ប្រសិន​បើ​កូរ៉េខាង​ជើងហ៊ាន​បាញ់​សាកល្បង​កាំជ្រួច ឬ​មីស្ស៊ីល​ ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ