រុស្ស៊ី-សីហនុ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 15 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 15 តុលា 2012

សម្តេច​នរោត្តម​សីហនុ​ទ្រង់​បាន​មក​កាន់​ម៉ូស្គូ​លើក​ចុង​ក្រោយ​ កាល​ពី​៤២​ឆ្នាំ​មុន​

ព្រះបាទ​សម្តេច នរោត្តម សីហនុ ក្នុងពិធីបុណ្យព្រះពុទ្ធសាសនាមួយ​នៅថ្ងៃទី​១២​ធ្នូ​២០០២ នៅ​ភ្នំពេញ
ព្រះបាទ​សម្តេច នរោត្តម សីហនុ ក្នុងពិធីបុណ្យព្រះពុទ្ធសាសនាមួយ​នៅថ្ងៃទី​១២​ធ្នូ​២០០២ នៅ​ភ្នំពេញ
AFP PHOTO/Chhoy PISEI

ដោយ កែវ ឆាយា

ព្រះអង្គ​ទ្រង់​បាន បំពេញ​ទស្សនកិច្ច​កាល​ណោះ​នៅ​ម៉ូស្គូ ក្នុង​ឋានៈជា ប្រមុខ​រដ្ឋ​កម្ពុជា ដើម្បី​សុំ​ថ្នាក់​ដឹកនាំ​សូវៀត ឲ្យ​ជះ​ឥទ្ធិពល​ទៅ​លើ​ទីក្រុង​ហាណូយ ឲ្យ​ដក កងទ័ព​វៀតកុង ចេញ​ពី​តំបន់​ព្រំដែន​ខាង​កើត នៃ​ប្រទេស​កម្ពុជា នៅ​តាម​បណ្តោយ ជាប់​នឹង វៀតណាម ដ្បិត​វត្តមាន​ទ័ព​វៀតកុង​នេះ បាន​បណ្តាល​ឲ្យ​ ស្ថានការណ័​នៅ​កម្ពុជា​ពេល​នោះ រំជើប​រំជួល វឹក​វរ​ខ្លាំង​មែន​ទែន។
 

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ
 

15/10/2012 by កែវ ឆាយា

 

ទស្សនកិច្ច​សម្តេច​រោត្តមសីហនុ បាន​ប្រព្រឹត្ត​ទៅ ពី​ថ្ងៃ ១៦ ដល់​១៨​មីនា ឆ្នាំ​១៩៧០ ដោយ​ថ្ងៃ​ទី​១៧​មីនា ព្រះអង្គ​ទ្រង់​បាន ធ្វើ​កិច្ច​ចរចា​នៅ​វិមាន​ក្រេមឡាំង ជាមួយ ប្រមុខរដ្ឋ​សូវៀត កាលណោះ គឺ លោក Nikolai Podgornyi និង​ថ្នាក់​ដឹកនាំ​សូវៀត​មួយ​ចំនួន​ទៀត។ កម្មវត្ថុ​នៃ​កិច្ច​ចរចា​កាលណោះ គឺ​ព្រះអង្គ បាន​សុំ​ថ្នាក់​ដឹកនាំ​សូវៀត ឲ្យ​ជះ​ឥទ្ធិពល​ទៅ​លើ ថ្នាក់​ដឹកនាំ​ក្រុងហាណូយ ឲ្យ​ដក​កងទ័ព នៃ​ចលនា​តស៊ូ​រំដោះ​ជាតិ​វៀតណាម​ខាង​ត្បូង ហៅ​ថា វៀតកុង ចេញ​ពី​មូលដ្ឋាន​គេ នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ទៅ។
 
ថ្ងៃ​បន្ទាប់​មក​គឺ​ថ្ងៃ​១៨​មីនា ពេល​ជួប​ជាមួយ​បណ្តា​និស្សិត​ខ្មែរ នៅ​ឯ​ស្ថានទូត​កម្ពុជា​ក្នុង​ក្រុង​ម៉ូស្គូ ព្រះអង្គ ទ្រង់​បាន​សំដែង ការ​ខក​ព្រះហឫទ័យ​ថា ក្រោយពី​ឮ​សំណូមពរ​ព្រះអង្គ ថ្នាក់​ដឹកនាំ​ សូវៀត​បែរ​ទៅ ជា​ចោល​ភ្នែក​សម្លឹង​មើល​មុខ​គ្នា ភ្លឹះៗ​ទៅ​វិញ​ដោយ​គ្មាន​ចម្លើយ​អ្វី​ណា ជាក់​ច្បាស់​សោះ។
គឺ​ថ្ងៃ​១៨​មីនា​នោះ​ឯង ដែល​នៅ​ក្រុង​ភ្នំពេញ ព្រឹត្តិការណ៍ បាន​បោក​កញ្ជ្រោក​ដល់​កម្រិត លុះ​ទាល់តែ​ រដ្ឋសភា​បាន​បោះឆ្នោត ទម្លាក់​ព្រះអង្គ​ចេញ​ពី​តំណែង​ជា​ប្រមុខរដ្ឋ។ ប៉ុន្តែ ដំណឹង​នេះ ត្រូវ​បាន​ ទម្លាយ​ជម្រាប​ព្រះអង្គ គឺ​ដោយ​នាយក​រដ្ឋមន្ត្រី​សូវៀត​កាលណោះ លោក Aleksei Kossyguine ពេល​ជិះ​ក្នុង​រថយន្ត​តែ​មួយ​ជាមួយ​ព្រះអង្គ តាម​ផ្លូវ​ទៅ​កាន់​អាកាសយានដ្ឋាន Vnoukovo​ជា​អាកាសយានដ្ឋាន​ពិសេស​សម្រាប់​ទទួល​និង​ជូន​ដំណើរ​ប្រមុខ​រដ្ឋបរទេស។
នៅ​អាកាសយានដ្ឋាន​នោះ ពួក​និស្សិត​ខ្មែរ ដែល​បាន​ជូន​ដំណើរ​ព្រះអង្គ បាន​ដឹង​ឮ អំពី ដំណឹង​នេះ ​គឺ​តាម​ការ​ដំណាល​របស់​ព្រះអង្គ​ផ្ទាល់ ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា ព្រះអង្គ ទើប​ត្រូវ​បាន​ ពួក​ក្បត់​ ធ្វើ រដ្ឋប្រហារ​ម្លាក់​អង្គ។
 
ហើយ​មុននឹងបន្ត​ដំ​ណើរ​ទៅ​កាន់​ក្រុងប៉េកាំង សម្តេច​នរោត្តម​សីហនុ បាន​អំពាវនាវ និស្សិត ឲ្យ​សាមគ្គី​គ្នា ក្នុង​បុព្វហេតុ​សង្គ្រោះ​ជាតិ ដោយ​ព្រះអង្គ​នឹង​ដឹក​នាំ​ការ​តស៊ូ ពីទី​ក្រុង​ប៉េកាំង​តែ​ម្តង ដើម្បី​ផ្តួល​រំលំ​ របប​ក្បត់ជាតិ លន់ណុល ឲ្យ​ទាល់​តែ​បាន៕

 

tags: កម្ពុជា - នរោត្តម សីហនុ - រុស្ស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close