ជោគវាសនាមិនជាក់លាក់របស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung
គណបក្សកុម្មុយនិស្តវៀតណាម ដែលកំពុងកាន់អំណាច បានបើកសម័យប្រជុំពេញអង្គ ដោយបិទទ្វារ រយៈពេលពីរសប្តាហ៍។ ជំនួបប្រជុំបក្ស ដែលទំនងជាមានពិភាក្សាលើជោគវាសនានៃតួនាទីនាយករដ្ឋមន្ត្រី ង្វៀន តាន់ហ្ស៊ុង ដែលរងការរិះគន់យ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសឱ្យជួបវិបត្តិសេដ្ឋកិច្ច ប៉ុន្តែជាឱកាសល្អដែលគូប្រជែងនយោបាយចង់ឆ្លៀតចាប់ឱ្យបាន។
មានអាយុ៦២ឆ្នាំ លោក ង្វៀន តាន់ហ្ស៊ុង បានត្រូវគណបក្សកុម្មុយនិស្តផ្តល់ទំនុកចិត្តឱ្យដឹកនាំរដ្ឋាភិបាលអាណត្តិទីពីរ (៥ឆ្នាំ) កាលពីដើមឆ្នាំ២០១១។ ប៉ុន្តែពេលនេះ បើយោងតាមអ្នកវិភាគ លោកអាចខ្ទាតចេញពីអំណាចជាងពេលណាៗទាំងអស់ តែមិនមែនក្នុងពេលភ្លាមៗនេះទេ។
កំណើតសេដ្ឋកិច្ចតិចតួច អតិផរណាកើនឡើងជាថ្មី រឿងអាស្រូវពុករលួយក្នុងវិស័យធនាគារ ក្រុមហ៊ុនរដ្ឋខាតទាំងរគោករគាំង អាចនឹងធ្វើឱ្យលោកនាយករដ្ឋមន្ត្រីកាន់តែធ្លាក់ខ្សោយបន្ថែមទៀតពេលជំនួបពេញអង្គបក្សលើកទី៦បិទបញ្ចប់។ អំណាចរួមតូចជាងមុន។
អ្នកឯកទេសខាងវៀតណាម នៅអូស្ត្រាលី ប៉ាន់ប្រមាណថា មានការប្រឈមមុខដាក់គ្នារវាងបក្សនិងលោកនាយករដ្ឋមន្ត្រី ប៉ុន្តែមិនដឹងថាគូប្រជែងនយោបាយដែលគ្នានរណាក្រៅពីប្រធានាធិបតី និងជាមេបក្ស អាចរុញច្រានឱ្យការដកនាយករដ្ឋមន្ត្រីចេញពីតំណែងឬអត់នោះទេ។
ប៉ុន្តែបើតាមការបង្ហើបឱ្យដឹងរបស់សារព័ត៌មានផ្លូវការបក្ស "វាជាការកម្រណាស់ដែលបក្សកុម្មុយនិស្តវៀតណាម បើកប្រជុំយូរដូច្នេះ” និង លើកយកប្រធានបទ មកពិភាក្សា មកសម្រេច ទាំងលំបាក ទាំងសំខាន់ និងទាំងរសើបបំផុត។ ការដកតំណែងនាយករដ្ឋមន្ត្រីមិនមែនជាការងាយ ព្រោះបើតាមប្រភពស្និទ្ធនឹងបក្សកុម្មុយនិស្ត សមាជិកនៃការិយាល័យនយោបាយបក្សមិនអាចព្រមព្រៀងគ្នាលើវិធានការកំណត់វិន័យប្រឆាំងនឹងលោក ង្វៀន តាន់ហ្ស៊ុង ទេ ត្រូវបញ្ជូនទៅគណៈកម្មាធិការកណ្តាល។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តុល្យការរបស់រដ្ឋាភិបាលលោក ង្វៀន តាន់ហ្ស៊ុង មានលក្ខណៈយាប់យឺនយ៉ាងខ្លាំង៖ អត្រាវិនិយោគបរទេសធ្លាក់ចុះអស់៣០%ក្នុងរយៈពេលតែមួយឆ្នាំ - កំណើនសេដ្ឋកិច្ចធ្លាក់មកត្រឹមតែ ៤,៧% - វិស័យធនាគារត្រូវបំពុលដោយប្រាក់បំណុល (ទីភ្នាក់ងារវាយតម្លៃហានិភ័យហិរញ្ញវត្ថុបានទម្លាក់ចំណាត់ធនាគារវៀតណាមមួយកំរិតបន្ថែមទៀត ពីB1 មក B2)។ ក្រៅពីតួលេខទាំងនេះ លោក ង្វៀន តាន់ហ្ស៊ុង បានបង្ហាញចេតនាផ្ទាល់ខ្លួនចង់កសាងឧស្សាហកម្មរដ្ឋតាមគំរូកូរ៉េខាងត្បូង ប៉ុន្តែក្រុមហ៊ុនសាងសង់នាវានិងដឹកជញ្ជូនត្រូវដួលរលំខាតឡុងចុង៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ