អានតួអត្ថបទ
ប៉ាគីស្ថាន

លោក​Nawaz ​Sharif​​ទទួល​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​

ការ​​បោះឆ្នោត​សភា​នៅ​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ក្នុង​ភាព​តានដ៏​តាន​តឹង ដោយសារ​តែ​មាន​ការ​វាយប្រហារ​ពី​សំណាក់​ពួក​ឧទ្ទាម​តាលីបង់​ដែល​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​២៦​នាក់។ ទោះជាយ៉ាងនេះក្តី ក៏​អត្រា​នៃ​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​ចំនួន​យ៉ាង​ច្រើន​រហូត​ដល់​ ៦០​% គឺ​ជា​អត្រា​ដ៏​ខ្ពស់​បំផុត​ចាប់តាំង​ពី​ឆ្នាំ​១៩៧៧​មក។ នៅ​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ដែល​ការ​រើរាប់​សន្លឹក​ឆ្នោត​នៅតែបន្ត​ អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif បាន​ប្រកាស​ថា​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​របស់​លោក​ដណ្តើម​បាន​​ជ័យ​ជំនះ​ដ៏​ធំធេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នេះ។

លោក Nawaz Sharif ក្រោយពីគណបក្សរបស់លោកបានដណ្តើមបានជ័យជំនះ ក្នុងការបោះឆ្នោតសភា១១ឧសភា២០១៣
លោក Nawaz Sharif ក្រោយពីគណបក្សរបស់លោកបានដណ្តើមបានជ័យជំនះ ក្នុងការបោះឆ្នោតសភា១១ឧសភា២០១៣ AFP PHOTO / ARIF ALI
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លទ្ធផល​ជា​បឋម​នៃ​ការ​បោះ​ឆ្នោត​សភា​ប៉ាគីស្ថាន​ កាលពី​ម្សិលមិញ ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​របស់ អតីតនាយក​រដ្ឋមន្ត្រី ​ Nawaz Sharif ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ចំបង​​តាំង​ពី​៥​ឆ្នាំ​មក​ ជាអ្នកទទួលបានជ័យជំនះដោយ ដណ្តើម​បានអសនៈជាង​១១០​ នៅ​ក្នុង​រដ្ឋសភា​ជាតិ ​ដែល​មានសរុប​២៧២​អសនៈ។

គណបក្ស​ចលនា​ដើម្បី​​យុត្តិធម៌​(PTI)របស់ អតីត​តារា​ខាង កីឡា Cricket Imran khan  បាន​ទទួល​ស្គាល់​បរាជ័យ​​ខ្លួន ​​ដោយ ​​​បាន​តែ​៣៤អសនៈ និង​​ស្ថិត​នៅ​លេខ​រៀង​ទី​ពីរ។ ចំណែក​គណបក្សប្រជាជនប៉ាគីស្ថាន(PPP) របស់​លោកប្រធានាធិតី Asif Ali Zardari ដែល​ជា​បក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​តាំងពីឆ្នាំ​២០០៨​​មក ត្រូវ​ទទួល​បរាជ័យ​ដ៏​សែន​ជូចត់។ បរាជ័យ​ដោយសារ​តែ​គណបក្ស​កាន់​អំណាច​នេះ ត្រូវ​បាន​មតិ​សាធារណៈ​ចោទ​ប្រកាន់​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

យ៉ាងណាមិញ ជ័យជំនះដ៏ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​​កាល​ពី​ម្សិលមិញ​របស់​លោក​ Nawaz Sharif  ដែល​គេ​ឲ្យ​ឈ្មោះ​​ក្រៅ​​ថា ​”« សិង្ហ​នៅ​ Pendjab »នឹង​អនុញ្ញាត​​ឲ្យ​លោក ​​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​​ជា​លើក​ទី​៣​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ប៉ាគីស្ថាន។ លោក NAWAZ SHARIF ដែល​មាន​ឥទ្ធិពលរឹងមាំ​ដូច​ដែក​ថែប​ ត្រូវបាន​គេ​ចាត់​ទុក​ថា ជា​អ្នក​គ្រប់គ្រងរដ្ឋ​ ដ៏​ប្រសើរ​មួយ​រូប​និង​មានជំហរ ​បើក​ចំហរ​ក្នុង​កិច្ច​​ចរចា​នានា​ជា​មួយ​ពួក​ឧទ្ទាម​តាលីបង់។​

ធ្លាក់​ពី​អំណាច ​ដោយ​រដ្ឋប្រហារយោធា​នៅក្នុងឆ្នាំ​១៩៩៩ លោក​ Nawaz Sharif,​ក្នុង​អាយុ​៦៣​ឆ្នាំ​ បាន​ផ្តើម​កសាង​ខ្លួន​ឡើងវិញ​ប្រកបដោយចិត្ត​អំណត់​អត់​ធន់ នៅ​ក្នុង​ជួរ​​គណបក្ស​ប្រឆាំង ​មុន​នឹងលោក ​ដណ្តើម​បានឡើងវិញ ​ជ័យជំនះដ៏ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។ ជ័យជំនះ​ដែលលោកបានទទួល​ការគាំទ្រខ្លាំង​ជាអាទិ៍​នៅ​ក្នុង​​តំបន់​កាន់​កាប់​របស់​លោក​នៅ​ Pendjab ​ដែល​ជា​ខេត្ត​មួយ​សម្បូរណ៍​រុង​រឿង​និង​ក៏​មាន​ប្រជាជន​ច្រើន​ជាង​គេបំផុត​នៅ​ក្នុង​ប្រទេស។

ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីប៉ាគីស្ថានពីរលើក ពីឆ្នាំ​១៩៩០ រហូតដល់​១៩៩៣ បន្ទាប់មក​ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩ លោក​ Nawaz Sharif ក៏​ពុំ​មាន​អ្វី​ជា​ពិសេស​​បញ្ជាក់​ពី​រូប​គាត់​ទេ ក៏ប៉ុន្តែ​លោក​អាង​​ទៅ​លើ បទ​ពិសោធន៍​ដ៏ឧត្តុង្គឧត្តម​​របស់​លោក​ដែលធ្លាប់ដឹកនាំ​ប្រទេស​ពី​ពេល​មុន។​

ម្យ៉ាងទៀត លោក Nawaz Sharif ត្រូវបានប្រទេសលោកខាងលិច ចាត់ទុកជា​អ្នក​នយោបាយ​ប្រាកដ​និយម ទោះបីជា​លោក ធ្លាប់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នានា ប្រទូស្តរាយនឹង​សង្គ្រាម​ប្រឆាំង​​ទល់​នឹង​ពួកតាលីបង់​ដែលដឹកមុខដោយ​​អាមេរិក​នៅ​ក្នុង​តំបន់ក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ