ភូមាខំកែមុខមាត់ថ្មី ដើម្បីចេញរួចពីទណ្ឌកម្មសេដ្ឋកិច្ច
ប្រមុខការទូតភូមាបានជួបពិភាក្សាជាមួយមន្រ្តីការទូតអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងទីក្រុងវ៉ាស៊ីនតោន។ ចាប់តាំងពីអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបសឹកភូមា នាឆ្នាំ ១៩៩៨ នេះជាលើកទីមួយ ដែលរដ្ឋមន្រ្តីការបរទេសភូមា ក្នុងអាណត្តិរដ្ឋាភិបាលស៊ីវិលធ្វើដំណើរទស្សនកិច្ចនៅលើទឹកដី អាមេរិក។ក្រៅពីជួបមន្រ្តីអាមេរិកជំនាញកិច្ចការអាស៊ី លោក U Win Myin បានជួបលោកDerek Mitchell បេសកកជនពិសេសរបស់អាមេរិក ដែលទើបត្រលប់មកពីធ្វើទស្សនកិច្ច នៅភូមា កាលពីសប្តាហ៍មុន។
ចាប់តាំងពីអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបសឹកភូដមា នាឆ្នាំ ១៩៩៨ ដំណើរទស្សនកិច្ចរបស់មន្រ្តីរដ្ឋាភិបាលភូមាក្នុងទឹកដីអាមេរិក ចាត់ទុកជារឿងដ៏កម្រ។ តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេស អាមេរិកបានបញ្ជាក់ច្បាស់ៗថា អាមេរិកមិនបានដូរជំហរនយោបាយ ក្នុងរឿងដាក់ទណ្ឌកម្មទៅលើភូមាទេ។ ប៉ុន្តែ អាមេរិកស្វាគមចំពោះចរន្តនយោបាយផ្លាស់ប្តូរ ដែលគេបានសង្កេតឃើញ ចាប់ផ្តើមមាន នៅក្នុងប្រទេសភូមា។ យ៉ាងណាក៏ដោយ អាមេរិកនៅចង់ឃើញការគោរពសិទ្ធិមនុស្ស ការចរចាជាមួយភាគីជម្លោះដែលជាជនជាតិភាគតិច នៅភូមា និងចង់ឲ្យភូមាគោរពគោលការណ៍មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
ចាប់តាំងពី បានផ្លាស់ប្តូរពីរបបសឹកយោធា មកជារដ្ឋាភិបាលស៊ីវិល ភូមាបានធ្វើនយោបាយ ជាច្រើនមែន ដើម្បីតម្រូវទៅតាមការទាមទាររបស់ប្រទេសលោកខាងលិច និងប្រទេស សមាជិកអាស៊ាន ដែលចង់ឲ្យភូមាផ្លាស់ប្តូរ។ បំពេញចិត្តអន្តរជាតិ គឺព្រោះតែភូមាចង់ឲ្យគេដកចេញវិញ ទណ្ឌកម្មសេដ្ឋកិច្ច និងភូមាចង់បានតំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០១៤។
ដើម្បីកសាងមុខមាត់ល្អរបស់ខ្លួននៅលើឆាកអន្តរជាតិ រដ្ឋមន្រ្តីការបរទេសភូមាបានប្រកាសនៅមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី ២៧កញ្ញាថា ភូមានឹងដោះលែងអ្នកទោសក្នុងពេលខាងមុខ។ ប៉ុន្តែ គេមិនបានបញ្ជាក់ថា តើក្នុងចំណោមអ្នកទោសដែលនឹងត្រូវដោះលែងនោះ នឹងមានអ្នកទោសនយោបាយដែរឬទេ។
ភូមាចាប់មានមុខមាត់ឡើងវិញ នៅលើឆាកអន្តរជាតិ បន្ទាប់ពី ទំនាក់ទំនងរវាង រដ្ឋាភិបាល និងមេបក្សប្រឆាំងមានលក្ខណៈ ល្អប្រសើរជាលំដាប់។ ចាប់តាំងពីលោកស្រីអ៊ុងសាន ស៊ូជី ត្រូវរបបសឹកដោះលែង បានចូលជួបមន្រ្តីរដ្ឋាភិបាលយ៉ាងតិច ៤លើក។ ក្រោយជំនួបម្តងៗ លោកស្រីតែងនិយាយប្រកាសថា លោកស្រីមានសុទិដ្ឋិនិយម និងឃើញមានការប្រែប្រួល រីកចម្រើន ក្នុងនយោបាយរបស់រដ្ឋាភិបាល។
រដ្ឋប្រហារអាចកើតមានជាថ្មីនៅភូមា?
សកលលោកមានការប្រែប្រួល និងវិវឌ្ឍទៅមុខ ភូមាក៏បានសម្រេចដើរនយោបាយបោះបង់ចោលឯកសណ្ឋានទាហាន មកជាស៊ីវិលវិញ នៅចុងឆ្នាំ ២០១០។
ប៉ុន្តែ អ្នកតាមដាននយោបាយភូមាមួយចំនួននិយាយថា លោកថេន សេន ប្រធានាធិបតីលើកបន្តុប ដូចជាអាយ៉ងដែលកងទ័ពភូមាប្រើដើម្បីសាកល្បងដើរនយោបាយថ្មីមួយដែលអាចធ្វើឲ្យភូមាឈប់ទទួលទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងជួរកងទ័ពភូមា លោកប្រធានាធិបតីថេនសេន មានអំណាចត្រឹមលេខ ៤។ ប្រមុខដឹកនាំយោធាភូមា ដែលចូលនិវត្តន៍ លែងមានតួនាទីសំខាន់ ក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ប៉ុន្តែ ត្រូវគេមើលឃើញថា នៅតែមានអំណាចកំពូល ក្នុងចំណោមមេដឹកនាំកងទ័ព។
រដ្ឋាភិបាលភូមាស៊ីវិលថ្មី មាននយោបាយទន់ភ្លន់ បើកទ្វារចរចាជាមួយមេដឹកនាំគណបក្សប្រឆាំង ដែលនេះគេមិនធ្លាប់ដែលឃើញមានទេ ក្នុងសម័យរបបសឹក កាន់កាន់ដោយលោកថាន់ស្វេ។ នៅសម័យនោះកុំថា ឡើយរឿងចរចាជាមួយបក្សប្រឆាំង សូម្បីរឿងដោះលែងអ្នកទោសនយោបាយ ក៏ត្រូវលោកថាន់ស្វេ ប្រឆាំងដាច់អហង្កាដែរ។
រដ្ឋាភិបាលថ្មីដឹកនាំដោយលោកថេន សេនបានបើកដៃទទួលស្វាគមន៍មេបក្សប្រឆាំង និងបង្ហាញចេតនាចង់ឲ្យលោកស្រីអ៊ុងសាន ស៊ូជី ចូលរួមក្នុងរដ្ឋាភិបាល ព្រោះតែគេបានមើលឃើញពីផលសក្តានុពលរបស់ មេដឹកនាំបក្សប្រឆាំងភូមា។ លោកស្រីអ៊ុងសាន ស៊ូជីមិនត្រឹមតែមានការគំាទ្រច្រើន ក្នុងចំណោមមហាជនភូមាប៉ុណ្ណោះទេ ប៉ុន្តែ ក៏លោកស្រីក៏ជាអ្នកនាំពាក្យទៅប្រទេសខាងក្រៅ។ បើលោកស្រីនិយាយថា ភូមាបោះជំហានទៅមុខដោយវិជ្ជមាន នោះអន្តរជាតិពិតជាជឿ ហើយប្រាកដណាស់ លោកស្រីស៊ូជី ជាមនុស្សមានទឹកមាត់ប្រៃ ដែលអាចនិយាយបញ្ចុះបញ្ចូលអាមេរិកឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចពីភូមា។
ប៉ុន្តែបើនយោបាយរបស់ថេន សេន ធ្វើឲ្យប៉ះពាល់ និងគ្រោះថ្នាក់ដល់អំណាចរបស់ពួកយោធា នោះ មន្រ្តីរដ្ឋាភិបាលរបស់លោកថេនសេន នឹងមានជោគវាសនាដូចនាយករដ្ឋមន្រ្តីភូមាមុន គឺលោកKhin Nyut។ លោក Khin Nyut បានបរាជ័យក្នុងនយោបាយចរចាជាមួយលោកស្រីអ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០០២ ព្រោះលោកស្រីស៊ូជីដែលបានទទួលការដោះលែង ដោយមានអន្តរាគមពីលោក Khin Nyunt បានធ្វើនយោបាយជាថ្មី ដែលជាការគំរាមដល់អំណាចរបស់របបសឹក។ លោក Khin Nyut ក៏ត្រូវរបបសឹកចាប់ដាក់ឃុំក្នុងគេហដ្ឋានរហូតមក។ លើកនេះ បើរដ្ឋាភិបាលលោកថេនសេន អនុញ្ញាតិឲ្យលោកស្រីអ៊ុងសាន ស៊ូជីលូកលាន់ចូលជ្រៅក្នុងរហូតកែប្រែនយោបាយរបស់កងទ័ព និងព្រមដោះលែងអ្នកទោសនយោបាយដែលជាសត្រូវរបស់កងទ័ព នោះមេក្រុមយោធាភូមារបស់ថាន់ស្វេ នឹងចេញមុខប្រកាសធ្វើរដ្ឋប្រហាររំលំរដ្ឋាភិបាលដូចមុនៗ។ រដ្ឋធម្មនុញ្ញកែប្រែដោយរបបសឹកនៅឆ្នាំ ២០០៨ បានចែងរួចហើយថា យោធាអាចចូលគ្រប់គ្រងអំណាច ដើម្បីរក្សាសណ្តាប់ធ្នាប់ និងការពារសន្តិសុខ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ